ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​កំណើន​ការ​ទុក​ចិត្ត​អំពី​វ៉ាក់សាំង​កូវីដ១៩​ តែ​មាន​ការ​បារម្ភ​ច្រើន​ជាង​មុន​អំពី​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​នេះ​


រូបឯកសារ៖ ដបថ្នាំដែលសរសេរថា «វ៉ាក់សាំងកូវីដ១៩» នៅ​ក្នុងរូបថតមួយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ដបថ្នាំដែលសរសេរថា «វ៉ាក់សាំងកូវីដ១៩» នៅ​ក្នុងរូបថតមួយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

ពួក​អ្នក​ស្រាវជ្រាវ​នៅ​ទូទាំង​ពិភព​លោក​ប្រញាប់​ប្រញាល់​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ ហើយ​អង្គការ​សុខភាព​ពិភព​លោក​បាន​តាម​ដានការ​ធ្វើ​វ៉ាក់សាំង​ចំនួន​១៧០​ប្រភេទ។​

ពួក​អ្នក​វិទ្យាសាស្ត្រ​សម្តែង​ការ​ទុកចិត្ត​ថា​ វ៉ាក់សាំង​មាន​ប្រសិទ្ធ​ភាព​នឹង​ត្រូវ​អភិវឌ្ឍ​លឿន​ជាង​រំពឹង​ទុក​នៅ​ពេល​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន​លេច​ឡើង​ជា​លើក​ដំបូង។​ ក៏​ប៉ុន្តែ​សេចក្តី​សង្ឃឹម​នេះ​ក៏​មាន​លាយ​ឡំ​នឹង​កំណើន​កង្វល់​ដែល​ថា​ រដ្ឋាភិបាល​មិន​បាន​ចំណាយ​គ្រប់គ្រាន់​ដើម្បី​បញ្ចៀស​កុំឱ្យ​ខ្វះ​ដូស​ឬ​ខ្នាតកម្រិត​ថ្នាំ​វ៉ាក់សាំង​នេះ​ទេ។ ​ហើយ​រដ្ឋាភិបាល​ក៏​មិន​បាន​គ្រោង​ឱ្យ​បាន​គ្រប់គ្រាន់​អំពី​ឧបសគ្គ​ខាង​ភស្តុភារ​ដែរ។​

ពួក​អ្នក​វិភាគ​ស្ទង់​ប្រមាណ​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ ​រដ្ឋាភិបាល​បាន​វិនិយោគ​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​គ្រាប់​គ្រាន់​សម្រាប់​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​នៃ​ប្រជាជនក្នុង​ពិភពលោក​ជិត​៨​ពាន់​លាន​នាក់។​ ពួក​ប្រទេស​នានា​កំពុង​ប្រញាប់​ប្រញាល់​ចុះ​ហត្ថលេខា​ជា​មួយ​ក្រុមហ៊ុន​ឱសថ​លើ​កិច្ច​ព្រមព្រៀង​ផ្គត់ផ្គង់​វ៉ាក់សាំង​ដោយ​រង់ចាំ​វ៉ាក់សាំង​ដែល​នឹង​ធ្វើការ​ពិសោធន៍​ខាង​គ្លីនិក​ដោយ​ជោគជ័យ។​

ប្រទេស​ជាង​១៧០​កំពុង​ចូល​រួម​ក្នុង​ការ​ចរចា​ដែល​មើលការ​ខុស​ត្រូវ​ដោយ​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ​និង​មាន​ការ​ទាក់ទិន​ជា​មួយ​អង្គការ​សម្ព័ន្ធភាព​វ៉ាក់សាំង (The Vaccine Alliance) ​ដែល​ជាក្រុម​មួយ​បង្កើត​ដោយ​លោក ​Bill​ និង​លោកស្រី ​Melinda Gates ​មាន​គោល​ដៅ​ជួយ​ផលិត​និង​ចែកចាយ​វ៉ាក់សាំង​ដោយ​សមធម៌។​

ស.រ.អា.​បាន​ប្រកែក​មិន​ចូល​រូម​ក្នុង​ការ​ផ្តើម​គំនិត​នេះ​ទេ ​មួយ​ផ្នែក​ពីព្រោះ​គម្រោង​ការ​នេះ​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក ​ដែល​រដ្ឋបាល ​Donald Trump ​(ដូណាល់ ត្រាំ)​ចោទ​ប្រកាន់​ថា​ បាន​ចាត់​ការ​មិន​ល្អ​ក្នុង​ការ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩​នៅ​ពេល​ដំបូង។​

