សមាជិកគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាកំពុងត្រៀមរៀបចំចុងក្រោយសម្រាប់សវនាការជាសាធារណៈលើកដំបូងបង្អស់ទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
សាក្សីដែលនឹងផ្ដល់សក្ខីកម្មនៅថ្ងៃពុធស្អែកមានដូចជាលោក William Taylor ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកស្ដីទីប្រចាំប្រទេសអ៊ុយក្រែន និងលោក George Kentឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការទ្វីបអឺរ៉ុប និងអាស៊ីអឺរ៉ុប។
លោក Taylor និងលោក Kent ស្ថិតក្នុងចំណោមមន្ត្រីការទូត និងមន្ត្រីសន្តិសុខជាតិសហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ន និងកាលពីអតីតកាល ដែលបានផ្ដល់សក្ខីកម្មក្នុងសវនាការបិទទ្វាររបស់គណៈកម្មាធិការរដ្ឋសភាក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។
គណៈកម្មាធិការមួយចំនួនរបស់រដ្ឋសភាបានផ្សព្វផ្សាយអត្ថបទនៃសវនាការទាំងនេះ ដែលនៅក្នុងនោះ មន្ត្រីទាំងនោះបានរៀបរាប់លំអិតអំពីវិធីដែលលោក Trump និងទីប្រឹក្សារបស់លោកដាក់សម្ពាធលើប្រទេសអ៊ុយក្រែនឲ្យធ្វើការស៊ើបអង្កេតលើអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលអាចជាគូប្រជែងដ៏ចម្បងរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ និងលើលោក Hunter Biden ដែលជាកូនប្រុសរបស់លោក Biden ទាក់ទិននឹងការងាររបស់លោក Hunter សម្រាប់ក្រុមហ៊ុនឧស្ម័នធម្មជាតិមួយរបស់ប្រទេសអ៊ុយក្រែន ក៏ដូចជាគំនិតដែលថា អ៊ុយក្រែនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ មិនមែនប្រទេសរុស្ស៊ីនោះផងដែរ។
ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែងនេះ កន្លងមកផ្ដោតលើការសន្ទនារវាងលោក Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីចុងខែកក្កដា ដែលនៅក្នុងការសន្ទនានោះ លោក Trump បានស្នើលោក Zelenskiy ឲ្យជួយស៊ើបអង្កេតលើលោក Biden៕