ប្រធានាធិបតីស.រ.អា. Donald Trump ធ្វើដំណើរទៅកាន់ទ្វីបអាស៊ីដើម្បីបំពេញទស្សនកិច្ច១២ថ្ងៃក្នុងប្រទេសប្រាំនៅពេលមានភាពតានតឹងលើឧបទ្វីបកូរ៉េហើយការស្ទង់មតិថ្មីៗដោយកម្មវិធីទូរទស្សន៍ NBC News/SurveyMinkey និងដោយទស្សនាវដ្តី Economist/YouGov បង្ហាញថាជនជាតិអាមេរិកាំងចាត់ទុកប្រទេសកូរ៉េខាងជើងថាជាការគំរាមកំហែងបន្ទាន់បំផុតដល់ស.រ.អា.។
Trump មានកំណត់នឹងទៅទស្សនាប្រទេសកូរ៉េខាងត្បូងដែលជាគូប្រជែងរបស់ប្រទេសកូរ៉េខាងជើងពីថ្ងៃទី៧ដល់ថ្ងៃទី៨ខែវិច្ឆិកាដែលជាកន្លែងឈប់សំចតទីពីរនៅក្នុងដំណើរទស្សនកិច្ចរបស់គាត់។
គេរំពឹងថានៅក្នុងឱកាសទស្សនកិច្ចនេះ កិច្ចចរចាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងជាមួយមេដឹកនាំពិភពលោកឯទៀតៗនឹងផ្តោតទៅលើសំណួរថាតើធ្វើបែបណាដើម្បីដោះស្រាយបញ្ហារដ្ឋាភិបាលក្រុងព្យុងយ៉ាងអភិវឌ្ឍអាវុធបរមាណូនិងកាំជ្រួចមីស៊ីលផ្លោង។
កាលពីថ្ងៃសុក្រមុន លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Jim Mattis បានមានប្រសាសន៍នៅឯតំបន់គ្មានកងទ័ពហៅកាត់ថា DMZ នៅចន្លោះប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូងថា «គោលដៅរបស់យើងមិនមែនសង្គ្រាមទេ ក៏ប៉ុន្តែគឺការធ្វើកុំឱ្យឧបទ្វីបកូរ៉េមានអាវុធបរមាណូទាំងស្រុង អាចពិនិត្យផ្ទៀងផ្ទាត់បាននិងមិនអាចប្រែក្រឡះបានផងដែរ»។
ប្រធានាធិបតីស.រ.អា.រូបនេះនឹងមិនទៅកាន់តំបន់ DMZ ហើយឆ្លុះកែវយឹតមើលប្រទេសកូរ៉េខាងជើងទេ៕