នេះគឺជាសាវតារចំពោះចម្ងល់ដែលថាតើលោកប្រធានាធិបតី Donald Trump បានផ្អឹបជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងការឲ្យអ៊ុយក្រែនប្រកាសបើកការស៊ើបអង្កេតលើលោក Joe Biden ដែលអាចជាគូប្រជែងនយោបាយរបស់លោកនៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយដែរឬក៏យ៉ាងណានោះ។
កាលពីសប្ដាហ៍មុន សាក្សីមួយចំនួនបានផ្ដល់សក្ខីកម្មថា សម្ព័ន្ធមិត្តរបស់លោក Trump ដែលនោះគឺលោក Rudy Guiliani មេធាវីផ្ទាល់ខ្លួនរបស់លោក Trump និងលោក Gordon Sondland ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុប បានអនុវត្តយុទ្ធនាការដាក់សម្ពាធរបស់លោក Trump លើប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន អ្នកស្រី Fiona Hill អតីតអ្នកជំនាញកំពូលផ្នែកកិច្ចការប្រទេសរុស្ស៊ីនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានរៀបរាប់ថា អ្នកស្រីមានការខកចិត្តចំពោះលោក Sondland កាលពីខែកក្កដា នៅពេលដែលលោក Sondland ព្យាយាមឲ្យមន្ត្រីអ៊ុយក្រែនជួបជាមួយនឹងមន្ត្រីសេតវិមាន ជាថ្នូរនឹងការណ៍ឲ្យអ៊ុយក្រែនស៊ើបអង្កេតលើអតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden។
អ្នកស្រី Hill និយាយថា៖ «លោក Sondland ជាអ្នកប្រឡូកក្នុងបេសកកម្មនយោបាយក្នុងសហរដ្ឋអាមេរិក។ ហើយពួកយើងជាអ្នកប្រឡូកក្នុងគោលនយោបាយការបរទេសសន្តិសុខជាតិ។ រឿងទាំងពីរនេះបានដើរខុសគន្លងរបស់ខ្លួន»។
អ្នកស្រី Hill ក៏បានរិះគន់ផងដែរលើការលើកឡើងរបស់គណបក្សសាធារណរដ្ឋ នៅពេលដែលពួកគេការពារកិច្ចប្រឹងប្រែងរបស់លោក Trump នៅក្នុងប្រទេសអ៊ុយក្រែន។ ការលើកឡើងរបស់គណបក្សសាធារណរដ្ឋនោះគឺថា រដ្ឋាភិបាលអ៊ុយក្រែន មិនមែនរដ្ឋាភិបាលរុស្ស៊ីទេ ដែលជាអ្នកស្ថិតនៅពីក្រោយការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០១៦។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «នេះគឺជារឿងប្រឌិតដែលប្រព្រឹត្តិឡើង និងផ្សព្វផ្សាយដោយផ្នែកសន្តិសុខរបស់ប្រទេសរុស្ស៊ីផ្ទាល់។ ការពិតជាអកុសលគឺថា ប្រទេសរុស្ស៊ីគឺជាមហាអំណាចបរទេសដែលវាយប្រហារជាប្រព័ន្ធលើស្ថាប័នប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៦»។
ស្របពេលនេះដែរ លោក Trump នៅតែបន្តបញ្ជាក់សារឡើងវិញនូវសារដ៏សំខាន់របស់លោក។
លោក Trump បញ្ជាក់ដូច្នេះថា៖ «នេះគឺជាពាក្យចុងក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិក។ ខ្ញុំមិនចង់បានអ្វីទាំងអស់»។
