លោក​ ត្រាំ​ថ្លែង​ថា លោក​មិន​បារម្ភ​ពី​ការ​បិទ​រដ្ឋាភិបាល​ដោយ​សារ​ជម្លោះ​លើ​បញ្ហា​អន្តោប្រវេសន៍​នោះ​ទេ

លោក Dick Durbin សមាជិក​ព្រឹទ្ធសភា​ចោទសួរ​សាក្សី​ នៅ​ពេល​ដែល​គណៈកម្មាធិការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា​បើក​សវនាការ​លើ​គោលនយោបាយ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ត្រាំ លើ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ​ បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា ការ​បិទ​រដ្ឋាភិបាល​នៅ​ចុង​ឆ្នាំ​នេះ​អាច​ជា​ការ​ខាត​បង់​តូច​មួយ​ ដើម្បី​បង្ខំ​ឲ្យ​សភា​អនុម័ត​ទៅ​វិធានការ​តឹងរ៉ឹង​ជាង​មុន​ពាក់ព័ន្ធ​នឹង​ច្បាប់​អន្តោប្រវេសន៍។

លោក ត្រាំ​ បាន​សរសេរ​នៅ​លើ​ទំព័រ​ Twitter របស់​លោក​ថា៖ «ខ្ញុំ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ទៅ​លើ​នយោបាយ​នោះ​ទេ។ ច្បាប់​អន្តោប្រវេសន៍​និង​សន្តិសុខ​តាម​ព្រំដែន​របស់​យើង​ស្ថិត​ក្នុង​គ្រោះ​មហន្តរាយ​ទាំង​ស្រុង​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ហើយ​មិន​មាន​វិធី​ណា​ដែល​ពួក​គណបក្ស​ប្រជាធិបតេយ្យ​អនុញ្ញាត​ឲ្យ​មាន​ការ​កែកុន​បញ្ហា​នេះ​បាន​ ដោយ​ពុំ​ចាំបាច់​ត្រូវ​បិទ​រដ្ឋាភិបាល​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «សន្តិសុខ​ព្រំដែន​គឺ​ជា​សន្តិសុខ​ជាតិ ហើយ​សន្តិសុខ​ជាតិ​គឺ​ជា​ជោគជ័យ​យូរ​អង្វែង​របស់​ប្រទេស​ជាតិ​របស់​យើង។ ហើយ​លោក​បាន​បន្ថែម​ថា ការ​បិទ​រដ្ឋាភិបាល​អាច​នឹង​នាំ​មក​នូវ​សហរដ្ឋ​អាមេរិក​ដែល​មាន​សុវត្ថិភាព​និង​រុង​រឿង​មួយ។

នេះ​ជា​ថ្ងៃ​ទី៣​ជាប់​គ្នា​ហើយ​ដែល​លោក​ ត្រាំ បាន​ដាក់​គំនាប​ទៅ​លើ​សភា​ឲ្យ​យល់​ព្រម​ទៅ​លើ​ការ​ទាមទារ​របស់​លោក​ឲ្យ​សាងសង់​ជញ្ជាំង​ដ៏​ចម្រូង​ចម្រាស​នៅ​តាម​ព្រំ​ប្រទល់​រវាង​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក ដើម្បី​រារាំង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។ ទោះ​ជា​យ៉ាង​នេះ​ក្តី ពីរ​ដង​មក​ហើយ​ក្នុង​ខែ​មិថុនា ដែល​ សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ក្នុង​សភា​តំណាង​រាស្ត្រ​រួម​ជាមួយ​នឹង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​ដាច់​ខាត​នោះ​ បាន​ច្រាន​ចោល​ការ​ធ្វើ​កំណែ​ទម្រង់​បញ្ហា​អន្តោប្រវេសន៍​ដែល​លោក​ ត្រាំ គាំទ្រ រួម​បញ្ចូល​ទាំង​ថវិកា ២៥ពាន់​លាន​ដុល្លារ​ដែល​ស្នើ​ឡើង​ដើម្បី​សាងសង់​ជញ្ជាំង​ផង​ដែរ៕