លោក Michael Cohen អតីតមេធាវីផ្ទាល់ខ្លួនយូរយាមកហើយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump វិលត្រឡប់ទៅផ្តល់សក្ខីកម្មនៅថ្ងៃពុធនេះទៀត នៅចំពោះមុខគណៈកម្មាធិការស៊ើបការសម្ងាត់នៃសភាតំណាងរាស្ត្រអាមេរិកាំងដែលជាគណៈកម្មាធិការមួយ ក្នុងបណ្តាគណៈកម្មាធិការមួយចំនួននៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងដឹកនាំដោយពួកប្រជាធិបតេយ្យ ដែលនៅក្នុងសប្តាហ៍នេះបានបើកធ្វើការស៊ើបអង្កេតថ្មីៗអំពីរដ្ឋបាលលោក Trump។
កាលពីសប្តាហ៍មុនលោក Cohen បានចេញបង្ហាញខ្លួនបីដងនៅក្នុងវិមានសភាអាមេរិក Capitol Hill ដោយលោកបាននិយាយនៅក្នុងគណៈកម្មាធិការផ្នែកស៊ើបការសម្ងាត់នៃសភាតំណាងរាស្ត្រអាមេរិកាំង និងព្រឹទ្ធសភានៅក្នុងការប្រជុំបិទទ្វារហើយលោកក៏បានផ្តល់សក្ខីកម្មជាសាធារណៈនៅចំពោះមុខគណៈកម្មាធិការត្រួតពិនិត្យកិច្ចការរដ្ឋាភិបាល ដោយលោកបានថ្លែងថាលោក Trump ជា «អ្នកឆបោក» ដែលបានបញ្ជាឱ្យលោកលាក់បាំងការទាក់ទងខាងស្នេហាជាមួយស្ត្រីពីរនាក់ និងដែលបាននិយាយកុហកអំពីកិច្ចខិតខំប្រឹងប្រែងខាងជំនួញរបស់លោកនៅក្នុងប្រទេសរុស្សី។
ប្រធាននៃគណៈកម្មាធិការខាងការស៊ើបអង្កេត ខាងកិច្ចការបរទេស និងខាងត្រួតពិនិត្យកិច្ចការរបស់រដ្ឋាភិបាលបានធ្វើសំណើសុំរួមគ្នាមួយដល់សេតវិមានកាលពីថ្ងៃអង្គារដើម្បីសុំឯកសារទាក់ទិននឹងការនិយាយទាក់ទងរបស់លោក Trump ជាមួយប្រធានាធិបតីរុស្សី Vladimir Putin ដោយសម្តែងកង្វល់អំពីការចោទប្រកាន់ដែលថាលោក Trump បានធ្វើការដើម្បីលាក់បាំងសេចក្តីល្អិតល្អន់នៃការទាក់ទងគ្នាទាំងនោះ។
គណៈកម្មាធិការតុលាការនៃសភាតំណាងរាស្ត្រអាមេរិកាំងបានស្នើសុំឯកសារពីបុគ្គល ៨១នាក់ជាផ្នែកមួយនៃអ្វីដែលលោក Jerrold Nadler ប្រធាននៃគណៈកម្មាធិការនេះហៅថា «ការស៊ើបអង្កេតមួយអំពីការចោទប្រកាន់ពីបទពុករលួយការរារាំងនិងការរំលោភអំណាចដោយប្រធានាធិបតី Trump សហការី និងសមាជិកនៃរដ្ឋបាលលោក»។
លោក Trump បានរិះគន់ខ្លាំងដល់ការស៊ើបអង្កេតនេះថាជា «ការស្វែងរកឧក្រិដ្ឋកម្មធំមួយ»៕