លោក Trump ចូលរួម​ជាមួយ​មេដឹកនាំ​ផ្សេង​ទៀត​ក្នុង​ទិវា D-Day នៅ​ចក្រភព​អង់គ្លេស

ប្រធានាធិបតីអាមេរិកលោក Donald Trump និងភរិយា ចូលរួមក្នុង​ទិវា D-Day ជាមួយ​ព្រះមហាក្សត្រី​ Queen Elizabeth II នៅ​ក្នុង​ទីក្រុង Portsmouth ភាគ​ខាង​ត្បូង​ចក្រភព​អង់គ្លេស។

ព្រះ​មហាក្សត្រី​យានី Elizabeth នៃ​ចក្រភព​អង់គ្លេស ក៏​បាន​យាង​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ដែរ។

នៅ​ថ្ងៃ​ពុធ​នេះ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​អ្នកស្រី Theresa May បាន​ទទួល​ស្វាគមន៍​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ក៏​ដូចជា​មេដឹកនាំ និង​អ្នក​តំណាង​ផ្សេងៗ​ទៀត​មក​ពី​ប្រទេស​ចំនួន ១៤ នៅ​ក្នុង​ទិវា D-Day នៅ​ក្នុង​ទីក្រុង Portsmouth ភាគ​ខាង​ត្បូង​ចក្រភព​អង់គ្លេស។

ការិយាល័យ​របស់​អ្នកស្រី May បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​លើក​ឡើង​អំពី​ទិវា D-Day ដែល​ជា «កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជា​ប្រវត្តិសាស្ត្រ‍» នេះ។ ទិវា​នេះ​រំឭក​ដល់​មហា​ប្រតិបត្តិការ​ពង្រាយ​ទ័ព​នៅ​តំបន់ Normandy ប្រទេស​បារាំង នៃ​ច្រក​សមុទ្រ English Channel ដើម្បី​កម្ចាត់​ពួក Nazi អាល្លឺម៉ង់​នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ។

អ្នកស្រី May បាន​និយាយ​ថា៖ «ស្រប​ពេល​ដែល​យើង​រួម​គ្នា​សម្ដែង​នូវ​ការ​ដឹង​គុណ​ចំពោះ [កង​កម្លាំង​សម្ព័ន្ធមិត្ត] ដែល​ភាព​ក្លាហាន និង​ការ​ពលី​របស់​ពួកគេ​នៅ​ឯ​ឆ្នេរ​សមុទ្រ​នៃ​តំបន់ Normandy បាន​បង្ហាញ​អំពី​ចំណុច​របត់​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ ពួក​យើង​សន្យា​ថា​នឹង​មិន​បំភ្លេច​គុណ​របស់​ពួកគេ​នោះ​ទេ។ សាមគ្គីភាព និង​ការ​ប្ដេជ្ញា​របស់​ពួកគេ​នៅ​ក្នុង​ការ​ការពារ​សេរីភាព​របស់​ពួក​យើង​គឺ​នៅតែ​ជា​មេរៀន​សម្រាប់​យើង​ទាំង​អស់​គ្នា​ដដែល‍»។

ព្រះ​មហាក្សត្រី​យានី Elizabeth នៃ​ចក្រភព​អង់គ្លេស ក៏​បាន​យាង​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ដែរ។

គម្រោង​របស់​លោក Trump នៅ​ថ្ងៃ​ពុធ​នេះ មាន​ដូចជា​ការ​ជួប​ពិភាក្សា​បន្ថែម​ជាមួយ​នឹង​ទាហាន​អាមេរិកាំង មុន​ពេល​លោក​ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ប្រទេស​អៀរឡង់ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អៀរឡង់​លោក Leo Varadkar។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Trump បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​សម្រេច​ឲ្យ​បាន​នូវ «កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​អស្ចារ្យ‍» មួយ ជាមួយ​អង់គ្លេស ស្រប​ពេល​ដែល​អង់គ្លេស​ត្រៀម​ចាកចេញ​ពី​សហភាព​អឺរ៉ុប៕