ប្រធានាធិបតីជិតផុតអាណត្តិលោក Donald Trump បានចាកចេញពីសេតវិមាន ជាមួយនិងភរិយារបស់លោកគឺអ្នកស្រី Melania Trump នៅព្រឹកថ្ងៃពុធនេះ មុនលោក Joe Biden ប្រធានាធិបតីជាប់ឆ្នោត ធ្វើសច្ចាប្រណិធានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។
មុនឡើងឧទ្ធម្ភាគចក្រ Marine One លោកបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ «នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ខ្ញុំ ពេញក្នុងមួយជីវិតខ្ញុំ»។
លោក Trump ធ្វើដំណើរតាមឧទ្ធម្ភាគចក្រ Marine One ដែលនឹងចុះចតនៅមូលដ្ឋានយោធា Joint Base Andrew នៅជាយរដ្ឋ Maryland។ នៅទីនោះ កងយោធាអាមេរិកនឹងជូនដំណើរលោកចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ក្រោមកម្រាលព្រំពណ៌ក្រហម ដែលលោក Trump នឹងដើរកាត់ មុននឹងឡើងយន្តហោះ។
កាំភ្លើងធំចំនួន ៤ គ្រឿងរបស់កងទ័ពអាមេរិក ត្រូវបានរៀបចំរួចជាស្រេចដើម្បីបាញ់ចំនួន ២១ដង សម្រាប់ជាពិធីលាដំណើរលោក Trump។ បន្ទាប់មក លោក Trump ធ្វើដំណើរតាមយន្តហោះឆ្ពោះទៅកាន់រមណីយដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida ជាទីដែលលោកនិងភរិយាស្នាក់នៅ បន្ទាប់ពីចប់អាណត្តិជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក។
ការធ្វើដំណើរចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនរបស់លោក Trump ធ្វើឡើងតែប៉ុន្មានម៉ោងមុនលោក Joe Biden ធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។ នេះគឺជាលើកដំបូងក្នុងរយៈពេល ១៥២ឆ្នាំមកនេះ ដែលប្រធានាធិបតីជិតផុតអាណត្តិ សម្រេចមិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី៕