គណៈកម្មាធិការនីតិកម្មសភាអាមេរិកបានអនុម័តលើមាត្រា២នៃការចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រដែលជាការត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសភាពេញអង្គដែលអាចនឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ។
តាមរយៈសំឡេងឆ្នោត២៣ទល់នឹង១៧ស្របគណបក្ស គណៈកម្មាធិការនីតិកម្មបានអនុម័តមាត្រាដែលចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាចនិងរារាំងការស៊ើបអង្កេតរបស់សភា។
ឥឡូវការចោទប្រកាន់ជាផ្លូវការទាំង២នេះត្រូវបញ្ជូនទៅសភាពេញអង្គដែលនឹងពិភាក្សាបន្ថែមទៀតមុនការបោះឆ្នោតចុងក្រោយដោយសភាទាំងមូល ដែលទំនងជានឹងធ្វើឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយ។
បើសភាទាំងមូលអនុម័តមាត្រាទាំងពីរនេះ នោះលោក ត្រាំ ត្រូវបានចោទប្រកាន់ហើយត្រូវប្រឈមមុខនឹងការជំនុំជម្រះនៅព្រឹទ្ធសភានៅដើមឆ្នាំក្រោយ។
មួយសន្ទុះក្រោយការបោះឆ្នោត អ្នកនាំពាក្យសេតវិមានអ្នកស្រី Stephanie Grisham បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងការបោះឆ្នោតនេះ។
គណៈកម្មាធិការដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានបដិសេធការព្យាយាមរបស់គណបក្សសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ដែលចង់បន្សាបឬឲ្យទម្លាក់ចោលការចោទប្រកាន់នេះ តែផ្ទុយទៅវិញគណៈកម្មាធិការបានបោះឆ្នោតបញ្ជូនច្បាប់នេះទៅសភាពេញអង្គសម្រាប់ការបោះឆ្នោតដែលទំនងជានឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ។
បន្ទាប់ពីការតតាំងគ្នារយៈពេល១៤ម៉ោងដែលមានភាពចម្រូងចម្រាសជាមួយគណបក្សសាធារណរដ្ឋ សមាជិកសភាគណបក្សប្រជាធិបតេយ្យបានច្រានចោលការខិតខំប្រឹងប្រែងរបស់គណបក្សសាធារណរដ្ឋ ដែលទាមទារលុបបំបាត់ការចោទប្រកាន់ដែលថា លោក ត្រាំ បានរំលោភអំណាចប្រធានាធិបតីដោយជំរុញឱ្យប្រទេសអ៊ុយក្រែនស៊ើបអង្កេតលោក Joe Biden អតីតអនុប្រធានាធិបតីដែលជាគូប្រជែងរបស់លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតី២០២០៕