រដ្ឋសភា​ពេញ​អង្គ​ត្រូវ​គេ​រំពឹង​ថា ​នឹង​បោះ​ឆ្នោត​គាំទ្រ​លើ​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក Trump នៅ​ថ្ងៃ​ពុធ​នេះ

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេល​ជំនួបមួយនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ត្រូវ​គេ​រំពឹង​ថា​នឹង​បោះ​ឆ្នោត​គាំទ្រ​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ដោយ​ធ្វើ​ឲ្យ​លោក​ក្លាយជា​ប្រធានាធិបតី​ទី ៣ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​ដែល​នឹង​ប្រឈម​នឹង​សវនាការ​ចោទ​ប្រកាន់ និង​ការណ៍​ដែល​អាច​ឈាន​ដល់​ការ​ដក​ចេញ​ពី​តំណែង។

បើ​យោង​លើ​ក្បួន​ច្បាប់​ដែល​រដ្ឋសភា​សម្រេច​បាន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ រដ្ឋសភា​នឹង​ចំណាយ​ពេល ៦ ម៉ោង ដើម្បី​ជជែក​ដេញដោល​អំពី​បទ​ចោទ​ប្រកាន់​ពីរ​ករណី​ប្រឆាំង​នឹង​លោក Trump។

បទ​ចោទ​ទី​មួយ​បាន​ចោទ​លោក Trump ថា​បាន​រំលោភ​អំណាច​ជា​ប្រជាធិបតី ដោយសារ​លោក​បាន​ស្នើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​ក្រោយ។

បទ​ចោទ​ទី​ពីរ​បាន​ចោទ​លោក Trump ថា​បាន​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​សភា ដោយសារតែ​មាន​ការ​ជំទាស់​ទៅ​នឹង​ដីកា​របស់​សភា​ដែល​ចង់​ឲ្យ​មាន​ការ​ផ្ដល់​សក្ខីកម្ម និង​ឯកសារ​នានា។

ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ពេល​ល្ងាច នៅ​ប្រហែល​ជា​ចំ​ពេល​ដែល​លោក Trump គ្រោង​នឹង​ថ្លែង​នៅ​ឯ​កន្លែង​ជួបជុំ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ Michigan។

ដោយសារតែ​គណបក្ស​ប្រជាធិបតេយ្យ​ជា​អ្នក​គ្រប់គ្រង​រដ្ឋសភា បទ​ចោទ​ទាំង​ពីរ​ករណី​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​អនុម័ត ទោះបីជា​មាន​ការ​ប្រឆាំង​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​រដ្ឋសភា​ក៏​ដោយ។

សវនាការ​របស់​ព្រឹទ្ធសភា​នឹង​ធ្វើ​ឡើង​នៅ​ខែ​មករា​ខាង​មុខ ប៉ុន្តែ​ដោយសារតែ​គណបក្ស​សាធារណរដ្ឋ​របស់​លោក Trump ជា​អ្នក​គ្រប់គ្រង​ព្រឹទ្ធសភា ហើយ​ដោយសារ​ត្រូវការ​សំឡេង​ពីរ​ភាគ​បី​ដើម្បី​អាច​ផ្ដន្ទាទោស​បាន នោះ​ការ​ទម្លាក់​លោក Trump ចេញ​ពី​តំណែង​ទំនងជា​មិន​អាច​ទៅ​រួច​នោះ​ទេ៕