ការ​ស្វះស្វែង​បង្កើត​វ៉ាក់សាំង​ដោយ​ខ្លួន​ឯង​ ​ក៏​ប៉ុន្តែ​ស.រ.អា.​មិន​មែន​ជា​ប្រទេស​តែ​មួយ​ដែល​រារែក​ក្នុង​ការ​គាំទ្រ​ការ​ផ្តើម​គំនិត​សាកល​នេះ​ទេ។​ ប្រទេស​ឯ​ទៀតៗ​ដែល​មិន​ទុក​ចិត្ត​គ្នា​ខ្លាំង​ឡើងៗ​ ប្រញាប់​ប្រញាល់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​ប្រជា​ជនរ​របស់​ពួក​គេ​ផ្ទាល់​មិន​ខកខាន​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ទេ​ ​ ទោះ​ណា​ជា​ពួក​គេ​សម្តែង​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ផ្លូវការ​ក្នុង​ការ​ចរចា​អំពី​ការ​ចែកចាយ​វ៉ាក់សាំង​នេះ​ដោយ​សមធ៌ម​ក៏​ដោយ។​

រដ្ឋាភិបាល​អង់គ្លេស​កំពុង​មមារញឹក​ទិញ​វ៉ាក់សាំង​យ៉ាង​ច្រើន​ដែល​ខ្លួន​អាច​ទិញ​បាន​នៅ​ពេល​វ៉ាក់សាំង​ទាំង​នេះ​កំពុង​ត្រូវ​អភិវឌ្ឍ។​

កាលពី​ខែ​មុន​ រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​ថា​ ខ្លួន​បាន​ធ្វើកិច្ច​សន្យា​ទិញ​៩០​លាន​ដូស​នៃ​វ៉ាក់សាំង​កូវីដ១៩​ពី​ក្រុមហ៊ុន​បរទេស​នៅ​ពេល​ខ្លួន​ជ្រើសរើស​វ៉ាក់សាំង​ណាមួយ​ដែល​អាច​មាន​ប្រសិទ្ធភាព​ ប្រសិន​បើ​វ៉ាក់សាំង​អង់គ្លេស​គ្មាន​ជោគជ័យ។ ​

លោក ​Alok Sharma ​រដ្ឋមន្ត្រី​ធុរកិច្ច​នៃ​ចក្រភាព​អង់គ្លេស​បាន​និយាយ​ថា​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​«អ្វី​ទាំង​អស់​យើង​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​សាធារណជន​អង់គ្លេស​អាច​ទទួល​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​ដែល​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ក្នុង​ពេល​ឆាប់​តាម​អាច​ធ្វើ​បាន»។​

ដូច​ពួក​សមភាគី​លោក​នៅ​ក្នុង​ប្រទេស​ឯទៀតៗ​ដែរ​លោក ​Sharma ​បារម្ភ​ថា​ ​ចក្រភព​អង់គ្លេស​នឹង​ចាញ់​គេ​ បើ​មិន​ប្រញាប់​ប្រញាល់​ទិញ​វ៉ាក់សាំង​នេះ​ឱ្យ​បាន​មុន​គេ​ទេ​នោះ។

ជា​សរុប​ ចក្រភព​អង់គ្លេស​រហូត​ដល់​ពេល​នេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​៦​សម្រាប់​ទិញ​វ៉ាក់សាំង​នេះ​សរុប​ចំនួន​៣៤០​លាន​ដូស។ ​ មន្ត្រី​អង់គ្លេស​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖​ «នឹង​មាន​ការ​ប្រញាប់​ប្រញាល់​នៅ​ទូទាំង​ពិភព​លោក​ចង់​បាន​វ៉ាក់សាំង​នេះ ​ ដូច​គ្នា​នៅ​ពេល​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ចាប់​ផ្តើម​ ដែល​ពេល​នោះ​មាន​ការ​ប្រញាប់​ប្រញាល់​ទិញ​សម្ភារៈ​ការពារ​ខ្លួន ​PPE ​និង​ការ​ទិញ​សារធាតុ ​reagents ​សម្រាប់​ការ​ធ្វើ​តេស្ត​រក​វីរុស​នេះ»។​ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា៖​«ពួក​អ្នក​បោះឆ្នោត​យើង​មិន​អត់ឱន​ឱ្យ​យើង​ទេ​ ​ប្រសិន​បើ​យើង​មិន​ប្រាកដ​ជា​ធ្វើឱ្យ​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដែល​ពួក​គេ​ត្រូវការ»។​

