លោក Trump កំពុង​នាំ​មុខ​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​បក្ស​សាធារណៈ​រដ្ឋ

បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណៈ​រដ្ឋ​របស់​អាមេរិក​ លោក Donald Trump ថ្លែង​នៅ​លើ​វេទិកា​សម្រាប់​កិច្ច​ប្រជុំ​ការ​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​តំបន់​ទីប្រជុំជន​ នៅ​ក្នុង​តំបន់​ទីប្រជុំជន Derry រដ្ឋ New Hampshire កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥។

ការ​ស្ទង់​មតិ​នយោបាយ​របស់​ស.រ.អា.​មួយ​បាន​បង្ហាញ​ថា​ មហាសេដ្ឋី​ផ្នែក​អចលនទ្រព្យ​ដ៏​មាន​ឥទ្ធិពល ​Donald Trump ​កំពុង​នាំ​មុខ​យ៉ាងខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុម​បេក្ខជន​សម្រាប់​ជ្រើស​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ឆ្នាំ​២០១៦។

ការ​ស្ទង់​មតិ​របស់​សកលវិទ្យាល័យ​ Quinnipiac ​កាលពី​ថ្ងៃព្រហស្បតិ៍​បង្ហាញ​ថា អ្នក​នយោបាយ​ជើង​ថ្មី​ដែល​មាន​ទំនុកចិត្ត​នេះ​មាន​ការ​គាំទ្រ​រហូត​ដល់​ទៅ​២៨ភាគរយ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​សាធារណៈ​រដ្ឋ។​ លោក​បាន យក​ប្រៀប​យ៉ាង​ងាយ​លើ​គូ​ប្រជែង​ដែល​មាន​ការ​គាំទ្រ​ប្រហាក់​ប្រហែល​នឹង​លោក​ក្នុងចំណោម​បេក្ខជន​ចំនួន​១៧​រូប​ មាន​ទាំង​វេជ្ជបណ្ឌិត​ផ្នែក​ខួរ​ក្បាល​ Ben Carson ​អ្នក​នយោបាយ​ជើង​ថ្មី​ម្នាក់​ទៀត​ដែល​ទទួល​បាន​ការ​គាំទ្រ​ដល់​ទៅ​១២ភាគរយ​ទូទាំង​ប្រទេស។

ក្នុង​ចំណោម​ការ​ស្ទង់​មតិ​នៃ​គណបក្ស​សាធារណៈ​រដ្ឋ​ចំនួន​៦៦៦លើក​ មាន​ចំនួន​ ៧ភាគរយ ​ដែល​បាន​គាំទ្រ​អតីត​អភិបាល​រដ្ឋ ​Florida គឺ ​លោក ​Jeb Bush​ ដែល ជា​កូន​ប្រុស​ និង​បង​ប្អូន​អតីត​ប្រធានាធិបតី​ស.រ.អា.​ទាំង​ពីរ​ ព្រឹទ្ធ​សមាជិក​មក​ពី​រដ្ឋ​តិចសាស់ Ted Cruz ​និង​ព្រឹទ្ធ​សមាជិក​មក​ពី​រដ្ឋ​ Florida ​លោក ​Marco ​Rubio៕