ការ​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​កំពុង​ដំណើរការ ខណៈ​ការ​បោះឆ្នោត​ឆ្នាំ​២០២០​ឈាន​មក​ដល់

  • Jim Malone

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឆ្លើយសំណួរពីអ្នកសារព័ត៌មាន នៅកន្លែងសម្រាកលំហែកាយ Mar-a-Lago នៅ​ក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ក្នុង​ខែ​នេះ នៅ​ពេល​ដែល​រដ្ឋសភា​សហរដ្ឋអាមេរិក​បោះឆ្នោត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ពី​តំណែង ដោយសារ​តែ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​បើកការ​ស៊ើបអង្កេត​ទៅ​លើ​លោក Joe Biden ដែល​ជា​គូ​ប្រជែង​នយោបាយ។

គេ​រំពឹង​ថា លោក ត្រាំ នឹង​រួច​ពី​ការ​ចោទប្រកាន់​នៅ​ក្នុង​សវនាការ​ចោទប្រកាន់​ទម្លាក់​ពី​តំណែង​នៅ​ដើម​ឆ្នាំ​ក្រោយ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ។ ប៉ុន្តែ​ជម្លោះ​នយោបាយ​ដែល​កើតឡើង​ដោយ​សារ​តែ​ការ​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​នឹង​ក្លាយ​ជា​កត្តា​មួយ​រួម​ចំណែក​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។​

រាល់​ពេល​មាន​បញ្ហា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ តែងតែ​អាច​ពឹងផ្អែក​លើ​អ្នក​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់​លោក​បាន។

បើ​ទោះ​ជា​រដ្ឋសភា​សហរដ្ឋអាមេរិក​បោះឆ្នោត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក ត្រាំ ​ពី​តំណែង​ក៏​ដោយ ក៏​លោក​នៅ​តែ​អាច​និយាយ​រិះគន់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​វិញ នៅ​ក្នុង​ការ​ប្រមូលផ្ដុំ​សាធារណៈ​មួយ​ក្នុង​រដ្ឋ Michigan។

លោក ត្រាំ បាន​ថ្លែង​ថា៖ «អ្នក​គឺ​ជា​អ្នក​ដែល​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​សហរដ្ឋអាមេរិក។ អ្នក​គឺ​ជា​អ្នក​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក។ យើង​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។ នេះ​គ្រាន់​តែ​ជា​លេស​តែ​ប៉ុណ្ណោះ‍»។

អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋអាមេរិក​ខាងគណបក្ស​ប្រជាធិបតេយ្យ ​បាន​និយាយ​ថា៖ «បទ​ចោទ​ទី​មួយ​ត្រូវ​បាន​អនុម័ត‍»។

អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា ពួកគេ​ចោទប្រកាន់​ទម្លាក់​លោក ត្រាំ ពី​តំណែង ដោយសារ​តែ​ពួកគេ​មិន​អាច​មិន​អើពើ​នឹង​ការ​ប៉ុនប៉ង​របស់​លោក​ប្រធានាធិបតី​ ក្នុង​ការ​ដែល​ឲ្យ​អ៊ុយក្រែនជួយ​លោក​ឈ្នះ​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតីម្ដង​ទៀត​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

លោក Steny Hoyer សមាជិក​រដ្ឋសភា​មក​ពី​រដ្ឋ Maryland ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ថា៖ «ការ​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​ចោទ​ជា​សំណួរ​ថា​តើ​យើង​នៅ​តែ​ជា​ប្រទេស​មួយ​ដែល​អនុវត្ត​ច្បាប់​ទៀត ដូច​ដែល​ស្ថាបនិក​របស់​យើង​ចង់​បាន​ដែរ​ឬទេ ឬ​មួយ​ក៏​យើង​នឹង​ទទួល​យក​មនុស្ស​ម្នាក់​ដែល​នៅ​ពី​លើ​ច្បាប់‍»។ ​

នៅ​ក្នុង​ព្រឹទ្ធសភា​ឱកាស​របស់​លោក​ប្រធានាធិបតី​ក្នុង​ការ​រួចខ្លួន​ពី​ការ​ចោទប្រកាន់​ទម្លាក់​ពី​តំណែង​នេះ​ល្អ​ប្រសើរ​ជាង​នៅ​រដ្ឋសភា ព្រោះ​សមាជិក​គណបក្ស​សាធារណរដ្ឋ​មាន​បំណង​នឹង​ឲ្យ​លោក​រួច​ខ្លួន​នៅ​ក្នុង​សវនាការ។ សមាជិក​គណបក្ស​សាធារណរដ្ឋ​ទាំង​នោះ​ក៏​រួម​មាន​ទាំង​លោក Mitch McConnell ប្រធាន​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ផង​ដែរ។

លោក McConnell ថ្លែង​ថា៖ «រដ្ឋសភា​មួយ​នេះ​បាន​ជះ​កំហឹង​របស់​គណបក្ស​នយោបាយ​របស់​ខ្លួន​មក​លើ​លោក​ប្រធានាធិបតី​ និង​បង្កើត​ព្រឹត្តិការណ៍​ថ្មី​ដ៏​ពិសពុល​មួយ ​ដែល​អាច​នឹង​កើតឡើង​ទៀត​នៅ​ពេល​អនាគត‍»។

លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹទ្ធសភា និយាយ​ថា គណបក្ស​របស់​លោក​នឹង​ជំរុញ​ឲ្យ​ករណី​នេះ​ដំណើរការ​ទៅ​មុខ។

លោក Schumer និយាយ​ថា៖ «ខ្ញុំ​គិត​ថា ប្រសិនបើ​យើង​ប្រាប់​លោក​ប្រធានាធិបតី​ថា លោក​អាច​រួចខ្លួន​លើក​នេះ​បាន លោក​នឹង​ធ្វើ​វា​ម្ដង​ហើយ​ម្ដង​ទៀត‍»។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​រំពឹង​ថា ការ​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​នឹង​ក្លាយ​ជា​កត្ដា​មួយ​រួម​ចំណែក​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Julie Pace នៃ​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press។

អ្នកស្រី Pace លើក​ឡើង​ថា៖ «នេះ​គឺ​ជា​រឿង​ធំ​មួយ​ដែល​គេ​មិន​ដឹង។ គណបក្ស​នយោបាយ​ទាំង​ពីរ​គិត​ថា រឿង​នេះ​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពួកគេ ហើយ​គណបក្ស​ទាំង​ពីរ​ក៏​គិត​ដែរ​ថា រឿង​នេះ​អាចប៉ះពាល់​ដល់​ពួកគេ​វិញ។ ប៉ុន្តែ​យើង​មិន​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដូច្នេះ​ពី​មុន​មក​ទេ។ លើក​នេះ​យើង​មាន​ការ​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង ហើយ​ប្រធានាធិបតី​រូប​នោះ​កំពុង​តែ​ឈរឈ្មោះ​ដើម្បី​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ម្ដង​ទៀត‍»។

រឿងរ៉ាវ​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​មក​លើ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។

ប៉ុន្តែ​អ្នក​បោះឆ្នោត​មិន​សូវ​ចងចាំ​បាន​យូរ​ទេ។ នេះ​គឺ​ជា​ការ​លើកឡើង​របស់​លោក Larry Sabato អ្នក​ជំនាញ​នៃ​សាកលវិទ្យាល័យ Virginia។

លោក Sabato មាន​ប្រសាសន៍​ថា៖ «រឿង​នេះ​នឹង​មិន​សូវ​សំខាន់​ទៀត​ទេ ទម្រាំ​ដល់​ខែវិច្ឆិកា​ឆ្នាំ​ក្រោយ [ដែល​ជា​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី]។ វា​នឹង​ក្លាយ​ទៅ​ជា​អតីតកាល ដែល​មាន​ន័យ​ថា នឹង​មាន​រឿង​ចម្រូងចម្រាស និង​បញ្ហា​ផ្សេងៗ​ទៀត។ បេក្ខជន​ពីរ​រូប​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​នឹង​លេចធ្លោ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ មិនមែន​រឿង​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​ទៀត​ទេ‍»។

ការ​ស្ទង់មតិ​សាធារណជន​បង្ហាញ​ថា សហរដ្ឋអាមេរិក​នៅ​តែ​បែកខ្ញែក​គ្នា​លើ​រឿង​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ ហើយ​ដំណើរការ​ដែល​មាន​រយៈពេល​យូរ​នៅ​ក្នុង​រដ្ឋសភា​នេះ អាច​កែប្រែ​ស្ថានការណ៍​នេះ​បាន​តិចតួច។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Capri Cafaro អ្នកវិភាគ​នៃ​សាកលវិទ្យាល័យ American។

អ្នកស្រី Cafaro ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ប៉ុន្តែ​ខ្ញុំ​គិត​ថា អ្វី​ដែល​បាន​កើតឡើង​ពាក់ព័ន្ធ​នឹង​រឿង​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​មិន​បាន​ប៉ះពាល់​អ្វី​ខ្លាំងក្លា​រហូត​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ប្ដូរ​ចិត្ត​នោះ​ទេ។ ខ្ញុំ​គិត​ថា វា​ធ្វើ​ឲ្យ​ពួកគេ​រឹត​តែ​សាមគ្គី​គ្នា​គាំទ្រ​លោក ត្រាំ ទៅវិញ​ទេ‍»។ ​

ព្រឹទ្ធសភា​នឹង​ពិនិត្យ​មើល​ថា​តើ​លោក ត្រាំ សក្ដិសម​នឹង​បន្ដ​កាន់​តំណែង​ប្រធានាធិបតី​ឬ​យ៉ាង​ណា​នៅ​ខែ​មករា​ខាង​មុខ​នេះ។ ​

ប៉ុន្តែ​គេ​រំពឹង​ថា អ្នក​សម្រេច​ចិត្ត​ចុងក្រោយ​គឺ​ជា​អ្នក​បោះឆ្នោត​អាមេរិកាំង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ក្រោយ​ទៅ​វិញ​ទេ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា