លោក Trump ចង់​ឃើញ​រុស្ស៊ី​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​លោក​គ្លីនតុន​ដើម្បី​ស្វែងរក​អ៊ីម៉ែល​ដែល​កំពុង​បាត់

លោក Donald Trump ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​កន្លែង​កម្សាន្ត Trump National Doral កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅ​ក្នុង Florida។

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​លើក​ទឹក​ចិត្ត​កាល​ពី​ថ្ងៃ​ពុធ​ឲ្យ​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីម៉ែល​របស់​លោកស្រី​គ្លីតុន គូ​ប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ដើម្បី​ស្វែងរក​អ៊ីម៉ែល​ចំនួន​៣ម៉ឺន​ដែល​កំពុង​បាត់​នៅ​ពេល​ដែល​លោកស្រីធ្វើ​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក។

​លោក Trump បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា «ខ្ញុំ​ចង់​ប្រាប់ប្រទេស​រុស្ស៊ី​ថា បើ​អ្នក​ស្តាប់​ខ្ញុំ ខ្ញុំ​សង្ឃឹម​ថា ​អ្នក​អាច​ស្វែង​រក​អ៊ីម៉ែល​ចំនួន​៣ម៉ឺន​ដែល​កំពុង​បាត់។​ ខ្ញុំ​គិត​ថា ​អ្នក​នឹង​អាច​ផ្តល់​ព័ត៌មាន​ទាំងនោះ​ទៅ​ឲ្យ​សារព័ត៌មាន​របស់​យើង‍»។

លោក Trump ​បាន​និយាយ​ទៀត​ថា ​រដ្ឋាភិបាល​ទីក្រុង​មូស្គូ ​ប្រហែល​មាន​អ៊ីម៉ែល​នោះ​រួច​ទៅ​ហើយ​ដែល​លោកស្រី​គ្លីនតុន ​ចាត់​ទុក​ជា​អ៊ីម៉ែល​ឯក​ជន​ហើយ​បាន​លុប​ចេញ​ពី​ប្រព័ន្ធ​អ៊ីម៉ែល​របស់​លោកស្រី​ដែល​លោកស្រី​បាន​ប្រើ​ប្រាស់​នៅ​ពេល​លោកស្រី​ជា​អ្នក​ការ​ទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣ ​នៅ​ក្នុង​អាណត្តិ​ទី​មួយ​របស់​លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា។

លោក Trump បាន​និយាយ​ទៀត​ថា ​«ពួកគេ​ប្រហែល​មាន​អ៊ីម៉ែល​ទាំង​នោះ​រួច​ទៅ​ហើយ។​ ខ្ញុំ​ចង់​ឲ្យ​បញ្ចេញ​អ៊ីម៉ែល​ទាំង​នោះ។​ បើ​ពួកគេ ​មាន​អ៊ីម៉ែល​ទាំង​នោះ ​ពួកគេ​មាន​ហើយ។​ ប្រសិន​បើ ​រុស្ស៊ី​ឬ​ចិនឬ​ប្រទេស​ផ្សេង​ទៀត ​មាន​អ៊ីម៉ែល​ទាំង​នោះ ​ខ្ញុំ​និយាយ​ដោយ​ស្មោះ​ជាមួយ​អស់​លោក​អ្នក ​ខ្ញុំ​ចង់​ឃើញ​អ៊ីម៉ែល​ទាំង​នោះ‍»។

អត្ថាធិប្បាយ​របស់​លោក Trump ​បាន​កើត​មាន​ឡើង​នៅឯ​សន្និសីទ​កាសែត​ដ៏​ធំមួយ​នៅឯ​កន្លែង​កម្សាន្ត​វាយ​កូនគោល​ក្នុង​រដ្ឋ Florida ​ដែល​នៅ​ទី​នោះ ​លោក​បាន​និយាយ​សម្រាល​ពី​ការ​ជាប់​ទាក់​ទិន​របស់​លោក​ទៅ​នឹង​ប្រទេស​រុស្ស៊ី។

​ពួក​អ្នក​ជំនាញ​ខាង​កុំព្យូទ័រ ​បាន​និយាយក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថា ​ពួកគេ​ជឿ​ជាក់ថា រុស្ស៊ី​បាន​ស្ថិត​នៅ​ក្រោយការ​លួច​ចូល​ក្នុង​កុំព្យូទ័រ​នៅ​ឯទីស្នាក់​ការ​របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បន្ទាប់​ពីការ​ចេញ​ផ្សាយសារ​អ៊ីម៉ែល​របស់ Wikileak ជិត២ម៉ឺន​ដែល​បាន​បង្ហាញ​ថា ​ពួក​មន្រ្តី​គណបក្ស​ពេញ​ចិត្ត​លោកស្រី​គ្លីនតុន​ជាង​លោក Bernie Sanders៕