កាលពីថ្ងៃសុក្រ ក្រុមមេធាវីរបស់លោក Donald Trump បានបើកការការពារក្តីឲ្យលោក Trump ដោយបានបដិសេធថា លោក Trump មិនបានដើរតួនាទីអ្វីទាំងអស់ក្នុងការញុះញង់ឲ្យមានកុបកម្មហិង្សា នៅវិមានសភាសហរដ្ឋអាមេរិក ហើយថាការចោទប្រកាន់ប្រឆាំងលោក Trump ដោយក្រុមរដ្ឋអាជ្ញា ត្រូវបានធ្វើឡើងដោយសារតែ «ភាពស្អប់ខ្ពើម» បែបនយោបាយ និងជាផ្នែកមួយនៃ«យុទ្ធនាការធ្វើទុក្ខបុកម្នេញ» របស់ក្រុមគណបក្សប្រជាធិបតេយ្យ។
ក្រុមមេធាវីរបស់លោកអតីតប្រធានាធិបតី Trump បានថ្លែងទៅកាន់សមាជិកព្រឹទ្ធសភាថា លោក Trump មានសិទ្ធិក្នុងការជំទាស់លទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ ដែលរួមមានទាំងការថ្លែងសុន្ទរកថារបស់លោក មុនពេលការវាយប្រហារលើវិមានសភាអាមេរិកបានកើតឡើងនោះ មិនមែនជាការញុះញង់ឲ្យមានអំពើហិង្សាដែលបានកើតឡើងនោះទេ។
ក្រុមមេធាវីបានព្យាយាមយកឈ្នះលើយុទ្ធសាស្ត្រការពារសំណុំរឿងរបស់ក្រុមរដ្ឋអាជ្ញា ដោយបានប្រដូចការចោទសួរអំពីភាពស្របច្បាប់ដោយក្រុមប្រជាធិបតេយ្យអំពីជ័យជម្នះរបស់លោក Trump ក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ទៅនឹងការជំទាស់របស់លោក Trump នឹងការចាញ់ឆ្នោតរបស់លោកសម្រាប់ការបោះឆ្នោតឆ្នាំ ២០២០។
ពួកគេបាននិយាយថា នៅពេលលោក Trump ទទូចឲ្យក្រុមអ្នកគាំទ្រ «តស៊ូយ៉ាងខ្លាំងក្លា» នៅក្នុងការប្រមូលផ្តុំកាលពីថ្ងៃទី ៦ ខែមករានោះ វាមិនខុសគ្នាពីវោហាសាស្ត្ររបស់ក្រុមប្រជាធិបតេយ្យខ្លួនឯងផ្ទាល់ ដែលអាចបង្កឲ្យមានអំពើហិង្សានោះទេ។
លោក Michael van der Veen មេធាវីម្នាក់របស់លោក Trump បានថ្លែងថា៖ «នេះគឺជាវោហាសាស្ត្រនយោបាយទូទៅ ដែលមិនមានលក្ខណៈខុសគ្នាពីភាសាដែលត្រូវបានប្រើប្រាស់ដោយក្រុមអ្នកនយោបាយមកពីគ្រប់មជ្ឈដ្ឋានក្នុងរយៈពេលរាប់រយឆ្នាំមកហើយនោះទេ»។
លោកបានបន្ថែមថា៖ «អ្នកនយោបាយច្រើនរាប់មិនអស់ បាននិយាយពីការតស៊ូដើម្បីគោលការណ៍របស់យើង»។
បន្ទាប់ពីក្រុមរដ្ឋអាជ្ញាបានលើកឡើងពីសំណុំរឿងប្តឹងលោក Trump ដោយផ្តោតលើរូបភាពហិង្សា និងក្តុកក្តួលក្នុងចិត្ត ដែលបានកើតមានឡើងក្នុងហេតុការណ៍លុកលុយវិមានសភា ក្រុមមេធាវីរបស់លោក Trump បាននិយាយថា រាល់អំពើហិង្សា [នៅវិមានសភា] គឺជារឿងគួរឲ្យរន្ធត់ មិនអាចទទួលយកបាន និងខុសច្បាប់ ដូចការលើកឡើងរបស់គណបក្សប្រជាធិបតេយ្យពិតមែន ប៉ុន្តែលោក Trump មិនបានបញ្ជាឲ្យលុកលុយវិមានសភានោះទេ។
លោក Van der Veen បាននិយាយថា ការលុកលុយវិមានសភាត្រូវបានធ្វើឡើងដោយមនុស្សមួយក្រុមដែលបាន«ឆ្លៀតឱកាស» ពីការប្រមូលផ្តុំដោយសន្តិវិធី ដើម្បីបម្រើគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ ហើយថា អ្នកទាំងនោះបានរៀបគម្រោងប្រព្រឹត្តអំពើហិង្សា តាំងពីមុនពេលលោក Trump បានថ្លែងសុន្ទរកថាទៅទៀត។
លោកបានថ្លែងថា៖ «អ្នកមិនអាចញុះញង់ឲ្យកើតមានរឿងរ៉ាវដែលនឹងត្រូវកើតឡើងនោះទេ»។
ក្រុមសាធារណរដ្ឋបានទទួលស្គាល់ពីស្ថានភាពដ៏រន្ធត់ដែលបានកើតឡើងនៅវិមានសភា កាលពីខែមករា។ ហើយពួកគេរំពឹងថា ការទទួលស្គាល់នេះអាចបន្ថយផលប៉ះពាល់លើលោក Trump ឬបន្ថយជ័យជំនះរបស់ក្រុមប្រជាធិបតេយ្យ។
ក្រុមការពារក្តីលោក Trump ចង់លើកបង្ហាញពីបញ្ហាធំជាងនេះទៀតថាតើលោក Trump អាចត្រូវផ្តន្ទាទោសឲ្យទទួលខុសត្រូវពីបទការញុះញុងឲ្យមានកុបកម្មហិង្សាកាលពីថ្ងៃទី ៦ ខែមករា បានដែរឬយ៉ាងណា៕