មេធាវី​របស់​លោក Trump ប្ដេជ្ញា​ការពារ​យ៉ាង​ខ្លាំងក្លា​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាក់ទិន​នឹង​លុយ​បិទ​មាត់

អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​វាយ​កូនហ្គោល​នៅ​ក្រុង West Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២៣។

មេធាវី​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្ដេជ្ញា​ការពារ​ក្ដី​យ៉ាង​ខ្លាំងក្លា តទប់​នឹង​ការ​ចោទប្រកាន់​ថា​លោក​បាន​បង់​ប្រាក់ ១៣០.០០០ដុល្លារ ជា​លុយ​បិទ​មាត់​តារា​អាសអាភាស​ម្នាក់ ដើម្បី​ទទួល​បាន​ឱកាស​កាន់តែ​ខ្ពស់​ក្នុង​ការឈ្នះ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦ កុំ​ឱ្យ​តារា​ស្ត្រី​រូប​នោះ​និយាយ​អំពី​ការ​អះអាង​របស់​នាង​ថា​នាង​ធ្លាប់​លួច​មាន​ទំនាក់ទំនង​ផ្លូវ​ភេទជាមួយ​លោក Trump កាល​ពី​មួយ​ទសវត្សរ៍​មុន។

មេធាវី​ការពារ​ក្តី​គឺ​លោក Joe Tacopina បាន​ថ្លែង​ក្នុង​កម្មវិធី “State of the Union” របស់​ទូរទស្សន៍ CNN ​នៅ​ថ្ងៃ​អាទិត្យ​ថា ​លុយ​ដែល​ត្រូវ​បាន​បង់​ទៅ​ឱ្យ​តារា​ស្ត្រី​ថត​កុន​អាសអាភាស​ឈ្មោះ Stormy Daniels នោះ​ ជា​«ការ​ចំណាយ​ផ្ទាល់​ខ្លួន មិន​មែន​ជា​ការ​ចំណាយ​លើ​យុទ្ធនាការ​បោះឆ្នោត​ទេ‍»។ លោក Trump បាន​ប្រកែក​ជា​យូរយារ​ណាស់​មក​ហើយ​ចំពោះការ​ចោទប្រកាន់​របស់​តារា​អាសអាភាស​ថា​ពួកគេ​ធ្លាប់​លួច​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​គ្នា តែ​ក៏​បាន​ទទួល​ស្គាល់​ថា​លោក​ពិត​ជា​បាន​ផ្តល់​លុយ​ដល់​នាង​មែន នៅ​មុន​ពេល​លោក​ផ្ដួល​គូរ​ប្រកួត​របស់​លោក​គឺ​អ្នក​ស្រី Hillary Clinton បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៦។

លោក Tacopina បាន​វាយ​លុក​លើ​រដ្ឋអាជ្ញា​អម​តុលាការ​ក្រុង New York លោក Alvin Bragg ចំពោះ​ការ​ឱ្យ​មហាគណ:វិនិច្ឆ័យ​ចោទប្រកាន់​លោក Trump កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ពាក់ព័ន្ធ​នឹង​លុយ​បិទ​មាត់​នោះ។ លោក Tacopina និយាយ​ថា​បើ​លោក Trump «‍មិន​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៤​ទេ ម្ល៉េះ​លោកTrump មិន​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការបែប​នេះ​ទេ»។

លោក Tacopina និយាយ​ថា៖ «‍យើង​នឹង​ការពារ​លោកTrump ដោយ​និយាយ​យ៉ាង​ឮ​និង​ខ្លាំងៗ​ថា​លោក​គ្មាន​ទោស​ទេ» នៅ​ពេល​ដែល​អតីត​ប្រធានាធិបតី​រូប​នេះ នឹង​ត្រូវ​នាំ​ខ្លួនមក​ឆ្លើយ​ក្នុង​សំណុំ​រឿង​នៅ​មុន​តុលាការ​សាលា​ដំបូង​រដ្ឋ New York​ នៅ​ថ្ងៃ​អង្គារ។​

មេធាវី​ការពារ​ក្តី​រូប​នេះ​ក៏​បាន​រិះគន់​សាក្សី​សំខាន់​នៅ​ក្នុង​សំណុំ​រឿង​នេះ​គឺ​លោក Michael Cohen ដែល​ធ្លាប់ជា​មេធាវី​ផ្ទាល់​ខ្លួន​និង​ជា​ការ​សម្របសម្រួលនយោបាយ​របស់​លោក Trump ផង​ដែរ។ លោក Tacopina បាន​ហៅ​លោក Cohen ដែល​បាន​បង់​លុយ​បិទមាត់​ទៅ​ឲ្យ​តារា​សម្ដែង​អាសអាភាស​រូបនោះ និង​ទទួល​បាន​ការ​ទូទាត់​ប្រាក់​ពី​លោក Trump​ វិញ​នោះ ថា​ជា ​«ទណ្ឌិត​កុហក​មិន​សម​ហេតុផល ដែលនិយាយ​ម្តង​អញ្ចេះ​ម្តង​អញ្ចោះ​ជា​រៀង​រហូត​មក‍»។ លោក Cohen ត្រូវ​បាន​កាត់​ទោស​ពី​បទ​ល្មើស​ជាច្រើន​ពាក់ព័ន្ធ​នឹង​លុយ​ដែល​បង់​ឲ្យ​នាង Daniels និង​បាន​ជាប់​ពន្ធនាគារ​ជាង​១​ឆ្នាំ។

Your browser doesn’t support HTML5

អ្នក​ជំនាញ៖ ការ​ចោទ​ប្រកាន់​លោក Trump ត្រូវ​អន្តរជាតិ​យល់​ថា​ជា​ការ​សាកល្បង​នៃ​លទ្ធិ​ប្រជាធិបតេយ្យ

លោក Lanny Davis ដែល​ជា​មេធាវី​របស់​លោក Cohen ក៏​បាន​ថ្លែង​ក្នុង​កម្មវិធី​ទូរទស្សន៍ ​CNN​ កាល​ពី​ថ្ងៃ​អាទិត្យ​ដែរ​ថា ពេល​ទទួល​ស្គាល់​កំហុស​ក្នុង​សំណុំ​រឿង​នេះ លោក Cohen «‍​បាន​និយាយ​កុហក​ជំនួស​លោក Donald Trump អស់​១០​ឆ្នាំ» ហើយ​ឥឡូវបាន​ផ្ដល់​ឯកសារ​មួយ​ឈុត​ធំ​ដល់ក្រុម​រដ្ឋអាជ្ញា ដែល​បង្ហាញ​ពី​របៀប​បង់​លុយ​បិទ​មាត់​តារា​សម្ដែង​អាសអាភាស​នោះ​កុំ​ឱ្យ​និយាយ ដោយ​មាន​ការ​យល់ព្រម​ពី​លោក Trump និង​ការ​ទូទាត់​ប្រាក់​សង​លោក Cohen​ វិញ។

ប្រាប់​ដែល​បាន​ទូទាត់​សង​លោក Cohen បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​របស់​លោក Trump ថា​ជា​សោហ៊ុយ​ថ្លៃ​ជំនួយ​ផ្នែក​ច្បាប់។ តែ​សេចក្ដី​រាយការណ៍​ព័ត៌មាន​នៅ​សហរដ្ឋ​អាមេរិកអំពី​ការ​ស៊ើបអង្កេត បាន​ឲ្យ​ដឹង​ថា​ប្រាក់​នោះ​គឺ​ដើម្បី​កុំ​ឱ្យ​ការ​ចោទប្រកាន់​របស់​នាង Daniels អំពី​ទំនាក់ទំនង​លួច​លាក់​នោះ​ធ្លាក់​ដល់​បណ្ដាញ​សារព័ត៌មាន តែ​ប៉ុន្មាន​សប្ដាហ៍​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៦។ កាសែត The Wall Street Journal បាន​ផ្សាយ​ព័ត៌មាន​អំពី​លុយ​បិទ​មាត់​នោះ​មុន​គេ​នៅ​ដើម​ឆ្នាំ​២០១៨។​

ក្នុង​បទ​ចោទប្រកាន់​លោក Cohen រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​លុយ​ដែល​ផ្តល់​ឱ្យ​នាង Daniels ធ្វើ​ឡើង​តាម​បញ្ជា​របស់«‍បុគ្គល​១» ដែល​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​ជា​លោក Trump។​

លោក Trump គឺ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ ដែល​កាន់​ដំណែង​ឬ​ក្រោយ​ចាកចេញ​ពី​តំណែង ដែល​ត្រូវ​បាន​ចោទប្រកាន់ពី​បទ​ព្រហ្មទណ្ឌ​ដោយ​តុលាការ។ មន្ត្រី​ដែល​ដឹង​រឿង​នេះ​និយាយ​ថា​មហា​គណ:វិនិច្ឆ័យ​កំពុង​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ជាង​៣០​ករណី តែ​បទ​ចោទ​ទាំង​នោះ មិន​ទាន់​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណ:​នៅ​ឡើយ​ទេ។ បទ​ចោទ​ទាំង​នេះ​នឹង​ត្រូវ​បង្ហាញ​ពេល​លោកTrump បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ។

លោក Trump ដែល​រស់នៅ​ភាគច្រើន​នៅ​វិមាន Mar-a-Lago ដែល​ជាភូមិគ្រឹះ​ជាប់​មាត់​សមុទ្រ​របស់​លោក​នៅ​រដ្ឋ Florida គ្រោង​នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ទីក្រុង New York​ នៅ​ថ្ងៃ​ចន្ទ ហើយ​បន្ទាប់​មក ពេល​ដែលលោក​ចូល​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​អង្គារ ទំនង​ជា​នឹង​ត្រូវ​ផ្ដិត​មេដៃ​និង​ថត​រូប​មុន​ពេល​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅ​ចំពោះ​មុខ​ចៅក្រម​លោក Juan Merchan។

ការិយាល័យរបស់​លោក Trump បាន​ឱ្យ​ដឹង​ថា លោក Trump ​ត្រូវ​គេ​រំពឹង​ថា​នឹង​ថ្លែង​សុន្ទរកថា​នៅ​វិមាន Mar-a-Lago​ នៅ​យប់​ថ្ងៃ​អង្គារ។ កង​អង្គរក្ស​របស់​លោក Trump មន្ត្រី​តុលាការ​និង​ប៉ូលិស​ក្រុង New York បាន​ជួប​ប្រជុំ​គ្នា​តាំង​ពី​ពេល​ប្រកាស​បទ​ចោទ​ប្រកាន់​ផ្លូវការ​លើ​លោក Trump ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​ការ​បង្ហាញ​ខ្លួន​របស់​លោក Trump នៅ​តុលាការ ថា​តើ​លោក​នឹង​ដើរ​កាត់​ច្រក​ផ្លូវ​ណា ផ្លូវ​ក្បែរ​ខាង​ណា​ខ្លះ​ដែល​ត្រូវ​បិទ​ចរាចរ និង​ចំណត​រថយន្ដ​ណា​ដែល​ត្រូវ​ហាមឃាត់​ជាដើម៕

ប្រែ​សម្រួល​ដោយ​លោក សាយ មុន្នី