មន្ត្រីការទូតចិនក្នុងតំបន់ម្នាក់បានរិះគន់សហរដ្ឋអាមេរិកថាបាន «ធ្វើព្រងើយកន្តើយ» អំពីការរួមចំណែកដ៏សំខាន់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកំពុងបន្តរបស់ប្រទេសចិនជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាន។
លោក Yao Jing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសប៉ាគីស្ថាន បាននិយាយថា ការរៀបចំកំពុងធ្វើឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន សូម្បីតែនៅក្រោមគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់រដ្ឋាភិបាលចិនក៏ដោយ។
លោក Yao Jing បានសរសើរដល់ការបោះឆ្នោតប្រធានាធិបតីដ៏ជោគជ័យកាលពីថ្ងៃសៅរ៍របស់ប្រទេសអាហ្វហ្គានីស្ថាន ដោយបញ្ជាក់ថា ប្រទេសចិនសង្ឃឹមថា ការបោះឆ្នោតនឹងនឹងជួយជំរុញនូវកិច្ចប្រឹងប្រែងកសាងសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលញាំញីដោយសារសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ។
លោក Yao Jing ដែលធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរនោះ បញ្ជាក់ដូច្នេះថា៖ «យើងសង្ឃឹមថា ដោយមានការបោះឆ្នោត និងការចរចាសន្តិភាពកំពុងបន្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រទេសនេះនៅទីបំផុតនឹងទទួលបានសន្តិភាព និងស្ថិរភាព»។
កាលពីដើមខែនេះ នៅក្នុងអំឡុងពេលសវនាការសភាមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន មន្ត្រី និងសមាជិកសភាអាមេរិកាំងបានរិះគន់ខ្លាំងៗលើប្រទេសចិនថាមិនសូវបានផ្ដល់ជំនួយសេដ្ឋកិច្ចដើម្បីជួយដល់កិច្ចប្រឹងប្រែងកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ៕