ពួក​អ្នក​វិភាគ​និង​ក្រុម​អ្នក​ជំនាញ​ខាង​វ៉ាក់សាំង​និយាយ​ថា​ ចក្រភព​អង់គ្លេស​មិនមែន​ជា​ប្រទេស​តែ​មួយ​ទេ​ដែល​ស្វះស្វែង​ទិញ​វ៉ាក់សាំង​នេះ​ទេ​ ហើយ​គេ​អាច​យល់​បានអំពី​ការ​បារម្ភ​អំពី​ការ​បាត់​បង់​មិន​បាន​ថ្នាំ​នេះ​មក​ចាក់ ជា​ពិសេស​នៅពេល​មានការខ្វះ​វ៉ាក់សាំង​នេះ​ ដោយសារ​ខ្វះ​សមត្ថភាព​ផលិត។​

ការ​ខ្វះ​ការផ្គត់ផ្គង់​

លោក​ Peter Piot ​ជា​ព្រឹទ្ធបុរស​មហា​វិទ្យាល័យ​ខាង​អនាម័យ​ និង​វេជ្ជសាស្ត្រ​តំបន់​ត្រូពិក​ក្នុង​ទីក្រុង​ឡុងដ៍។​ លោក​បាន​ព្រមាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នឹង​គ្មាន​កូន​ដប​តូចៗ​ដើម្បី​ដាក់​វ៉ាក់សាំង​តាម​ចំនួន​ដែល​គេ​ត្រូវការ​ជា​សាកល​នៅ​ពេល​នេះ​ទេ​ ដោយសារ​ការ​ផលិត​មាន​កម្រិត។​ លោក​ Peter Piot ​ បាន​ថ្លែង​ថា៖​ «នៅ​ពេល​ពួក​អ្នក​នយោបាយ​ខ្លះ​ឬ​ឥស្សរជន​ខាង​សុខាភិបាល​សាធារណៈ​ខ្លះ​និយាយ​ថា ​យើង​ត្រូវ​ការ​ធ្វើ​កិច្ចការ​ទាំង​នេះ​ហើយ​នៅឆ្នាំ​ក្រោយ​យើង​នឹង​មាន​វ៉ាក់សាំង​ហើយ​យើង​នឹង​វិល​ត្រឡប់​ទៅ​កាន់​ស្ថានភាព​ធម្មតា​វិញ។​ ខ្ញុំ​យល់​ថា​ មិន​មែន​ដូច​ការ​និយាយ​ដូច្នេះ​ទេ»។​

លោក ​Peter Piot​ ដែល​ផ្តល់​ការ​ណែនាំ​ដល់​គណៈ​កម្មការ​អឺរ៉ុប​បាន​ព្រមាន​អំពី​«ជាតិ​និយម​ខាង​ការ​អភិវឌ្ឍ​វ៉ាក់សាំង»។​ ក៏​ប៉ុន្តែ​នៅពេល​មាន​ការ​ចរចា​គ្នា​តទៅ​ទៀត​ដើម្បី​ស្វែងរក​វិធី​ធ្វើ​ឱ្យ​មាន​វ៉ាក់សាំង​ដោយ​សមធម៌​ រដ្ឋាភិបាល​មួយ​ចំនួន​តូច​ ជា​ពិសេស​រដ្ឋាភិបាល​មាន​ធនធាន​ច្រើន​ បាន​កេង​ចំណេញ​ពី​ការ​ចែក​ដោយ​សមធម៍​ដោយ​កំណត់​ទិញ​ ស្តុក ​វ៉ាក់សាំង​ ​ហើយ​ពួក​គេ​បាន​ធ្វើ​មុន​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​អង្គការសុខភាព​ពិភព​លោក ដោយ​ទិញ​ស្តុក​វ៉ាក់សាំង​នេះ​រួច​ស្រេច​ហើយ។​

កាលពី​ដើម​ខែ​កញ្ញា​ ពួក​អ្នក​នយោបាយ​ប្រឆាំង​នៅ​អូស្ត្រាលី​បាន​ព្រមាន​ថា​ ប្រទេស​អូស្ត្រាលី​នៅ​ពី​ក្រោយ​ប្រទេស​ខ្លះ​ក្នុង​ការ​ចាត់​វិធាន​ការ​ធ្វើឱ្យ​ប្រាកដ​ថា ​មាន​វ៉ាក់សាំង​នេះ​គ្រប់គ្រាន់​ ហើយ​នឹង​ត្រូរង់​ចាំ​យូរ​ជាង​ប្រទេស​ឯ​ទៀតៗ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​នេះ។​

លោក ​Chris Bowen​ ជា​អ្នក​នាំពាក្យ​ខាង​សុខាភិបាល​របស់ក្រុម​ប្រឆាំង​នៅ​អូស្ត្រាលី។ ​លោក​បាន​និយាយ​អះអាង​ថា ​ប្រទេស​អូស្ត្រាលី​«នៅក្រោយ​គេ​ក្នុង​ការ​ឈរ​តម្រង់​ជួរ»​ទទួល​វ៉ាក់សាំង​នេះ​ដោយ​លោក​បាន​កត់​សម្គាល់​ថា ​ប្រទេស​ជប៉ុន​និង​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​នេះ​ហើយ។ ​លោក​បាន​ថ្លែង​បន្ថែម​ថា៖​«យើង​មិនទាន់​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ណា​មួយ​ទេ។ ​ យើង​ត្រូវតែ​ពិភាក្សា​អំពី​ការ​ទិញ​វ៉ាក់សាំង។​ យើងត្រូវ​តែ​ចុះ​ហតក្ថលេខា​ទិញ​វ៉ាក់សាំង។​ យើង​ត្រូវ​ផ្តល់​ប្រាក់​សម្រាប់​ធ្វើ​ការ​ស្រាវជ្រាវ»។​

រដ្ឋាភិបាល​កាណាដា​បាន​ប្រកាស​កាល​ពីថ្ងៃ​ចន្ទ ទី​៣១ ខែ​សីហា​ថា​ ខ្លួន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ឱសថ​អាមេរិកាំង​ពីរ​គឺក្រុម​ហ៊ុន​ Novavax និ​ង​ក្រុម​ហ៊ុន ​Johnson & Johnson ​ដើម្បី​ទិញ​វ៉ាក់សាំង​ដល់​ទៅ​១១៤លាន​ដូស​ដែល​កំពុង​ត្រូវ​បាន​អភិវឌ្ឍ។ ​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ជប៉ុន​ឋិត​នៅក្នុង​ចំណោម​ពួក​ប្រទេស​ឯ​ទៀតៗ​ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​Novavax ​ដែរ។​

ទីភ្នាក់ងារ​ព័តមាន​ Kyodo ​បាន​រាយ​ការណ៍​ថា ​ប្រទេស​ជប៉ុន​បាន​ព្រម​ព្រៀង​ជា​មួយ​ក្រុមហ៊ុន​ឱសថ​ AstraZeneca ​ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ១៩​ចំនួន​១២០​លាន​ដូស​ដែល​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​សាកល​វិទ្យាល័យ ​Oxford​ នៃ​ចក្រភព​អង់គ្លេស។​ ប្រទេស​ជប៉ុន​ក៏​បាន​យល់​ព្រម​ទិញ​វ៉ាក់សាំង​កូវីដ១៩​ចំនួន​១២០​លាន​ដូស​ពីក្រុមហ៊ុន​ឱសថ​ Pfizer ​និង​ដៃ​គូ​គឺក្រុមហ៊ុន ​BioNTech ​សម្រាប់​មនុស្ស​៦០​លាន​នាក់​នៅ​ដំណាច់​ខែ​មិថុនា​ឆ្នាំ​ក្រោយប្រសិន​បើ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​មាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់សាំង៕​

ប្រែ​សម្រួល​ដោយ​លោកឈឹម សុមេធ​

XS
SM
MD
LG