លោក Trump ចង់សំដៅលើសក្ខីកម្មរបស់លោក Sondland កាលពីថ្ងៃពុធសប្ដាហ៍មុន ដែលរៀបរាប់អំពីការសន្ទនាតាមទូរស័ព្ទ ដែលនៅក្នុងការសន្ទនានោះ លោក Trump បានប្រាប់លោក Sondland ថា លោក «មិនចង់បានការដោះដូរប្រយោជន៍» ណាមួយទេ។ ចំណុចនេះគឺជាអ្វីដែលលោក Trump និងសម្ព័ន្ធមិត្តខាងគណបក្សសាធារណរដ្ឋរបស់លោកបានផ្ដោតលើនៅក្នុងសវនាការកន្លងមក។
អ្នកស្រី Jennifer Victor ដែលបង្រៀនផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ George Mason បាននិយាយថា៖ «ពួកគេផ្ដោតខ្លាំងលើពាក្យនោះ ទោះបីជាសាក្សីភាគច្រើនដែលផ្ដល់សក្ខីកម្មរៀបរាប់នូវការដោះដូរមួយ ដែលជាការដោះដូរប្រយោជន៍ក៏ដោយ។ ស្របពេលនោះដែរ ពួកគេថា ទោះបីជាមានការដោះដូរនេះក៏ដោយ ក៏នេះមិនមែនជាការដោះដូរប្រយោជន៍នោះទេ។ ពួកគេលើកឡើងដូចនេះ ហាក់ដូចជាពាក្យថា ដោះដូរប្រយោជន៍នេះគឺជាលក្ខខណ្ឌសម្រាប់សម្រេចលើថាតើករណីនេះគឺត្រឹមត្រូវឬក៏អត់នោះ ដូច្នេះបើតាមហេតុផលត្រឹមត្រូវ យើងឃើញថា វាមិនស៊ីមេទ្រីគ្នានោះទេ»។
លោក Sondland បានរំឭកឡើងវិញថា លោកបានសន្ទនារឿងនេះជាមួយនឹងលោក Trump កាលពីថ្ងៃទី ៩ ខែកញ្ញា គឺនៅចំថ្ងៃដែលគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាប្រកាសថាពួកគេនឹងធ្វើការស៊ើបអង្កេតអំពីការផ្អឹបជំនួយយោធាសម្រាប់អ៊ុយក្រែន។ ករណីនេះអាចបង្ហាញឲ្យឃើញថា លោក Trump មានបំណងមិនចង់ឲ្យខ្លួនលោកជាប់ទោសណាមួយនៅក្នុងការសន្ទនានោះ។ ប៉ុន្តែ អ្នកវិភាគមួយចំនួនបញ្ជាក់ថា ពលរដ្ឋអាមេរិកាំងភាគច្រើនប្រហែលជាមិនខ្វល់អំពីព័ត៌មានលំអិតដូចនេះទេ។
លោក Hans Noel នៃសាកលវិទ្យាល័យ Georgetown និយាយថា៖ «នេះគឺជារឿងលំបាកមួយ។ តើលោក Trump គាំទ្រអ៊ុយក្រែន ឬក៏ប្រឆាំងអ៊ុយក្រែន? តើអ្វីឲ្យពិតប្រាកដដែលកំពុងតែកើតឡើង? នេះនឹងធ្វើឲ្យអ្នកបោះឆ្នោតភាគច្រើនមានការលំបាកនៅក្នុងការស្វែងយល់។ ហេតុដូច្នេះហើយបានជាអ្នកបោះឆ្នោតភាគច្រើនស្វែងរកប្រភពទុកចិត្តឲ្យជួយបកស្រាយរឿងទាំងនេះ។ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនឹងស្វែងរកប្រភពខាងគណបក្សប្រជាធិបតេយ្យ ហើយអ្នកគាំទ្រគណបក្សសាធារណរដ្ឋនឹងស្វែងរកប្រភពខាងគណបក្សសាធារណរដ្ឋ»។
កន្លងមក ការស្ទង់មតិបានបង្ហាញថា ពលរដ្ឋអាមេរិកាំងភាគច្រើនទាំងអ្នកគាំទ្រគណបក្សសាធារណរដ្ឋ និងទាំងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ បាននិយាយថា អ្វីដែលពួកគេឮទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ដកលោក Trump ពីតំណែងនេះ នឹងមិនអាចកែប្រែចិត្តរបស់ពួកគេបានទេពាក់ព័ន្ធនឹងការចោទប្រកាន់ដើម្បីទម្លាក់ប្រធានាធិបតីពីតំណែង ឬក៏ពាក់ព័ន្ធនឹងលោកប្រធានាធិបតី Trump នោះ៕
ប្រែសម្រួលដោយ ភី សុភាដា