លោក Trump ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចប់​កម្មវិធី​ការពារ​ការ​បញ្ជូន​អ្នក​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​កាល​ពី​នៅ​កុមារ​ចេញ​ពី​ប្រទេស

លោក​ប្រធានាធិបតី Donald Trump និយាយ​ជាមួយ​នឹង​ក្មេងៗ​ដែល​ប៉ះពាល់​ដោយ​ព្យុះ Harvey ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​មជ្ឈមណ្ឌល NRG ក្នុង​ក្រុង Houston កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ស្អែក អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​នៅ​ក្នុង​ការ​បញ្ចប់​កម្មវិធី​មួយ​ដែល​ការពារ​មិន​ឲ្យ​មាន​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ឪពុក​ម្ដាយ​របស់​ពួកគេ​យក​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​កាល​ពី​ពួកគេ​នៅ​ជា​កុមារ។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ដែល​រៀបរាប់​អំពី​វិធានការ​នេះ​ប្រាប់​អ្នក​សារព័ត៌មាន បាន​និយាយ​ថា វិធានការ​នោះ​នឹង​មាន​ដាក់​បញ្ចូល​នូវ​ការ​ពន្យារពេល​រយៈពេល ៦ ខែ ដើម្បី​ទុក​ពេល​ឲ្យ​សភា​អាមេរិក​ដោះស្រាយ​បញ្ហា​នេះ។

មន្ត្រី​រដ្ឋាភិបាល​ទាំង​នោះ​ក៏​បាន​រំឭក​ផង​ដែរ​ថា លោក Trump អាច​ផ្លាស់ប្ដូរ​ចិត្ត​របស់​លោក។

កម្មវិធី​សកម្មភាព​ពន្យារពេល​សម្រាប់​ការ​ធ្វើ​ដំណើរ​មក​ដល់​សហរដ្ឋ​អាមេរិក​កាល​ពី​កុមារភាព ដែល​ហៅ​កាត់​ថា DACA បាន​ផ្អាក​ការ​បញ្ជូន​មនុស្ស​ជិត ៨ សែន​នាក់ ចេញ​ពី​សហរដ្ឋ​អាមេរិក ដោយ​ផ្ដល់​នូវ​ប័ណ្ណ​ការងារ​ដែល​អាច​សុំ​ឡើង​វិញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ម្ដង សម្រាប់​បេក្ខជន​ណា​ដែល​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ប័ណ្ណ​នេះ។

អ្វី​ដែល​គេ​មិន​ច្បាស់​នោះ​គឺ​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​សភា​មិន​ចាត់​វិធានការ​ណា​មួយ​មុន​ពេល​ដែល​រយៈពេល ៦ ខែ នៃ​ការ​ពន្យារពេល​នេះ​ផុត​កំណត់ ឬ​ក៏​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​នរណា​ម្នាក់​ដែល​ប័ណ្ណ​ការងារ​របស់​អ្នក​នោះ​តម្រូវ​ឲ្យ​ធ្វើ​ឡើង​វិញ​នៅ​ក្នុង​អំឡុង​ពេល​នោះ។

កន្លង​មក លោក Trump ធ្លាប់​បាន​សន្យា​នៅ​ពេល​លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថា នឹង​លុប​ចោល​នូវ​កម្មវិធី​ការពារ​ការ​បញ្ជូន​មនុស្ស​ចេញ​ពី​សហរដ្ឋ​អាមេរិក​នេះ ដោយ​លោក​បាន​ហៅ​កម្មវិធី​នោះ​ថា​ជា «ការ​លើកលែង​ទោស»។ ចាប់តាំង​ពី​ធ្វើ​ជា​ប្រធានាធិបតី​មក លោក Trump បាន​និយាយ​ថា បញ្ហា​នេះ​គឺ​ជា​បញ្ហា​ដ៏​លំបាក​ជា​ទី​បំផុត​មួយ​ដែល​លោក​បាន​ដោះស្រាយ​កន្លង​មក​ក្នុង​នាម​ជា​ប្រធានាធិបតី៕