ខណៈដំណើរទស្សនកិច្ចនេះត្រូវបានគ្រោងធ្វើឡើង បញ្ហាចម្រូងចម្រាសនិងបាតុកម្មនានាត្រូវបានធ្វើឡើងប្រឆាំងទៅនឹងសេចក្តីថ្លែងការរបស់លោក Trump អំពីបញ្ហានយោបាយរបស់អង់គ្លេស។ នៅពេលនេះតើពលរដ្ឋអង់គ្លេសយល់យ៉ាងណាចំពោះទំនាក់ទំនងរបស់ពួកគេជាមួយជនជាតិអាមេរិកាំង?
ទីក្រុងឡុងដ៏កំពុងទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាប់ផ្តើមពីថ្ងៃទី៣ ខែមិថុនាម្សិលមិញ។ យោងតាមការស្ទង់មតិអំពីភាពចម្រូងចម្រាសរបស់ពលរដ្ឋអង់គ្លេសប្រឆាំងនឹងរូបលោកបង្ហាញថា សាធារណជនអង់គ្លេសភាគច្រើនមិនស្វាគមន៍វត្តមានរបស់លោក Trump ទេ។ ពលរដ្ឋអង់គ្លេសមួយចំនួនយល់ថា «ខ្ញុំគិតថាលោក Trump ជាមនុស្សអាក្រក់។ លោកនិយាយកុហក។ លោកជាមនុស្សមានអត្តចរិតមិនល្អ»។
«ហេតុអ្វីបានជាគេបណ្តោយឲ្យប្រធានាធិបតីដែលមានចរិតបែបនេះចូលធ្វើនយោបាយ? ខ្ញុំគិតថាវាគួរឲ្យអស់សំណើចណាស់»។
«វាជារឿងសំខាន់ដែលលោកមកទីនេះដើម្បីពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងចក្រភពអង់គ្លេស។ ប៉ុន្តែអ្វីដែលសំខាន់គឺថាអាមេរិកនិងអង់គ្លេសមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នាជាយូរមកហើយ»។
លោក Trump បានរងការរិះគន់យ៉ាងខ្លាំងនៅពេលលោកបង្ហោះឃ្លីបវីដេអូពីក្រុមអង់គ្លេសស្តាំនិយមជ្រុលដែលប្រឆាំងនឹងពលរដ្ឋកាន់សាសនាឥស្លាម និងនៅពេលដែលលោកបានចោទប្រកាន់ទីភ្នាក់ងារស៊ើបការសម្ងាត់អង់គ្លេសថាបានធ្វើចារកម្មនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។
ទោះជាយ៉ាងណាក្តី ក្រុមមន្ត្រីចក្រភពអង់គ្លេសនៅតែអះអាងថា ប្រទេសទាំងពីរនៅតែមានទំនាក់ទំនងពិសេសជាមួយគ្នា។ ការស្ទង់មតិនានាបង្ហាញថា ទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរមានភាពរឹងមាំ។ ពលរដ្ឋអង់គ្លេសមួយចំនួនយល់ថា «ខ្ញុំមិនប្រាកដទេថាតើវានៅតែមានភាពរឹងមាំនោះ។ ប៉ុន្តែ ខ្ញុំពិតជាមានអារម្មណ៍ថា វានៅតែរឹងមាំដដែល»។
«ប្រសិនបើប្រជាពលរដ្ឋទូទៅចង់រក្សាឲ្យវានៅរឹងមាំ នោះវានៅតែរឹងមាំ ទោះបីជាអ្នកណាឡើងមកកាន់តំណែងក៏ដោយ»។
«ខ្ញុំគិតថាវប្បធម៌គឺជាទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនងពីរបីទៀតនៅក្នុងប្រវត្តិសាស្ត្រីទំនើប ដែលនឹងមិនទៅណា។ ព្រោះថាយើងបានឆ្លងកាត់ភាពខ្មៅងងឹត និងពេលវេលាល្អបំផុតជាមួយគ្នា»។
ទំនាក់ទំនងពិសេសនេះគឺជាពាក្យដែលត្រូវបានបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Winston Churchill ក្រោយសង្គ្រាមលោកលើកទី២ ដើម្បីតំណាងឲ្យទំនាក់ទំនងយ៉ាងជិតស្និតខាងផ្នែកនយោបាយ វប្បធម៌ សេដ្ឋកិច្ច យោធា និងទំនាក់ទំនងទ្វេភាគីជាប្រវត្តិសាស្ត្រវាងប្រទេសទាំងពីរ។
លោក Charles Kupchan អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯក្រុមប្រឹក្សាទំនាក់ទំនងការបរទេសបាននិយាយថា «បើយើងត្រឡប់ទៅកាលពីចុងសតវត្សទី១៩វិញ វាពិតជាជោគជ័យផ្នែកទំនាក់ទំនងយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចង់ភ្ជាប់ជាមួយគ្នាចាប់តាំងពីពេលនោះមក»។
ភាពស្និទ្ធស្នាលនេះពេលខ្លះត្រូវបានឆ្លុះបញ្ចាំងតាមរយៈអតីតមេដឹកនាំនៃប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងកាលពីជំនាន់លោក Reagan និងលោកស្រី Thatcher លោក Obama និងលោក Blair ក៏ដូចជាជំនាន់លោក Obama និងលោក Cameron ផងដែរ។ ប៉ុន្តែវាហាក់ដូចជាមានភាពខុសគ្នារវាងទំនាក់ទំនងរវាងលោក Trump និងនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ជាពិសេសបន្ទាប់ពីលោក Trump បានរិះគន់លោកស្រីជាសាធារណៈ ពាក់ព័ន្ធនឹងការងាររបស់លោកស្រីចំពោះការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាមិនមែនសុទ្ធតែមកពីមេដឹកទាំងអស់នោះទេ។
លោក Jacob Parakilas មកពីវិទ្យាស្ថានស្រាវជ្រាវ Chatham House បានថ្លែងថា «វាមានរឿងរ៉ាវល្អៗជាច្រើនទៀត ដែលធ្វើឲ្យនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធរួមមានទំនាក់ទំនងរវាងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ទំនាក់ទំនងរវាងទីភ្នាក់ងារសន្តិសុខ ការធ្វើសមាហរណកម្មយោធា ការសិក្សារបស់សិស្សអង់គ្លេសនៅតាមសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងការសហការផលិតខ្សែភាពយន្តរវាងប្រទេសទាំងពីរជាដើម។ ចំណុចទាំងអស់នេះហើយដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែពិសេស»។
មានបាតុកម្មទ្រង់ទ្រាយធំដែលត្រូវបានគ្រោងធ្វើជាច្រើន ដើម្បីប្រឆាំងនឹងទស្សនកិច្ចរបស់លោក Trump ទៅប្រទេសអង់គ្លេសលើកនេះដូចកាលពីឆ្នាំ២០១៨។ ក្រុមអ្នករៀបចំបាតុកម្មបាននិយាយថាពួកគេរំពឹងថានឹងមានមនុស្សរាប់ម៉ឺននាក់នឹងចូលរួមធ្វើបាតុកម្ម។ ប្រធានាធិបតីអាមេរិកផ្សេងៗទៀតក៏ធ្លាប់ត្រូវបានទទួលស្វាគមន៍ដោយមានការខឹងសម្បារពីសំណាក់ពលរដ្ឋអង់គ្លេសផងដែរ។
កាលពីឆ្នាំ១៩៨២ អតីតប្រធានាធិបតីអាមេរិកលោក Ronald Reagan បានប្រឈមនឹងបាតុកម្មប្រឆាំងនឹងទស្សនកិច្ចរបស់លោក បន្ទាប់ពីមានការដាក់ពង្រាយគ្រាប់ម៉ីស៊ីលនៅឯមូលដ្ឋានយោធានៅអង់គ្លេស។ អតីប្រធានាធិបតីអាមេរិក លោក George W. Bush ក៏ធ្លាប់ប្រឈមនឹងបញ្ហាដូចគ្នានេះដែរ បន្ទាប់ពីមានការវាយលុកចូលក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣។ ដូច្នេះវាមិនខុសពីទំនាក់ទំនងផ្សេងទៀតទេ ដែលពេលខ្លះមានការធ្លាក់ចុះ ហើយពេលខ្លះទៀតមានភាពប្រសើរឡើង៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា