លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានដឹងនៅដើមឆ្នាំ២០២០ អំពីគ្រោះថ្នាក់ដ៏មហន្តរាយដែលវីរុសកូរ៉ូណាអាចបង្កឲ្យមាននៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែលោកមានចេតនាបំភ័ន្តសាធារណជនអាមេរិកាំងអំពីភាពធ្ងន់ធ្ងរនៃជំងឺនេះដើម្បីកុំឲ្យប្រជាជនស្លន់ស្លោរ នេះបើយោងតាមសៀវភៅថ្មីមួយរបស់អ្នកសារព័ត៌មានលោក Bob Woodward ។
នៅពេលដែលមេរោគនេះបានចាប់ផ្ដើមរីករាលដាលពីប្រទេសចិនទៅកាន់ពិភពលោក ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីលោក Robert O'Brien បានប្រាប់លោកTrump នៅថ្ងៃទី ២៨ ខែមករានៅក្នុងកិច្ចប្រជុំមួយនៅក្នុងសេតវិមានថា៖ «[វីរុសកូរ៉ូណា] នេះនឹងក្លាយជាការគំរាមកំហែងដល់សន្តិសុខជាតិធំបំផុតដែលលោកនឹងជួបប្រទះក្នុងពេលកាន់ដំណែងជាប្រធានាធីបតី»។ នេះបើយោងតាមសៀវភៅដែលមានចំណងជើងថា “Rage” ឬ «កំហឹង» ។
លោក Trump បាននិយាយទូរស័ព្ទនៅថ្ងៃទី ៧ខែកុម្ភៈថា «វាអាចឆ្លងបាននៅពេលដែលអ្នកគ្រាន់តែដកដង្ហើមប៉ុណ្ណោះ ដូច្នេះហើយវាងាយឆ្លងមែន។ ហើយវាក៏មានគ្រោះថ្នាក់ជាងជំងឺផ្ដាសាយធំធម្មតាខ្លាំងណាស់»។
ជាសារធារណៈលោកTrump បានប្រាប់ពលរដ្ឋអាមេរិកាំងថា វីរុសនេះនឹងបាត់ទៅវិញក្នុងពេលឆាប់ៗ ហើយគ្រោះថ្នាក់នៃវីរុសនេះមិនខុសគ្នាពីផ្ដាសាយធំធម្មតាទេ។ លោកទទូចថា រដ្ឋាភិបាលអាមេរិកបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ។
នៅពេលដែលសៀវភៅដែលមានចំណងជើងថា «កំហឹង» ត្រូវបានចែកចាយកាលពីថ្ងៃពុធ អ្នកនាំពាក្យសេតវិមានអ្នកស្រី Kayleigh McEnany បានព្យាយាមកាត់បន្ថយផលប៉ះពាល់នយោបាយ[លើលោក Trump]។
អ្នកស្រីបាននិយាយថា លោកមិនចង់ឲ្យប្រទេសមានចលាចល។នេះជាអ្វីដែលមេដឹកនាំគ្រប់រូបធ្វើ។
អ្នកនាំពាក្យរូបនេះបន្តថា៖ «ប្រធានាធិបតីរូបនេះ បានធ្វើការងារដែលមិនធ្លាប់មានពីមុនមក ដើម្បីដោះស្រាយបញ្ហាកូវីដ១៩។ លោកតែងតែគិតគូរជានិច្ចអំពីជីវិតមនុស្សដែលអាចនឹងបាត់បង់។ លោកបានទទួលស្គាល់ថាវាមានសភាពធ្ងន់ធ្ងរតាំងពីខែមីនាមកម្លេះ ថាជីវិតមនុស្សចន្លោះពី ១សែន ទៅ២សែននាក់អាចនឹងបាត់បង់»៕