ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះនឹងចំណាយពេលថ្ងៃចុងក្រោយសួរដេញដោលទៅក្រុមមេធាវីការពារលោកប្រធានាធិបតី Donald Trump និងក្រុមរដ្ឋអាជ្ញានៃរដ្ឋសភាសហរដ្ឋអាមេរិកដែលបានប្តឹងដកតំណែងលោក Trump ខណៈការសម្រេចអនុញ្ញាតឲ្យមានសាក្សីបន្ថែមទៀតនៅកំពុងចោទជាបញ្ហានៅឡើយ។
តើដំណើរការជំនុំជម្រះនឹងអាចបញ្ចប់ក្នុងពេលឆាប់ៗនេះឬក៏យ៉ាងណានោះ វាអាស្រ័យទៅលើថាតើគណបក្សសាធារណរដ្ឋដែលជាក្រុមសំឡេងភាគច្រើននៅព្រឹទ្ធសភានឹងបោះឆ្នោតអនុម័តលើសំណើររបស់គណបក្សប្រជាធិបតេយ្យសុំឲ្យមានការឆ្លើយបំភ្លឺពីមន្រ្តីសំខាន់ៗបស់រដ្ឋបាលដែរឬយ៉ាងណា។ នេះគឺបញ្ហាសំខាន់ដែលត្រូវបានលើកយកមកពិភាក្សានៅពេលចាប់ផ្តើមវគ្គសួរដេញដោលកាលពីថ្ងៃពុធ អំឡុងពេលដែលក្រុមសមាជិកព្រឹទ្ធសភាបានបញ្ជូនសំណួររបស់ពួកគេជាលាយលក្ខណ៍អក្សរ។
ចំណុចដែលត្រូវបានផ្តោតខ្លាំងគឺទៅលើលោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិដែលបានសរសេរសៀវភៅមួយដែលមិនទាន់បោះពុម្ភនៅឡើយថា លោក Trumpបានប្រាប់លោក John Bolton ថា លោកបានផ្អិបជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែនចំនួន៣៩១លានដុល្លារ រហូតទាល់តែប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ប្រកាសជាសាធារណៈអំពីការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយទៅលើលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ។
គណបក្សប្រជាធិបតេយ្យទទូចថា លោក Bolton និងមនុស្សផ្សេងទៀតត្រូវតែកោះហៅមកធ្វើជាសាក្សី។ ក៏ប៉ុន្តែសមាជិកគណបក្សសាធារណរដ្ឋភាគច្រើនលើកឡើងថា លោក Trump មិនបានធ្វើអ្វីខុសនោះទេ បើគ្រាន់តែផ្អិបជំនួយសម្រាប់ប្រទេសអ៊ុយក្រែននោះ ហើយពួកគេក៏មិនចង់ឲ្យលោក Bolton ឬក៏អ្នកផ្សេងទៀតមកធ្វើជាសាក្សីទេ ហើយក៏មិនចង់ឲ្យមានភស្តុតាងថ្មីអ្វីទៀតដែរ។
យោងតាមសក្ខីកម្មនៅអំឡុងពេលការស៊ើបអង្កេតរបស់រដ្ឋសភាលើករណីចោទប្រកាន់ដកតំណែងប្រធានាធីបតី លោកBolton បានបង្ហាញក្តីបារម្ភទៅក្រុមមន្រ្តីសេតវិមាន អំពីការផ្អិបជំនួយរបស់លោក Trump និងការស្នើឲ្យមានកាស៊ើបអង្កេតលើលោក Biden ហើយនៅពេលមួយនោះលោកបានហៅការណ៍នេះជាការជួញថ្នាំញៀន ដែលលោកមិនចង់មានចំណែកពាក់ព័ន្ធ៕