សវនាការ​កាត់ទោស​លោក Trump លើក​ទី​ពីរ​ជា​ប្រវត្តិសាស្ត្រ ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ

រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្លែងនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតឲ្យសមាជិកគណបក្សសាធារណរដ្ឋ នៅទីក្រុង Dalton រដ្ឋ Georgia កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

សវនាការ​កាត់ទោស​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លើ​លោក​អតីត​ប្រធានាធិបតី Donald Trump ជា​ប្រវត្តិសាស្ត្រ​លើក​ទី​ពីរ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក Trump បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​កុបកម្ម​កាលពី​មួយ​ខែ​មុន ដោយសារ​ការ​ជំរុញ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ ឲ្យ​ប្រឈម​តតាំង​ជាមួយ​នឹង​សមាជិក​សភា​នៅ​ឯ​វិមាន​សភា នៅពេល​ដែល​សមាជិក​សភា​ទាំង​នោះ​កំពុង​ប្រកាស​ជា​ផ្លូវការ​ថា លោក Joe Biden ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។

ការ​តវ៉ា​ប្រឆាំង​របស់​ក្រុម​អ្នក​គាំទ្រ​លោក Trump នោះ បាន​ក្លាយទៅជា​ភាព​ចលាចល​ហិង្សា នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​ប្រហែល ៨០០ នាក់ បាន​សង្គ្រប់​សម្រុក​ចូល​ក្នុង​វិមាន​សភា ដោយជម្នះនឹងការរារាំងពីអាជ្ញាធរ និងវាយ​កម្ទេច​ទ្វារ​និង​បង្អួច រុះរើ​កកាយ​ការិយាល័យ​មួយ​ចំនួន និង​វាយតប់​ជាមួយ​ប៉ូលិស។ មនុស្ស ៥ នាក់​បាន​ស្លាប់​ នៅ​ក្នុង​ហេតុការណ៍​នោះ។

សមាជិក​ព្រឹទ្ធសភា ១០០ រូប ដែល ៥០ រូប​មកពីខាង​គណបក្ស​សាធារណរដ្ឋ និង ៥០ រូប​ទៀត​មកពីខាង​គណបក្ស​ប្រជាធិបតេយ្យ នឹង​ចូលរួម​នៅ​ក្នុង​សវនាការ​កាត់ទោស​នេះ។

សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ​បានឆ្លងកាត់បទពិសោធន៍​ដ៏​ពិសេស​មួយ ដោយពួកគេ​ជា​ច្រើន​នាក់បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ភាព​ចលាចល​កាលពី​ថ្ងៃ​ទី ៦ ខែ​មករា នៅពេល​ដែល​ពួកគេ​បាន​រត់​គេច​រក​សុវត្ថិភាព​ផ្ទាល់​ខ្លួន បន្ទាប់ពី​ក្រុម​អ្នក​គាំទ្រ​លោក Trump បាន​សម្រុក​ចូល​វិមាន​សភា។

ដើម្បី​អាច​ផ្ដន្ទាទោស​លោក Trump បាន ព្រឹទ្ធសភាត្រូវការ​សំឡេង​ឆ្នោត ២ ភាគ ៣។ ​ក្នុងករណីដែលក្រុមស​ប្រជាធិបតេយ្យ​ទាំង ៥០ រូប បោះឆ្នោត​ផ្តន្ទាទោស​លោក Trump នោះ​ព្រឹទ្ធសភាត្រូវការសំឡេងឆ្នោតពីសមាជិក​ព្រឹទ្ធសភាខាងគណបក្ស​សាធារណរដ្ឋចំនួន ១៧ រូប ដើម្បី​អាច​ផ្ដន្ទាទោស​លោក Trump ​បាន៕