ការជជែកដេញដោលគ្នាបានប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងសវនាការប្រវត្តិសាស្ត្រកាត់ទោសអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាលើកទីពីរ។
សមាជិកសភាសហរដ្ឋអាមេរិកបានជជែកដេញដោយគ្នា ដើម្បីសម្រេចថា តើវាស្របច្បាប់ដែរ ឬទេ យោងតាមរដ្ឋធម្មនុញ្ញក្នុងការកាត់ទោសលោក Trump ខណៈដែលអាណត្តិជាប្រធានាធិបតីរបស់លោកបានបញ្ចប់ទៅហើយនោះ។
បន្ទាប់ពីជជែកដេញដោលគ្នាអស់រយៈពេលជាង ៤ម៉ោង ពួកគេបានបោះឆ្នោតសម្រេចបន្តដំណើរការសវនាការកាត់ទោសលោក Trump ដោយសំឡេងគាំទ្រ ៥៦ ទល់នឹង ៤៤ ដោយសម្រេចថា ព្រឹទ្ធសភាមាន «យុត្តាធិការក្នុងការកាត់ទោសលោក Trump ពាក់ព័ន្ធនឹងសកម្មភាពដែលលោកបានប្រព្រឹត្តក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី»។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យចំនួន ៩ រូប ដែលត្រូវបានតែងតាំងជារដ្ឋអាជ្ញាប្រឆាំងនឹងលោក Trump បានអះអាងនៅក្នុងសវនាការកាត់ទោសលោក Trump នៅចំពោះមុខសមាជិកព្រឹទ្ធសភាទាំង ១០០ នាក់ថា លោក Trump គួរតែទទួលខុសត្រូវចំពោះការញុះញង់ឲ្យមានការបះបោរនៅវិមានសភា កាលពីថ្ងៃទី៦ ខែមករា កន្លងទៅនេះ។
ពួកគេនិយាយថា លោក Trump បានជំរុញឲ្យក្រុមអ្នកគាំទ្ររបស់លោករាប់រយនាក់ប្រឈមមុខជាមួយនឹងសមាជិកសភា ខណៈដែលពួកគេកំពុងតែទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីដែលថា លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ បានយកឈ្នះលើលោកនៅក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកាកន្លងទៅនេះ។
សមាជិករដ្ឋសភាតំណាងរដ្ឋ Maryland លោក Jamie Raskin បានថ្លែងទៅកាន់ព្រឹទ្ធសភាថា ប្រសិនបើលោក Trump មិនត្រូវបានឲ្យទទួលខុសត្រូវទេ នោះវា «នឹងបង្កើតការលើកលែងថ្មីមួយចំពោះរឿងរ៉ាវដែលបានកើតឡើង កាលពីខែមករា» ដែលប្រធានាធិបតីនាពេលអនាគត នឹងមិនត្រូវប្រឈមមុខនឹងរឿងខុសឆ្គង ដែលខ្លួនប្រព្រឹត្តក្នុងអំឡុងពេលខែចុងក្រោយនៃអាណត្តិរបស់ពួកគេ តាមរយៈសវនាការកាត់ទោសនៅក្នុងព្រឹទ្ធសភានោះទេ។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យបានបង្ហាញដល់ព្រឹទ្ធសភានូវវីដេអូមួយនៃភាពចលាចល ដែលបានកើតឡើងនៅក្នុងវិមានសភា ដែលក្រុមបាតុករដែលមានការខឹងសម្បាបានរុញច្រានអាជ្ញាធរ ហើយសមាជិកសភានាំគ្នារត់គេចខ្លួនទាំងរន្ធត់ពីអំពើហិង្សា។
ក្រុមមេធាវីរបស់លោក Trump ត្រូវបានគេរំពឹងថា នឹងឆ្លើយតបថា សវនាការនេះមិនស្របតាមរដ្ឋធម្មនុញ្ញទេ ដោយសារតែរដ្ឋធម្មនុញ្ញចែងថា សវនាការកាត់ទោសប្រធានាធិបតីនេះ គឺជាឧបករណ៍មួយសម្រាប់ទម្លាក់មន្ត្រីណាម្នាក់ចេញពីតំណែង ប្រសិនបើរកឃើញថាពួកគេបានប្រព្រឹត្ត «បទឧក្រិដ្ឋកម្រិតធ្ងន់និងបទល្មើសមជ្ឈិម»។
រឿងនេះមិនអាចទៅរួចទេសម្រាប់ករណីរបស់លោក Trump ដោយសារតែអាណត្តិរយៈពេល ៤ ឆ្នាំរបស់លោកបានបញ្ចប់ទៅហើយ នៅពេលដែលលោក Biden បានស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា កន្លងទៅនេះ។
ទោះជាយ៉ាងណាក៏ដោយ ក៏ព្រឹទ្ធសភាធ្លាប់បើកសវនាការកាត់ទោសមួយកាលពីឆ្នាំ ១៨៧៦ ទៅលើករណីរដ្ឋមន្ត្រីមួយរូប ដែលបានលាលែងពីតំណែងភ្លាមៗ មុនពេលដែលលោកត្រូវបានគេប្ដឹងទម្លាក់ពីតំណែង។ លោក Trump ត្រូវបានរដ្ឋសភាប្ដឹងទម្លាក់ពីតំណែងក្នុងអំឡុងពេលដែលលោកនៅកាន់តំណែងជាប្រធានាធិបតីនៅឡើយ។
សមាជិកសភាគ្រោងបានជជែកដេញដោលគ្នារយៈពេល ៤ ម៉ោងទៅលើបញ្ហារដ្ឋធម្មនុញ្ញនេះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងផ្លូវច្បាប់របស់លោក Trump ក្នុងការបញ្ចប់សវនាការនេះ តាំងពីមុនពេលដែលសវនាការនេះចាប់ផ្ដើម ហាក់ដូចជាបានបរាជ័យទៅហើយ។
សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Kentucky លោក Rand Paul ដែលជាអ្នកគាំទ្រលោក Trump ដ៏ខ្លាំងក្លាមួយរូប បានព្យាយាមកាលពីសប្ដាហ៍មុន ក្នុងការរារាំងដល់ដំណើរការសវនាការនេះ ដោយផ្អែកទៅលើហេតុផលដូចគ្នានេះដែរ ប៉ុន្តែសមាជិកគណបក្សសាធារណរដ្ឋចំនួន ៥ នាក់ បានចូលរួមជាមួយនឹងសមាជិកគណបក្សប្រជាធិបតេយ្យទាំង ៥០ នាក់ បោះឆ្នោតគាំទ្រឲ្យសវនាការនេះប្រព្រឹត្តទៅជាមួយនឹងសំឡេងគាំទ្រ ៥៥ ទល់នឹងសំឡេងជំទាស់ ៤៥។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏សវនាការនេះតម្រូវឲ្យមានសំឡេងគាំទ្រ ២ ភាគ ៣ ដើម្បីអាចកាត់ទោសបាន។ នេះមានន័យថា យ៉ាងហោចណាស់សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋចំនួន ១២ នាក់ ត្រូវផ្លាស់ប្ដូរសន្លឹកឆ្នោតរបស់ពួកគេ ដើម្បីឲ្យការកាត់ទោសអាចធ្វើទៅបាន។ ព្រឹទ្ធសភាដែលមានអាសនៈចំនួន ១០០ ឥឡូវនេះ កំពុងត្រូវបានចែកជាពីរស្មើគ្នារវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។
លោក Paul និយាយថា៖ «ឱកាសនៃការកាត់ទោសគឺស្មើសូន្យ»។ ប្រសិនបើលោក Trump ត្រូវបានកាត់ទោសមែននោះ នោះព្រឹទ្ធសភាដែលផ្អែកលើការបោះឆ្នោតសំឡេងភាគច្រើន អាចហាមឃាត់លោក Trump មិនឲ្យកាន់តំណែងជាប្រធានាធិបតីទៀតបាន។
ការតវ៉ាដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី៦ ខែមករា បានប្រែក្លាយទៅជាហិង្សា ដោយសារតែអ្នកគាំទ្រលោក Trump ចំនួនប្រមាណ ៨០០ នាក់ បានរុញច្រានអាជ្ញាធរចូលទៅក្នុងវិមានសភា វាយកម្ទេចទ្វារ និងបង្អួច ចូលលុកលុយការិយាល័យរដ្ឋសភាមួយចំនួន និងបានតតាំងជាមួយនឹងប៉ូលិស។ មនុស្សចំនួន ៥ នាក់បានស្លាប់នៅក្នុងហេតុការណ៍នោះ ដែលរួមមានទាំងមន្ត្រីប៉ូលិសការពារវិមានសភាម្នាក់ និងកុបករម្នាក់ដែលត្រូវបានប៉ូលិសម្នាក់បាញ់សម្លាប់ផងដែរ។
សមាជិកព្រឹទ្ធសភាទាំង ១០០ នាក់ ដែលនឹងសម្រេចលើសវនាការកាត់ទោសលោកTrump នេះ គឺស្ថិតក្នុងតំណែងពិសេសមួយ ដោយសារតែភាគច្រើននៃពួកគេទាំងនោះ គឺជាសាក្សីខ្លួនឯងផ្ទាល់ចំពោះភាពចលាចលនេះ ខណៈដែលពួកគេរត់គេចខ្លួនចេញពីសាលប្រជុំព្រឹទ្ធសភា។
លោក Trump គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកតែម្នាក់គត់ដែលត្រូវបានគេប្ដឹងទម្លាក់ពីតំណែងចំនួនពីរដង។ លោកបានរួចទោសកាលពីលើកមុន នៅពេលដែលលោកត្រូវបានចោទប្រកាន់ថាបានសូកប៉ាន់ប្រធានាធិបតីអ៊ុយក្រែន ឲ្យជីកកកាយរឿងអាក្រក់អំពីលោក Biden នៅមុនការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅនេះ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា