លោកអតីតប្រធានាធិបតី Donald Trump កំពុងប្រឈមនឹងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ និងការកាត់ក្តីនាពេលខាងមុខនេះ។ លោកមិនបានចូលរួមនៅក្នុងការជជែកដេញដោលចំនួនប្រាំលើកជាមួយគូប្រជែងដែលឈរឈ្មោះជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២៤ នេះទេ ហើយលោកបន្តអះអាងដោយមិនពិតថា លោកត្រូវបានគេបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិទី ២ នៅក្នុងឆ្នាំ ២០២០ ដែលលោកបានចាញ់លោកប្រធានាធិបតី Joe Biden។
ក៏ប៉ុន្តែការបោះឆ្នោតជាតិលើកដំបូងក្នុងឆ្នាំ ២០២៤ នេះ សម្រាប់ការតែងតាំងបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Iowa បានបង្ហាញថា លោកក៏មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយអ្នកគាំទ្ររបស់លោកផងដែរ ដោយលោកទទួលបានជ័យជម្នះនៅក្នុងស្រុកចំនួន ៩៨ ក្នុងចំណោមស្រុកចំនួន ៩៩ នៅក្នុងរដ្ឋ Iowa ដែលជារដ្ឋសម្បូរកសិកម្មនៅភាគកណ្តាលប្រទេសនេះ។
លោក Trump បានឈ្នះការបោះឆ្នោតជាងពាក់កណ្តាលកាលពីយប់ថ្ងៃចន្ទ គឺលើសពីរដងនៃសំឡេងឆ្នោតគូប្រជែងទាំងពីរបន្ទាប់ពីលោក។ អភិបាលរដ្ឋ Florida លោក Ron DeSantis បានទទួលចំណាត់លេខ ២ ដោយឈ្នះអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ និងជាអតីតអភិបាលរដ្ឋ South Carolina គឺអ្នកស្រី Nikki Haley ដែលបានទទួលចំណាត់ថ្នាក់លេខ ៣។ ចំណែកឯចំណាត់ថ្នាក់លេខ ៤ គឺបានទៅសហគ្រិនផ្នែកបច្ចេកវិទ្យា គឺលោក Vivek Ramaswamy ដែលបានដកខ្លួនចេញពីការប្រកួតប្រជែង ហើយបានគាំទ្រលោក Trump។
ការគាំទ្ររបស់អ្នកបោះឆ្នោតដល់លោក Trump នៅក្នុងរដ្ឋដែលពលរដ្ឋភាគច្រើនជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់ ហើយបណ្តាញព័ត៌មាននិងបណ្តាញទូរទស្សន៍បានប្រកាសយ៉ាងឆាប់រហ័សថា លោក Trump ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Iowa។ ការផ្សាយនោះបានធ្វើឡើងមុនពេលអ្នកបោះឆ្នោតបានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតទាំងអស់ចំនួនជាង ១.៦០០កន្លែងនោះទៅទៀត។
នៅក្នុងការថ្លែងសុន្ទរកថាពេលលោកទទួលបានជ័យជម្នះ លោក Trump បានប្រាប់អ្នកគាំទ្ររបស់លោកនៅក្រុង Des Moines ថា «នេះគឺជាបទពិសោធន៍មិនគួរឱ្យជឿ»។ លោកបានថ្លែងបន្តទៀតថា៖ «ហើយពួកគេបាននិយាយថា ប្រសិនបើអ្នកទទួលការគាំទ្របាន១២% នោះគឺជាជ័យជម្នះដ៏ធំមួយ។ នោះជាលទ្ធផលដែលពិបាកសម្រេចបានណាស់។ ខ្ញុំគិតថា យើងបានទទួលលើសពីទ្វេដងទៅទៀត»។
កាលពីព្រឹកថ្ងៃអង្គារ ទី ១៦ ខែមករា លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth របស់លោក ដោយបានហៅជ័យជម្នះរបស់លោកនៅរដ្ឋ Iowa ថា «ជាជ័យជម្នះជាប្រវត្តិសាស្ត្រ»។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក Trump បានព្យាករណ៍ថា លោក Trump អាចដណ្តើមបានការតែងតាំងជាបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋជាប់ៗគ្នាជាលើកទី ៣ នៅចុងខែមីនាខាងមុខនេះ ដោយមានការបោះឆ្នោតបឋមតាមរដ្ឋ និងការឈ្នះតាមការបោះឆ្នោតក្នុងគណបក្សដែលលោកទំនងជាឈ្នះនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ការបោះឆ្នោតបន្ទាប់គឺជាការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ New Hampshire ដែលស្ថិតនៅភាគឦសានប្រទេស នៅថ្ងៃអង្គារទី ២៣ ខែមករា ខាងមុខនេះ ដែលការស្ទង់មតិបង្ហាញថា លោក Trump មានការនាំមុខយ៉ាងខ្លាំង ប៉ុន្តែការស្ទង់មតិនៅមុននោះបង្ហាញថា ការគាំទ្រអ្នកស្រី Haley មានការកើនឡើង៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់