ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោកត្រាំពី​តំណែងធ្វើ​ឲ្យ​មាន​ការ​បែកបាក់​គ្នា​នៅ​ក្នុង​រដ្ឋ Wisconsin​​

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងនៅក្រុងញូវយ៉ក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ខណៈ​ដែល​រដ្ឋសភា​អាមេរិក​បន្ដ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ពី​តំណែង ក្រុម​អ្នក​បោះឆ្នោត​កំពុង​តែ​ជជែក​គ្នា​អំពី​សមរភូមិ​នយោបាយ​នៅ​ក្នុង​រដ្ឋ Wisconsin។

លោក Evan Karaba វ័យ​២០​ឆ្នាំ​ គឺ​ជា​នាយក​ផ្នែក​ឌីជីថល​នៅ​មហាវិទ្យាល័យ College Republicans នៃ​សាកលវិទ្យាល័យ Wisconsin ក្នុង​ទីក្រុង Madison រដ្ឋ Wisconsin។

ការណ៍​ដែលប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជំរុញ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើបអង្កេត​លើ​គូ​ប្រជែង​នយោបាយ​របស់​ខ្លួន​គឺ​លោក Joe Biden មិន​ឲ្យ​ធ្វើ​ឲ្យ​លោក Karaba មិន​បាន​រំខាន​អារម្មណ៍​របស់​លោក​នោះ​ទេ។

លោក Karabas បាន​ថ្លែង​ថា៖ ​«ខ្ញុំ​ដឹង​ថា​ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskiy បាន​និយាយ​ថា លោក​មិន​ត្រូវ​បាន​គេ​ដាក់​សម្ពាធ​ឲ្យ​ធ្វើ​អ្វី​មួយ​នោះ​ទេ ដូច្នេះ​ខ្ញុំ​មិន​គិត​ថា​ នេះ​គឺ​ជា​បញ្ហា​អ្វី​នោះ​ទេ‍»។

នេះ​គឺ​ជា​មូលហេតុ​ដែល​លោក Karabas មិន​គាំទ្រ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ត្រាំ ពី​តំណែងឡើយ។ ​

លោក Karabas បាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​គិត​ថា ពួក​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​តែ​អស់​សង្ឃឹម។ ខ្ញុំគិត​ថា ពួកគេ​គ្មាន​សង្ឃឹម​ថា​អាច​យក​ជ័យជម្នះ​លើ​លោក​ប្រធានាធិបតី ត្រាំ នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ទេ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​កំពុង​ព្យាយាម​បើក​ការ ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ពី​តំណែង ដោយ​សង្ឃឹម​ថា​ ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​លោក ត្រាំ មាន​កិត្តិសព្ទ​មិន​ល្អ​នៅ​ចំពោះ​មុខ​សាធារណជន»។ ​

អ្នកស្រី Bernadette Rainsford អ្នក​បោះឆ្នោត​ម្នាក់​នៅ​រដ្ឋ Wisconsin បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ដំណើរ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ ត្រាំ ពី​តំណែង ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​មូលហេតុ ហើយ​យើង​ឈាន​ដល់​ដំណាក់កាល​មួយ​ដែល​ត្រូវ​តែ​ធ្វើ​ដូច្នេះ»។

អ្នកបោះឆ្នោត​នៅ​តំបន់​ជនបទ​ក្នុង​រដ្ឋ Wisconsin ដូចជា​អ្នកស្រី Bernadette Rainsford ជឿ​ថា ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ត្រាំ និង​ប្រធានាធីបតី​អ៊ុយក្រែន​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ មិន​ដូច​ដែល​លោក​ប្រធានាធិបតី​អះអាង​នោះ​ទេ។

អ្នកស្រី​ Bernadette Rainsford បាន​លើក​ឡើង​ទៀត​ថា៖ «ខ្ញុំ​មិន​ជឿ​លើ​អ្វី​ដែល​លោក​និយាយ​ទាល់​តែ​សោះ។ ខ្ញុំ​គិត​ថា លោក​មិន​បាន​ថ្លឹងថ្លែង​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​នោះ។ រឿង​ទាំង​អស់​នោះ​សំខាន់​ខ្លាំង​ណាស់ មិនមែន​លេង​សើច​នោះ​ទេ‍‍»។

នៅ​ក្នុង​រដ្ឋ Wisconsin ដែល​លោក ត្រាំ ទទួល​បាន​ជ័យជម្នះ​យ៉ាង​ប្រកៀកប្រកិត​បំផុត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១៦​នោះ ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ពី​តំណែង​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​មាន​ទស្សនៈ​ផ្ទុយ​គ្នា។ រដ្ឋ​នេះ​ត្រូវ​បាន​សមាជិក​គណបក្ស​នយោបាយ​អាមេរិក​ទាំង​ពីរ​មើល​ឃើញ​ថា គឺ​ជា​រដ្ឋ​មួយ​ដ៏​សំខាន់​ចំពោះ​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ​

លោក Charles Franklin នាយក​ផ្នែក​ស្ទង់មតិ​អ្នក​បោះឆ្នោត​នៃ​សាលា​ច្បាប់ Marquette នៃ​សាកលវិទ្យាល័យ Milwaukeeបាន​ថ្លែង​ថា៖ «យើង​បាន​ពិនិត្យ​មើល​ទៅ​លើ​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ចំនួន​៣​អាណត្តិក្នុង​ចំណោម​៥​អាណត្តិ​ចុង​ក្រោយ​នេះ ហើយ​សម្រេច​ថា ​រដ្ឋ​ដែល​ប្រកៀកប្រកិត​គ្នា​ខ្លាំង​ គឺ​រដ្ឋ​ដែល​ចាញ់​ឈ្នះ​គ្នា​តិច​ជាង​១%។ ដូច្នេះរដ្ឋ​នេះ​គឺ​ជា​រដ្ឋ​មួយ​ដែល​ប្រជាពលរដ្ឋ​មាន​ការ​គាំទ្រ​ផ្ទុយ​គ្នា​ចំពោះ​គណបក្ស​នយោបាយ​ទាំងពីរ»។

ការងារ​ជា​ប្រធាន​ផ្នែក​ស្ទង់​មតិ​នៃ​សាលា​ច្បាប់ Marquette ធ្វើឲ្យលោក Charles Franklin ទទួល​បាន​ព័ត៌មាន​អំពី​អ្នក​បោះឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយ​នៅ​ក្នុង​រដ្ឋ Wisconsin ជា​រៀងរាល់​ខែ។​

លោក Franklin ​បាន​លើកឡើង​ថា៖ «ឥឡូវ​នេះ យើង​ឃើញ​មាន​ការ​ជំទាស់​នឹង​សវនាការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក ត្រាំ ពី​តំណែង កើន​ឡើង​ច្រើន​ជាង​ការ​គាំទ្រ​បន្តិច។ ខ្ញុំ​គិត​ថា មាន​អ្នក​គាំទ្រ​សវនាការស៊ើបអង្កេត​នេះ​ប្រហែល​ពី៤៦%​ហើយ​ប្រឆាំង​៤៨%។ អ្នក​ជំទាស់​នឹង​ការ​ប្ដឹង​ដើម្បី​ស៊ើបអង្កេត​ចោទ​ប្រកាន់​ទម្លាក់​លោក ត្រាំ ពី​តំណែង​មាន​ប្រហែល​៥១% ​ហើយខ្ញុំ​គិត​ថា អ្នកគាំទ្រមាន​៤៣%។ តួលេខ​នេះ​បង្ហាញ​ពី​ការ​គាំទ្រ​លើ​ការ​ស៊ើបអង្កេត​នេះ​តិច​ជាង​តួលេខ​ដែល​បាន​មក​ពី​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ‍»។ ​

ការ​ស្ទង់​មតិ​របស់​លោក Franklin ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ឬ​ប្រឆាំង​នឹង​ការ​ស៊ើបអង្កេត​នេះ ​ក្នុង​ចំណោម​សមាជិក​គណបក្ស​នយោបាយ​ទាំងពីរ​ផង​ដែរ ប៉ុន្តែ​អ្នក​បោះឆ្នោត​ឯករាជ្យ​យល់​ឃើញ​ខុស​ពី​នេះ។​

លោក Franklin បាន​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​យើង​កាល​ពី​ខែ​តុលា​បង្ហាញ​ថា អ្នក​បោះឆ្នោត​ឯករាជ្យ​មាន​ការ​ជំទាស់​ទៅ​នឹង​សវនាការនិង​ដំណើរការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​ជាង​សាធារណជន​ទាំង​មូល​ទៅ​ទៀត បើ​ទោះ​បី​ជា​អ្នក​បោះឆ្នោត​ឯករាជ្យ​មិន​ដែល​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោក ត្រាំ ក៏​ដោយ។ ប៉ុន្តែ​យើង​ក៏​បាន​រកឃើញ​ថា អ្នក​បោះឆ្នោត​ឯករាជ្យ​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​គ្រប់ជ្រុងជ្រោយ​អំពី​ភស្តុតាង​នៃ​ការ​សន្ទនា​តាមទូរស័ព្ទ​រវាង​លោក​ប្រធានាធិបតី​ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន​នោះ​ទេ‍»។

លោក William Clayton អ្នក​បោះឆ្នោត​ម្នាក់​ទៀត​នៅ​ក្នុង​រដ្ឋ Wisconsin និយាយ​ថា៖ «វា​ល្អ ដែល​គេ​ស៊ើបអង្កេត​អំពី​រឿង​នេះ‍»។

លោក William Clayton គាំទ្រ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ត្រាំ ពី​តំណែង ប៉ុន្តែ​លោក​យល់​ពី​ការ​លំបាកក្នុង​ការ​បើក​សវនាការ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ ដែល​ជា​គណបក្ស​របស់​លោក ត្រាំ នោះ។

លោក Clayton និយា​យ​ទៀត​ថា៖ «ខ្ញុំ​គិត​ថា ព្រឹទ្ធសភាគ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​នឹង​មិន​ទទួល​បាន​សន្លឹកឆ្នោត​គ្រប់គ្រាន់​ដើម្បី​ទម្លាក់​លោក ត្រាំ ពី​តំណែង​នោះ​ទេ ដូច្នេះ​មាន​តែ​ការ​បោះឆ្នោត​ប៉ុណ្ណោះ​ដែល​អាច​ដក​លោក​ ត្រាំ ចេញ​បាន»។

នោះ​គឺ​ជា​ការ​បោះឆ្នោត​មួយ ដែល​លោក Evan Karabas បាន​ត្រៀមខ្លួនរួចរាល់​ដើម្បី​ជួយ​ឲ្យ​លោក​ប្រធានាធិបតី ត្រាំ ទទួល​បាន​ជ័យ​ជម្នះ។

លោក Evan Karabas នាយក​ផ្នែក​ឌីជីថល​នៅ​មហាវិទ្យាល័យ College Republicans បាន​ថ្លែង​ថា​៖ «អ្នក​គាំទ្រ​របស់​លោក ត្រាំ គាំទ្រ​លោក​កាន់​តែ​ខ្លាំង​ឡើង ហើយ​លោក ត្រាំ ទទួល​បាន​ប្រាក់​បរិច្ចាគ​យ៉ាងច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ប៉ុន្តែ​ដ៏រាបណា​ដែល​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ពី​តំណែង​នៅ​តែ​បន្ដ​លោក ត្រាំ កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​»។

ការ​ស្ទង់មតិ​នា​ពេល​ថ្មីៗ​នេះ​ក្នុង​រដ្ឋ Wisconsin បាន​បង្ហាញ​ថា លោក ត្រាំ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​គូ​ប្រជែង​ភាគច្រើន​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ខ្លាំងៗ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕

​ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា