លោក Trump ប្រឈម​នឹង​ការពិបាកជា​ច្រើន​នៅ​​ពេល​បោះឆ្នោត ​ដោយសារ​វិធី​ដោះស្រាយ​បញ្ហា​ជំងឺ​កូវីដ១៩​របស់​លោក

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅសេតវិមាន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

លោក Donald Trump មហា​សេដ្ឋី​អចលនទ្រព្យ​និង​ជា​អ្នក​រៀប​ចំកម្មវិធី​ទូរទស្សន៍​ឥត​ព្រាង​ទុក​ហៅ reality show ត្រូវ​បាន​ពួក​អ្នក​បោះឆ្នោត​ច្រើននាក់​យល់ឃើញ​ថា​ជា​អ្នក​មាន​របៀប​ថ្មីនៅ​ក្នុង​ឆាក​នយោបាយ​អាមេរិក​នៅ​ពេល​លោក​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦ ប៉ុន្តែជា​អ្នក​ដែលគួរ​ផ្តល់​ឱកាស​ជូន ទោះ​បី​ជា​មនុស្ស​ច្រើននាក់​យល់​ថា​លោក​ប្រាកដ​ជា​នឹងចាញ់​ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ទូទាំង​ប្រទេស​ក៏ដោយ។

ក៏ប៉ុន្តែ​លោក Trump បាន​ឈ្នះ​លោកស្រី Hillary Clinton នៅ​ពេល​នោះ ហើយនៅ​ពេល​នេះ​លោក​ត្រឡប់​មក​ឈរ​ឈ្មោះ​ម្តង​ទៀត។​ ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​កំពុងកាន់​តំណែង​ លោក​បាន​ទទួល​ការតែងតាំង​ជា​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​សម្រាប់​អាណត្តិ​ទីពីរ​ជា​មួយ​សុន្ទរកថាមួយ​ដែល​លោក​បានថ្លែង​ពី​សេតវិមាន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី២៧​សីហា។​ បន្ទាប់​មក​មាន​ការ​បាញ់​កាំជ្រួច​នៅ​ឯ​វាលស្មៅ​ National Mall ​ដើម្បី​អបអរ​សាទរ​ហេតុការណ៍​នេះ។

លោក​ Trump មាន​ប្រវត្តិ​ការងារ​បី​ឆ្នាំ​កន្លះ​នៅ​ក្នុង​សេតវិមាន​ដែល​អាច​ត្រូវ​ពណ៌នា​ថា មិន​រលូន ហើយ​ពួក​អ្នក​រិះគន់​និយាយ​ថា ​មាន​ភាពច្របូក​ច្របល់​និង​មិនទៀងទាត់​ទៀត​ផង។​ ពួកអ្នក​គាំទ្រ​លោក Trump បាន​សរសើរ​លោក​ថា​ មុះមុត​និង​មាន​ការបញ្ចូល​របៀបថ្មីៗ​ដោយ​ផ្តល់​គុណវឌ្ឍិ​ដល់​លោក​ថា​ បានធ្វើឱ្យ​មាន​ឡើង​វិញ​នូវទស្សនៈគិតគូរ​អំពី​ផល​ប្រយោជន៍​ប្រទេស​អាមេរិក​សំខាន់ជាងអ្វីៗ​ទាំង​អស់ ហៅ America First នៅ​ទូទាំង​ពិភពលោក ស្រប​ពេល​ដែល​លោក​ចាត់វិធានការ​ជំរុញ​ទៅ​កាន់​ស្ថានភាព​ជិវិត​ដែលមិនសូវ​មាន​ការជ្រៀតជ្រែក​ពីសំណាក់​រដ្ឋាភិបាល​សហព័ន្ធ​នៅក្នុង​សហរដ្ឋ​អាមេរិក។

