ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ចង់​ធ្វើការ​ជាមួយ​នឹង​សភា​អាមេរិក​ដើម្បី​លុបចោល​កម្មវិធី​ឆ្នោត​ផ្សង​សំណាង​មក​រស់នៅ​អាមេរិក


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និយាយ​ថា អ្នក​ធ្វើការ​វាយប្រហារ​ជនជាតិ អ៊ូបេគីស្ថាន ដែល​បាន​សម្លាប់​មនុស្ស​កាល​ពី​រសៀល​ថ្ងៃ​អង្គារ នៅ​ក្នុង​សង្កាត់ Manhattan ទីក្រុង ញូវយ៉ក បាន​ចូល​មក​កាន់​សហរដ្ឋអាមេរិក​តាមរយៈ​កម្មវិធី​ឆ្នោត​ផ្សង​សំណាង​មក​រស់នៅ​សហរដ្ឋអាមេរិក។ ក្រោយ​ពី​មាន​ការ​វាយប្រហារ​នេះ លោក ត្រាំ ថ្លែង​ថា លោក​ចង់​ធ្វើការ​ជាមួយ​នឹង​សភា​អាមេរិក​ជា​បន្ទាន់​ដើម្បី​លុបចោល​នូវ​កម្មវិធី​ឆ្នោត​ផ្សង​សំណាង​មក​រស់នៅ​សហរដ្ឋអាមេរិក​មួយ​នេះ។

លោក ត្រាំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា «ថ្ងៃ​នេះ ខ្ញុំ​ចាប់ផ្តើម​ដំណើរការ​លុបចោល​កម្មវិធី​ឆ្នោត​ផ្សង​សំណាង​មក​រស់នៅ​សហរដ្ឋអាមេរិក​ DV។ ខ្ញុំ​នឹង​ស្នើ​ឲ្យ​សភា​អាមេរិក​ចាប់​ផ្តើម​ធ្វើ​ការ​ជាបន្ទាន់​ដើម្បី​លុបចោល​កម្មវិធី​នេះ។ កម្មវិធី​ឆ្នោត​ផ្សង​សំណាង​មក​រស់នៅ​សហរដ្ឋអាមេរិក​ DV នេះ ស្តាប់​ទៅ​ល្អ​ណាស់ ប៉ុន្តែ​វា​មិន​ល្អ​នោះ​ទេ។ យើង​ប្រឆាំង​នឹង​កម្មវិធី​នេះ‍»។

សម្រាប់​អ្នក​ដែល​ចង់​មក​រស់នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​មិន​មាន​ក្រុម​គ្រួសារ​នៅ​សហរដ្ឋអាមេរិក ឬ​គ្មាន​និយោជិក​ឧបត្ថម្ភ​ពួកគេ​ឲ្យ​នៅ​អាមេរិក ឬ​មិនមែន​ជា​ជនស្វែងរក​សិទ្ធិ​ជ្រកកោន​នោះ ​កម្មវិធី​ឆ្នោត​ DV គឺ​ជា​ជម្រើស​តែ​មួយ​គត់។ កម្មវិធី​នេះ​តម្រូវ​ឲ្យ​បេក្ខជន​ដែល​មាន​បំណង​ចង់​ដាក់​ពាក្យ ត្រូវ​មាន​កម្រិត​វប្បធម៌​យ៉ាង​ហោច​ណាស់ចប់​វិទ្យាល័យ​ឬ​មាន​បទពិសោធន៍​ការងារ​២​ឬ​៣​ឆ្នាំ។

ក្រសួង​ការបរទេស​អាមេរិក​បាន​គូស​បញ្ជាក់​ថា ព័ត៌មាន​អំពី​ទិដ្ឋាការ​គឺ​សម្ងាត់​ក្រោម​ច្បាប់​អាមេរិក ហើយ​ថា ពួកគេ​មិន​អាច​ផ្តល់​អត្ថាធិប្បាយ​អ្វី​លើ​ពាក្យ​សុំ​ទិដ្ឋាការ​ជាក់លាក់​ណា​មួយ​ឡើយ។
លោក Chuck Schumer មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ក្នុង​ព្រឹទ្ធសភា​អាមេរិក​ដែល​បាន​រៀបចំ​ច្បាប់​ដើម្បី​កម្មវិធី​ឆ្នោត​ផ្សង​សំណាង​នេះ​កាល​ពី​ទសវត្សរ៍​១៩៩០ បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា «ខ្ញុំ​តែងតែ​ជឿ​និង​បន្ត​ជឿ​ថា អន្តោប្រវេសន៍​ល្អ​សម្រាប់​អាមេរិក‍»។ ​លោក​បាន​ស្នើ​ថា លោក ត្រាំ គួរ​តែ​ផ្តោត​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​ផ្តល់​ថវិកា​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ដែល​នឹង​ត្រូវ​កាត់​បន្ថយ យោង​តាម​សំណើ​ថវិកា​ចុង​ក្រោយ​បង្អស់​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​រដ្ឋបាល​របស់​លោក​ជំនួស​វិញ៕

XS
SM
MD
LG