លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា សន្និសីទកំពូលដែលគេរំពឹងទុកយ៉ាងខ្លាំងជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលលោកប្រធានាធិបតីត្រាំបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍អាចនៅធ្វើឡើងទៅតាមការគ្រោងទុកកាលពីដំបូង។
លោកប្រធានាធិបតី ត្រាំ បាននិយាយមុនពេលចាកចេញពីសេតវិមានដើម្បីថ្លែងសុន្ទរកថាក្នុងពិធីចែកសញ្ញាប័ត្រនៅឯបណ្ឌិតសភានាវាសហរដ្ឋអាមេរិកនៅក្បែររដ្ឋធានីវ៉ាស៊ីនតោនថា «យើងនឹងឃើញអ្វីកើតមានឡើង។ វាអាចជាជំនួបនៅថ្ងៃទី១២»។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ទៀតថា ពួកមន្រ្តីសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងបានធ្វើការចរចាគ្នាដែលមានគោលបំណងធ្វើឲ្យមានឡើងវិញនូវផែនការសម្រាប់សន្និសីទកំពូលនេះ។ លោកត្រាំនិយាយទៀតថា «កូរ៉េខាងជើងចង់ឲ្យមានជំនួបកំពូលនោះយ៉ាងខ្លាំង។ យើងនឹងឃើញមានអ្វីកើតមានឡើង»។
លោក Jim Mattis រដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកបានបញ្ចេញកំណត់ សម្គាល់ទាំងនោះឡើងវិញកាលពីថ្ងៃសុក្រ ដោយបានប្រាប់ពួកអ្នកយកព័ត៌មាននៅឯមន្ទីរបច្ចកោណថា ការពិភាក្សាកំពុងធ្វើឡើងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងព្យុងយ៉ាងដែលអាចធ្វើឲ្យមានសន្និសីទកំពូលនោះឡើងវិញ។
លោក Mattis រដ្ឋមន្រ្តីការពារប្រទេសអាមេរិកថ្លែងទៀតថា «ពួកអ្នកការទូតនៅកំពុងធ្វើការពីសន្និសិទកំពូលនោះនៅឡើយ។ ដូច្នេះ នេះជាព័ត៌មានល្អមួយ»។
នៅពេលសួរថា តើសន្និសីទកំពូលនោះអាចនៅធ្វើថ្ងៃទី១២ ខែមិថុនាដែរឬទេ លោក Mattis គ្រាន់តែនិយាយថា «ពួកអ្នកការទូតកំពុងធ្វើការលើបញ្ហានេះ ក៏ប៉ុន្តែ មិនមានអ្វីផ្លាស់ប្តូរទេ»៕