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៣ ខែ​វិច្ឆិកា​ដែល​ជា​ការប្រជែងគ្នា​រវាង​លោក Trump និង​លោក​អតីត​អនុប្រធានាធិបតី Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ កាន់​តែ​ខិត​ជិតឡើង។ មាន​ហេតុការណ៍គួរ​កត់​សម្គាល់​មួយ​ចំនួន​នៅ​ពេល​លោក ​Trump កាន់​តំណែង​ប្រធានាធិបតី​។ លោក​មានជោគជ័យ​ក្នុងការ​តែងតាំង​អ្នកច្បាប់​អភិរក្សនិយម​ពីរ​នាក់​ឱ្យ​កាន់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​ ការ​លូតលាស់​នៃសេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ដោយ​មាន​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ទាប​ក្នុង​រយៈ​ពេលប្រាំ​ទសវត្សរ៍ ​និង​ការចោទប្រកាន់ដើម្បីដក​តំណែង​លោក​ និង​ការ​រួចទោស​ពី​បទ​ចោទ​ប្រកាន់​ថា ​លោក​បាន​ស្វះស្វែងសុំ​ជំនួយពីប្រទេស​អ៊ុយក្រែន​ដើម្បីធ្វើឱ្យ​ប្រឡាក់ប្រឡូស​ដល់​ការ​ឈរឈ្មោះ​របស់​លោក Biden សម្រាប់​តំណែង​ប្រធានាធិបតី។

ក៏ប៉ុន្តែ​ជោគ​ជ័យ​ទាំង​នេះ​របស់​លោក ​Trump ​ទំនង​ជា​មិន​សូវសំខាន់​ទេ​សម្រាប់ពួក​អ្នក​បោះឆ្នោត​ច្រើន​នាក់​ បើ​ប្រៀបធៀប​ជា​មួយការ​ដោះស្រាយ​របស់​លោក​អំពី​វិបត្តិ​សុខភាព​សាធារណៈ​ជា​ប្រវត្តិសាស្ត្រ​មួយ—គឺ​ការរាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ដែល​មាន​ដើមកំណើត​ពី​ប្រទេស​ចិនហើយ​ចាប់​តាំង​ពី​ខែ​មីនា​មក​បានបណ្តាល​ឱ្យ​មនុស្ស​ជាង​១សែន៨ម៉ឺន​នាក់​ស្លាប់​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ជា​ចំនួន​នាំ​មុខ​គេ​នៅ​ក្នុង​ពិភពលោក​និង​នាំ​ឱ្យ​មាន​ការ​ឆ្លងដល់​មនុស្ស​ជិត​៦​លាន​នាក់​នៅ​ក្នុង​ប្រទេស​អាមេរិក​ផង​ដែរ។

នៅ​ពេល​ត្រូវ​សួរ​កាល​ពី​ពេលថ្មីៗ​នេះ​ឱ្យ​លោក​ស្ទង់​ប៉ាន់មើល​ចំនួន​មនុស្ស​បាត់បង់​ជីវិត​ដោយសា​រជំងឺ​នេះ​នៅ​ក្នុង​ស.រ.អ. លោក​ Trump បាន​ឆ្លើយ​តប​ថា​«នេះជា​អ្វី​ដែល​កើត​មានឡើង»។

ការ​ដោះស្រាយ​បញ្ហា​ជំងឺ​កូវីដ​១៩

ការ​ស្ទង់​មតិ​បង្ហាញ​ថា​ សាធារណជន​អាមេរិកាំង​មិនពេញ​ចិត្ត​នឹង​ការដោះស្រាយ​របស់​លោក Trump ដល់​បញ្ហា​នៃការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺកូវីដ១៩ទេ។​ ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខាងកិច្ចការ​សាធារណៈ NORC បាន​និយាយ​នៅ​ក្នុង​សប្តាហ៍​ទីបី​នៃ​ខែ​សីហា​ថា ​ការ​យល់ស្រប​ចំពោះ​របៀប​ដោះស្រាយ​បញ្ហា​ជំងឺ​កូវីដ​ដោយ​លោក Trump បានចុះថយ​ខ្លាំង​មក​នៅ​ត្រឹម​តែ​៣១% នៅ​ពេល​ដែល​ក្រុម​សមាជិក​គណបក្ស​សាធារណរដ្ឋប្រមូលផ្តុំ​គ្នា​ដើម្បីចូល​រូម​ក្នុង​មហាសន្និបាត​បួនថ្ងៃរបស់​គណបក្ស​ពួក​គេ។

ពួក​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​មុតមាំបាន​ប៉ុនប៉ង​ពណ៌នា​លោក Trump ថា មិន​ចេះ​រារែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វីរុស​កូរ៉ូណាដោយ​និយាយ​យោង​ដល់​ការណ៍​ដែល​លោក​បាន​រារាំង​មិន​ឱ្យ​ពួក​អ្នក​ដំណើរ​ពី​ប្រទេស​ចិន​ចូល​ក្នុង​ប្រទេស​អាមេរិក​កាល​ពីដើម​ឆ្នាំ២០២០នៅ​ក្រោយ​វីរុស​នេះ​បាន​រាលដាល​ដំបូង​នៅ​ក្នុង​ក្រុង Wuhan។​

ក៏​ប៉ុន្តែ​លោក Trump បាន​សម្តែង​ការសង្ស័យ​ជារៀង​រហូត​អំពី​ភាព​ប្រល័យ​នៃវីរុស​នេះនិង​ផល​ប៉ះពាល់​លើ​សហរដ្ឋ​អាមេរិក។

នៅក្នុង​ផ្នែក​មួយ​នៃសេចក្តី​សម្ភាសន៍​តាម​ទូរទស្សន៍​កាល​ពី​ចុង​ខែ​កុម្ភៈ​ដែល​បាន​ត្រូវ​ចាក់​ផ្សាយ​ច្រើន​ដង​តាម​កម្មវិធី​ព័ត៌មាន លោក Trump ទស្សន៍ទាយ​ថា ​វីរុសកូរ៉ូណា​«នឹង​បាត់​សូន្យ​វិញ»។

លោក​បាន​ថ្លែង​ថា«នៅ​ថ្ងៃ​ណា​មួយ​ វា​ដូច​ជា​អព្ភូតហេតុ​ វីរុសនេះនឹងរលាយ​បាត់។»

ក៏​ប៉ុន្តែ​សាធារណជន​អាមេរិកាំង​ដែល​ហាក់ដូច​ជា​ មិន​បាន​ប្រុងប្រៀប​ខ្លួន​បាន​ជួប​ប្រទះ​មហន្តរាយ​សេដ្ឋកិច្ច​បណ្តាល​មក​ពី​វីរុស​រាល​ដាល​នេះ។​ ក្រុម​អ្នក​ធ្វើ​ការងារ​ជាង​៥០លាននាក់​បាន​បាត់បង់​កាងារគឺជាងមួយ​ភាគបួន​នៃ​កម្លាំង​ពលករ​សហរដ្ឋ​អាមេរិក​នៅ​ពេល​ដែល​ពួកអភិបាល​រដ្ឋ​បញ្ជា​ឱ្យ​បិទ​ធុរកិច្ច ដើម្បី​ទប់ទល់​នឹង​ការរាតត្បាត​នៃ​ជំងឺកូវីដ១៩។​ សាលារៀន​និង​សាកលវិទ្យាល័យ​បាន​បញ្ឈប់​ការបង្រៀន​ក្នុង​ថ្នាក់រៀន​ដោយ​រៀន​តាមអ៊ីនធឺណិតវិញពី​ផ្ទះ​វិញ។ សម្ព័ន្ធ​ពួក​កីឡាករ​ប្រចាំអាជីព​និងក្រុមកីឡាករ​មហាវិទ្យាល័យបាន​ពន្យារ​ពេល​ឬ​បញ្ឈប់​រដូវប្រកួត​របស់ពួក​គេ។ ចំណែក​ឯ​មន្ទីរពេទ្យវិញ​បាន​លើក​ពេល​ការ​វះកាត់ដែល​អាច​ចាំបាន ហើយ​ភោជនីយដ្ឋាន​បាន​ប្រើ​សេវា​បញ្ជូន​ម្ហូប​និង​ទៅ​យក​ម្ហូប​នៅក្រៅ​អាហារដ្ឋាន។

អស់​ពេល​ជា​ច្រើនសបា្តហ៍​ លោក Trump បាន​ធ្វើ​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ​អំពី​វីរុស​កូរ៉ូណា​ តែ​ជា​ញឹក​ញយ​លោក​បាននិយាយ​ថា ​ជំងឺ​នេះ​មិន​ធ្ងន់ធ្ងរទេ។ លោក​បាន​អំពាវនាវ​ឱ្យ​ផលិត​វ៉ាក់សាំង​ឱ្យ​បាន​លឿន​ ទោះណា​ជា​ពួកអ្នក​ជំនាញ​សុខាភិបាល​បាន​ថ្លែងថា ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​អាច​ផលិត​បាន​នៅ​ដំណាច់​ឆ្នាំ​នេះ​ឬ​ដើម​ឆ្នាំ​២០២១។

ក្នុង​មួយ​រយៈពេល​លោក Trump បាន​សរសើរ​ឱសថជំងឺ​គ្រុនចាញ់​ឈ្មោះ hydroxychloroquine ថា​ជា​ថ្នាំ​អាច​ព្យាបាលជំងឺ​កូវីដ១៩​បាន​ ហើយ​លោក​បានថ្លែង​ថា​លោក​បាន​ប្រើឱសថ​នេះ​រាល់ថ្ងៃ។ ក៏ប៉ុន្តែការ​សិក្សា​ខាង​សុខាភិបាល​នៅ​ក្នុងប្រទេស​មួយ​ចំនួន​ចែង​ថា​ឱសថ​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ​ក្នុង​ការ​ព្យាបាល​ជំងឺនេះ។ នៅ​ពេល​ដែលពួក​អ្នក​ជំនាញ​ខាង​សុខភាព​បាន​សុំ​ដល់​ពលរដ្ឋអាមេរិកាំង​ឱ្យពាក់ម៉ាស់​ដើម្បីទ​បទល់​នឹង​វីរុសនេះ​ លោក Trump បាន​បញ្ជូន​សារផ្ទុយ​គ្នា​អំពី​ប្រសិទ្ធភាព​នៃ​ការ​ពាក់​ម៉ាស់។

ពួក​អ្នក​ជំនាញ​ខាង​សុខភាព​ទស្សន៍ទាយ​ថា​ ជនជាតិ​អាមេរិកាំងរាប់ម៉ឺន​នាក់​ទៀត​នឹង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខ​នេះ។ នៅ​ពេល​នេះ​ចំនួន​ករណី ​ឆ្លង​វីរុស​នេះថ្មីៗចុះ​ថយ​តែ​មិន​បាន​ត្រូវ​កម្ចាត់​នៅឡើយ​ទេ។ អត្រា​មនុស្ស​គ្មាន​ការងារធ្វើ​បាន​ឡើង​ដល់១​៤,៧%កាល​ពី​ខែ​មេសា​ ហើយ​បាន​ចុះ​ថយមក​នៅ​ត្រឹម​១០,២% ក្នុង​ខែកក្កដា។ ពួក​អ្នក​ជំនាញ​និយាយ​ថា​ ការរើប​ជា​ផ្នែក​នេះ​នៅ​ខ្សោយ​នៅ​ឡើយ។​ លោក​ Trump បាន​និយាយ​ថា ​សេដ្ឋកិច្ច​នឹង​ល្អ​ប្រសើរ​ជាង​មុន​ ចាប់​ពីពាក់​កណ្តាល​ឆ្នាំ២០២០​និង​ក្នុង​ឆ្នាំ២០២១។​

បាតុកម្ម​កើតឡើង​នៅ​ទូទាំង​ប្រទេស

នៅ​ពេល​ដែលវីរុស​កូរ៉ូណា​រាលដាល​យ៉ាង​ស្ងាត់​ស្ងៀម​នៅក្នុង​រដ្ឋ​ទាំង​អស់៥០​នៃ​សហរដ្ឋ​អាមេរិក ​លោក​ Trump ប្រឈម​នឹង​បាតុកម្ម​ខឹង​សម្បារ ហើយ​ជួន​កាល​មាន​អំពើហិង្សា​នៅ​ទូទាំង​ប្រទេស​នៅ​ក្រោយ​ការស្លាប់​កាល​ពី​ថ្ងៃ​ទី​២៥ឧសភា​នៅក្នុង​ក្រុង Minneapolis រដ្ឋ​ Minnesota នៃ​លោក​ George Floyd។ លោក​ជាបុរស​អាមេរិកាំងដើម​កំណើត​អាហ្វ្រិក​ម្នាក់​ដែល​ប៉ូលិសស្បែក​ស​ម្នាក់​បាន​ចាប់ផ្តូល​លោក​នឹង​ដាក់​ជង្គង់​សង្កត់​ក​ជាង​៨​នាទី។

លោក Trump បាន​សម្តែងការ​គាំទ្រ​ដល់​បាតុកម្ម​ដោយសន្តិវិធី​ តែ​លោក​បាន​ប្រកាន់​គោលជំហរ​ច្បាប់និង​របៀប​រៀបរយ​ដោយ​តឹងរ៉ឹងប្រឆាំង​នឹង​ពួក​បាតុករ​ហិង្សា។​ ពួក​អ្នក​រិះគន់​និង​ពួក​អ្នក​គាំទ្រ​លោក​ខ្លះ ​បាន​ថ្កោលទោស​សកម្មភាព​របស់​ពួក​មន្ត្រី​សហព័ន្ធ​និង​ពួក​មន្ត្រី​មូលដ្ឋាន​ខាង​ការពង្រឹង​ច្បាប់​ដែល​បាន​បណ្តេញ​ក្រុម​បាតុករ​ចេញ​ពី​ឱទ្យាន​មួយ​នៅ​ទល់មុខ​សេតវិមាន​កាល​ពី​ថ្ងៃ១មិថុនា​នៅ​ពេល​លោក Trump ដើ​រឆ្លង​ផ្លូវ​ហើយ​ទៅ​ឈរ​នៅ​មុខ​វិហារ​គ្រឹស្តសាសនា​មួយដោយ​កាន់​គម្ពី​ប៊ីប ហើយ​លើក​ឡើង​លើ។

អនាគតមិនប្រាកដ​ប្រជា

ជា​មួយ​ព្រឹត្តិការណ៍​ច្រើន​បាន​កើត​មាន​នៅ​ពាក់​កណ្តាល​ទី​មួយ​នៃ​ឆ្នាំ២០២០ ជោគវាសនា​នយោបាយ​របស់​លោក Trump នៅ​ពេល​នេះ​មិន​ប្រាកដ​ប្រជា​ទេ។​ ការ​ស្ទង់មតិជា​ច្រើន​បង្ហាញ​ថា​លោក​នៅ​ពី​ក្រោយ​លោក Biden ជា​មធ្យមភាគ​ចំនួន​៧,៦ភាគ​រយ​ នេះ​បើតាម​ការស្ទង់មតិ​ដោយ​គេហទំព័រ​ RealClearPlitics។

មានប្រធានាធិបតី​ស.រ.អ.តែ​ពីរ​នាក់​ទេ​ដែល​បាន​ចាញ់ឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ​ក្នុង​ពេលបួន​ទសវត្សរ៍​កន្លង​ទៅនេះ។ ពួកអ្នក​គាំទ្រ​លោក Trump បាន​កត់​សម្គាល់​ថា​លោក Trump ក៏​បាននៅ​ក្រោយគូ​ប្រជែង​របស់​លោក​ក្នុង​ការ​ស្ទង់មតិ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពីឆ្នាំ២០១៦​នៅ​មុន​លោក​យក​ជ័យជម្នះ​លើ​លោកស្រី Hillary Clinton អ្នក​ការទូត​កំពូល​របស់​ប្រទេស​អាមេរិក។

ពាក្យ​ស្លោកនៃ​ការ​ឃោសនា​បោះឆ្នោត​សម្រាប់​អាណត្តិទី​ពីរ​របស់​លោក​ Trump គឺ «រក្សា​ប្រទេស​អាមេរិក​ដ៏​អស្ចារ្យត​ទៅ​ទៀត» ដែល​ខុស​គ្នា​បន្តិច​ពី​ពាក្យ​ស្លោក​ថា«ធ្វើប្រទេស​អាមេរិក​ឱ្យ​អស្ចារ្យ​ឡើង​វិញ»កាល​ពី​ឆ្នាំ២០១៦។

នៅពេល​នេះ​លោក​បាន​និយាយ​ថា​ លោក​នឹង​ស្តារសេដ្ឋិច្ច​សហរដ្ឋ​អាមេរិក​ឡើង​វិញ​ដែល​ជា​សេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ប្រសិន​បើ​ក្រុមអ្នក​បោះឆ្នោត​យល់​ព្រមឱ្យ​លោក​កាន់​តំណែង​មួយ​អាណត្តិ​ទៀត​ក្នុង​សេតវិមាន។

លោក Trump បាន​សន្យា​ថា​«យើង​បាន​ស្តារ​សេដ្ឋកិច្ចម្តង​ហើយ ហើយយើង​នឹង​ស្តារសេដ្ឋកិច្ច​ជា​ថ្មីទៀត ហើយ​លើក​នេះ​យើង​នឹង​បញ្ចប់​ការងារ​នេះ‍»។

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ​