លោកប្រធានាធិបតីស.រ.អា. Donald Trump បានចេញដំណើរកាលពីថ្ងៃចន្ទទៅកាន់ក្រុងហាណូយប្រទេសវៀតណាមដើម្បីចូលរួមជំនួបកំពូលលើកទីពីររបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un ដោយលោកបានសម្តែងសេចក្តីសង្ឃឹមថាលោកនឹងសម្រេចកិច្ចព្រមព្រៀងមួយអំពីសេចក្តីលម្អិតនៃការសន្យារបស់លោក Kim ថានឹងធ្វើកុំឱ្យប្រទេសលោកមានអាវុធនុយក្លេអ៊ែរ។
លោក Trump បាននិយាយតាម Twitter ថាបើគ្មានការបំបាត់អាវុធនុយក្លេអ៊ែរទេ
ប្រទេសកូរ៉េខាងជើងនឹងនៅតែ «ក្រីក្រដដែល»។ ក៏ប៉ុន្តែលោក Trump បានទស្សន៍ទាយថា «លោកប្រមុខ Kim នឹងធ្វើសេចក្តីសម្រេចប្រកបដោយគតិបណ្ឌិត»។
កាលពីយប់ថ្ងៃអាទិត្យ លោក Trump បាននិយាយប្រាប់ពួកអភិបាលរដ្ឋស.រ.អា.ថា លោកនិងលោក Kim «មានការយល់ឃើញស្របគ្នា ក៏ប៉ុន្តែលោកអ្នកនឹងឃើញការណ៍នេះច្រើនជាងមុនក្នុងពេលពីរបីថ្ងៃខាងមុខនេះ។ ខ្ញុំយល់ថាយើងនឹងមានរយៈពេលពីរថ្ងៃកន្លះដែលមានសារៈសំខាន់ខ្លាំងណាស់ក្នុងប្រទេសវៀតណាម។ ហើយយើងមានឱកាសមួយសម្រាប់ការធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរទាំងស្រុងនៅក្នុងតំបន់មួយក្នុងពិភពលោកដែលប្រកបដោយគ្រោះថ្នាក់ខ្លាំងណាស់។
លោក Trump និងលោក Kim បានជួបគ្នាកាលពីខែមិថុនាមុនក្នុងប្រទេសសិង្ហបុរី ដែលនៅក្រោយជំនួបនោះលោក Trump បានប្រកាសថា «គ្មានការគំរាមកំហែងនុយក្លេអ៊ែរទៀតទេពីប្រទេសកូរ៉េខាងជើង»។
ក៏ប៉ុន្តែនៅពេលដែលលោក Trump ជួបជាមួយលោក Kim នៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម មានភស្តុតាងច្បាស់លាស់តិចតួចដែលថាមានការជឿនលឿនដើម្បីកំណត់លក្ខខណ្ឌពិសេសនៃការសន្យារបស់ប្រទេសកូរ៉េខាងជើងដែលថាធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរ។
នៅល្ងាចថ្ងៃពុធ លោក Trump នឹងមានការសន្ទនាគ្នាមួយទល់នឹងមួយក្នុងរយៈពេលខ្លីជាមួយលោក Kim ហើយបន្ទាប់មកក៏មានការពិសារអាហារពេលយប់ដែលនឹងមានការចូលរួមដោយលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo និងលោក Mick Mulvaney នាយខុទ្ទកាល័យសេតវិមាន។ លោក Kim ក៏នឹងមានការចូលរួមពីសំណាក់សហការីលោកពីរនាក់ដែរ ហើយលោក Trump និងលោក Kim ក៏នឹងមានអ្នកបកប្រែភាសារបស់អស់លោកដែរ។
លោក Trump និងលោក Kim នឹងមានកិច្ចប្រជុំជាផ្លូវការមួយចំនួននៅថ្ងៃព្រហស្បតិ៍៕