ពួកសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីត្រូវគេរំពឹងនឹងផ្តោតលើវិស័យនានាដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកនៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំធ្វើដំណើរបំពេញទស្សន កិច្ចជាផ្លូវការលើកទីមួយទៅកាន់តំបន់នោះ។
នៅថ្ងៃទី៣ ខែវិច្ឆិកា លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនឹងធ្វើដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម ដែលនៅទីនោះលោកប្រធានាធិបតីត្រាំនឹងចូលរួមសន្និសីទកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិកដែលហៅកាត់ថា (APEC)និងប្រទេសហ្វីលីពីន។
ទោះយ៉ាងណាក៏ដោយ លោកប្រធានាធិបតីអាមេរិកត្រាំនឹងមិនចូលរួមសន្និសីទតំបន់អាស៊ីខាងកើតដែលរៀបចំឡើងដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានដែលនៅទីនោះពួកមេដឹកនាំតំបន់នឹងផ្តោតលើបញ្ហាសន្តិសុខដូចជាការគំរាមកំហែងអាវុធនុយក្លែអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ រដ្ឋបាលរបស់ប្រធានាធិបតីត្រាំមិនបានផ្តល់មូលហេតុចំពោះការមិនចូលរួមក្នុងសន្និសីទអាស៊ានទេ ដោយគ្រាន់តែនិយាយថា ការសម្រេចនេះធ្វើទៅតាមការគ្រោងទុក។
ក្នុងអំឡុងនៃជំនួបរបស់លោកប្រធានាធិបតីត្រាំជាមួយពួកមេដឹកនាំនៅក្នុងតំបន់ លោកប្រធានាធិបតីត្រាំមានផែនការគាំទ្រការបង្កើនការដាក់សម្ពាធរបស់អន្តរ ជាតិលើរបបគីម ជុនអ៊ុននៅក្នុងទីក្រុងព្យូងយ៉ាងដើម្បីឲ្យបោះបង់ចោលនូវអាវុធនុយក្លែអ៊ែរនិងកម្មវិធីកាំជ្រួចរបស់ខ្លួន។
ការរារាំងកូរ៉េខាងជើងមិនឲ្យអភិវឌ្ឍន៍កាំជ្រួចមីស៊ីលអន្តរទ្វីបឬ(ICBM)ដែលអាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិកបានក្លាយជាអាទិភាពសន្តិសុខជាតិសម្រាប់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ៕