ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងជាប់ប្រជុំជាមួយក្រុមមេដឹកនាំអង្គការអូតង់ ស្របពេលដែលរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យបន្តរៀបចំការស៊ើបអង្កេតចោទប្រកាន់ថាតើលោក Trump បានបំពានអំណាចជាប្រធានាធិបតីរបស់លោកតាមរយៈការជំរុញឲ្យមេដឹកនាំបរទេសបើកការស៊ើបអង្កេតលើគូប្រជែងនយោបាយរបស់លោកឬក៏យ៉ាងណា។
នៅថ្ងៃពុធនេះលោក Trump នឹងជួបប្រជុំជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាយករដ្ឋមន្រ្តីប្រទេសអ៊ីតាលីលោក Giuseppe Conte និងនាយករដ្ឋមន្រ្តីប្រទេសដាណឺម៉ាកលោកស្រី Mette Frederiksen នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកពីសន្និសីទរបស់ក្រុមមេដឹកនាំអង្គការអូតង់។
អ្វីដែលសំខាន់ជាងនេះគឺនៅអំឡុងពេលសន្និសីទអង្គការអូតង់ សារព័ត៌មាននឹងចាំងបញ្ចាំងរូបភាពពីរផ្សេងគ្នានៅលើអេក្រង់តែមួយគឺការចូលរួមប្រជុំរបស់លោក Trump នៅក្នុងសន្និសីទអង្គការអូតង់ និងការប្រកាសរបស់លោក Jerrold Nadler ឲ្យ បើកសវនាការលើកទីមួយរបស់គណកម្មាធិការនីតិកម្មនៃរដ្ឋសភានៅក្នុងការស៊ើបអង្កេតដើម្បីចោទប្រកាន់ប្រធានាធិបតី។
សវនាការនេះនឹងផ្អែកលើហេតុផលរដ្ឋធម្មនុញ្ញចំពោះការប្តឹងចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែង។
កាលពីថ្ងៃអង្គារមិ្សលមិញ ខណៈលោក Trumpជួបប្រជុំជាមួយនឹងអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg លោក Trump បាននិយាយថា«ការស៊ើបអង្កេតចោទប្រកាន់ដកលោកចេញពីតំណែងនេះទៅណាមិនរួចទេ។ វាជាការខ្ជះខ្ជាយពេលវេលា។ ពួកគណបក្សប្រជាធិបតេយ្យខ្ជះខ្ជាយពេលវេលារបស់ពួកគេឥតប្រយោជន៍ ហើយវាជារឿងគួរឲ្យអាម៉ាស់។ វាជារឿងអាម៉ាស់សម្រាប់ប្រទេសរបស់យើង»៕