ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ចំពោះការគំរាមកំហែងអាវុធនុយក្លែអ៊ែរ ដោយសម្តៅលើបុគ្គលនិងក្រុមហ៊ុនពាណិជ្ជកម្មណាដែលធ្វើពាណិជ្ជកម្មជាមួយរបបកុម្មុយនិស្តក្រុមព្យុងយ៉ាង និងអ្នកណាដែលផ្តល់ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានហៅការសាកល្បងអាវុធនុយក្លែអ៊ែរនិងកម្មវិធីកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងថាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិ ភាពនិងសន្តិសុខក្នុងពិភពលោក ហើយជាការមិនអាចទទួលយកបានដែលក្រុមហ៊ុននិងបុគ្គលនានាគាំទ្រខាងហិរញ្ញវត្ថុទៅឲ្យរបបទុច្ចរិតនេះ។ របបព្រៃផ្សៃកូរ៉េខាងជើងមិនបានគោរពពលរដ្ឋរបស់ខ្លួនឯងឬអធិបតេយ្យភាពរបស់ប្រទេសផ្សេងៗទេ។
នៅពេលជាមួយគ្នានោះដែរ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានមានប្រសាសន៍ថា ធនាគារកណ្តាលរបស់ចិនបានបញ្ជាឲ្យបញ្ឈប់ធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ទោះជាយ៉ាងនោះក៏ដោយ មិនមានការបញ្ជាក់ភ្លាមៗមកពីរដ្ឋាភិបាលក្រុងប៉េកាំងដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់យូរអង្វែងរបស់រដ្ឋាភិ បាលក្រុងព្យុងយ៉ាង។ លោកប្រធានាធិបតីត្រាំដែលបានស្វះស្វែងជា យូរយា ណាស់មកហើយដើម្បីរកការជួយរបស់ចិនដើម្បីទប់ការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង បានសរសើរចំណាត់ការរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានមានប្រសាសន៍ថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកផ្តល់អំណាចដល់ក្រសួងរតនាគារសហរដ្ឋអាមេរិកដៅលើបុគ្គលឬអង្គភាពណាដែលលក់ដូរទំនិញសំខាន់ៗ សេវាកម្មឬបច្ចេកវិទ្យាជាមួយកូរ៉េខាងជើង។
លោកប្រធានាធិបតីត្រាំនិយាយទៀតថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមានគោលបំណងបង្អាក់បណ្តាញដឹកជញ្ជូននិងពាណិជ្ជកម្មរបស់កូរ៉េខាងជើង៕