លោក Trump បញ្ឆេះ​រឿង​ចម្រូងចម្រាស​ថ្មី​ជុំវិញ​ការ​ប្រៀបធៀប​ការ​បង្កើត​ការងារ​​ទៅ​នឹង​ការ​ស្លាប់​របស់​ទាហាន​មួយរូប

រូបឯកសារ៖ អ្នក​ជំនួញ​ និង​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ស្វាគមន៍​អ្នក​គាំទ្រ​របស់​លោក នៅ​ខណៈ​ដែល​លោក​បាន​មក​ដល់​ដើម្បី​និយាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​ Century Center ក្នុង​ក្រុង South Bend រដ្ឋ Indiana សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី ០២ ខែឧសភា ឆ្នាំ​២០១៦។

លោក Donald Trump បេក្ខជន​ប្រធានាធិបតីស.រ​.អា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ឋិត​នៅ​ក្នុងរឿង​ចម្រូងចម្រាស​មួយកាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​លោក​បាន​និយាយ​ថា ​ការ​ដែល​លោកបានបង្កើត​ការងារ​រាប់ពាន់​ជា «ពលិកម្ម»មួយ បើ​ប្រៀប​ធៀប​នឹង​ការ​ស្លាប់នៃ​ទាហាន​អាមេរិកាំង​កាន់សាសនាឥស្លាម​ម្នាក់ ដែល​ត្រូវ​បាន​សម្លាប់នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេសអ៊ីរ៉ាក់។

លោក Khizr Khan ដែល​ជា​ឪពុក​របស់​លោកអនុសេនីយ៍​ឯក Humayun Khan នៃ​កង​ទ័ពជើង​គោកស.រ.អា​បាន​និយាយ​ប្រាប់បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​CNN ថា ​លោក Trump «មិន​សក្តិសម​ជា​អ្នកដឹកនាំ​ប្រទេស​នេះ​ជា​ដាច់ខាត»។

លោក Khan ដែល​ជា​ជន​អន្តោប្រវេសន៍​ប៉ាគីស្ថាន​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ប្រកប​ដោយ​ការ​រំជួល​ចិត្តនៅ​ក្នុង​មហា​សន្និបាត​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​សប្តាហ៍​មុន​ថា ​គ្រួសារ​លោក​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ចំណាក​ស្រុក​មក​កាន់​ស.រ.អា​ជា​ដាច់ខាត​តាមរយៈ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក Trump។ ​លោក Khan បាន​ថ្លែងថា នៅ​ក្នុង​មួយ​ជីវិត​របស់លោក លោក Trump មិន​បាន​ «ធ្វើ​ពលិកម្ម​អ្វី​ឡើយ​ និង​មិន​បាន​ធ្វើពលិកម្ម​នរណាម្នាក់ទេ»។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយដែល​បាន​ត្រូវផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​កម្មវិធី​ ABC News លោក Trump បាននិយាយ​ថា​ «ខ្ញុំ​យល់ថា​ខ្ញុំបាន​ធ្វើពលិកម្មច្រើន។ខ្ញុំ​ឧស្សាហ៍​ធ្វើការ​ណាស់ «ដោយ​បានបង្កើត» ការងារ​រាប់ពាន់។ ខ្ញុំគិត​ថា​ ទាំង​នេះ​ជា​ពលិកម្ម ពីព្រោះ​ខ្ញុំអាច​ឲ្យមនុស្សរាប់ពាន់នាក់មានការ​ងារ​ធ្វើ គិតគូរ​អំពីការ​សិក្សា​អប់រំ​របស់ពួកគេ គិតគូរ​អំពី​កិច្ចការ​ច្រើន»។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋរូប​នេះបានសួរ​ថា​ហេតុ​ដូចម្តេច​បាន​ជា​ភរិយា​លោក​ Khan គឺ​អ្នកស្រី​ Ghazala ឈរ​នៅជិត​ប្តី​អ្នកស្រី​នៅ​ពេល​លោកនិយាយ​ទៅ​កាន់មហា​សន្និបាត​ ហើយ​អ្នកស្រី​មិន​និយាយ​អ្វីសោះ ដោយ​លោក​បានថ្លែង​ថា​ក្នុង​ឋានៈជា​ស្ត្រី​ម្នាក់កាន់សាសនា​ឥស្លាម «ប្រហែល​ជា​អ្នកស្រី​មិន​បានត្រូវអនុញ្ញាត​ឲ្យ​និយាយ​អ្វី​សោះឡើយ»។

គូ​ប្រជែង​របស់លោក Trump នៅ​ក្នុងការបោះឆ្នោត​ជាតិ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​គឺ​លោកស្រី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា Hillary Clinton បាន​មានប្រសាសន៍​ប្រាប់​ការ​ជួបជុំ​មួយ​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​រដ្ឋ​ Ohio នា​តំបន់​កណ្តាលខាង​លិច​នៃ​ប្រទេស​អាមេរិកថា​ លោក Trump «បានវាយ​ប្រហារដោយ​ពាក្យសម្តី​លើឪពុក​ដ៏​ថ្លៃ​ថ្នូរ​របស់​ទាហាន​ម្នាក់ដែល​បានពលី​ជីវិត​របស់លោកដើម្បី​កង​ឯកភាព​របស់លោក​គឺ​លោកអនុសេនីយ៍ឯក Khan»។ កាល​ពី​ពេលមុន​នោះលោកស្រី​បាន​មានប្រសាសន៍​ថា លោកស្រី​«រំជួលចិត្តណាស់​ដោយ​ឃើញអ្នកស្រី​ Ghazala Khan ឈរ​ដោយ​ក្លាហាននិង​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​ក្នុង​ការ​គាំទ្រ​កូនប្រុស​អ្នកស្រី» នៅ​លើវេទិកា​នៃ​មហាសន្និបាត។

លោក Paul Rieckoff អ្នកបង្កើតអង្គការ​ក្រុម​ទាហាន​ជើង​ចាស់អាមេរិកាំង​ក្នុង​សង្គ្រាម​អ៊ីរ៉ាក់និង​អាហ្វហ្គានីស្ថាន​បាននិយាយ​ថា​ ការ​ដែល​លោកTrump ប្រៀបធៀប «ពលិកម្ម» របស់លោក​ក្នុងការ​បង្កើតការងារ​ទៅនឹង​នរណាម្នាក់ ដែល​បាន​បាត់បង់​កូនប្រុសម្នាក់​ក្នុងការ​ប្រយុទ្ធក្នុង​ប្រទេស​អ៊ីរ៉ាក់ «ជា​ការប្រមាថមើលងាយ ចោលម្សៀត​ និង​ល្ងង់ខ្លៅ»៕