លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនិយាយថា មានឱកាសល្អសម្រាប់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួននិងសម្រាប់មនុស្សជាតិដោយការចាត់វិធានការធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
នៅក្នុងការចុះផ្សាយសារតាមប្រព័ន្ធ Twitter មួយកាលពីថ្ងៃពុធ ប្រធានាធិបតីត្រាំ បាននិយាយថា លោករំពឹងនឹងជួបជាមួយ គីមជុងអ៊ុន ក៏ប៉ុន្តែបានសង្កត់ពី សេចក្តីត្រូវការដើម្បីបង្កើនការដាក់ទណ្ឌកម្ម និងការគៀបសង្កត់ជាអតិបរមានៅក្នុងពេលដ៏សំខាន់នេះ។
ចិនបានប្រាប់ឲ្យដឹងថា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចសម្ងាត់របស់គីម ជុងអ៊ុន ទៅកាន់ទីក្រុងប៉េកាំង លោកគីម ជុងអ៊ុនបានបញ្ជាក់ពីការតាំងចិត្តរបស់គាត់ដើម្បីធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េហើយនឹងចូលរួមការចរចាជាមួយសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង។
យោងទៅតាមទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការនៃប្រទេសចិនបានប្រាប់ឲ្យដឹងថា លោកគីម បានធ្វើដំណើរបំពេញទស្សនកិច្ចក្រៅផ្លូវការទូតចាប់តាំងពីថ្ងៃអាទិត្យដល់ថ្ងៃពុធហើយបានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបាននិយាយថា លោកស៊ី ជីនពីងបានផ្ញើរសារជូនលោកដោយនិយាយថា ជំនួបរបស់លោកជាមួយគីមបានប្រព្រឹត្តិទៅយ៉ាងល្អហើយថា មេដឹកនាំកូរ៉េខាងជើងរំពឹងនឹងជួបជាមួយប្រធានាធិបតីត្រាំ៕