បញ្ហាពន្ធគយត្រូវបានគេកំណត់ថា ជាក្នុងរបៀបវារៈអាទិភាពនៅក្នុងជំនួបនៅថ្ងៃពុធរវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោក Jean-Claud Juncker ប្រធានគណៈកម្មការអឺរ៉ុប។
លោក Juncker អញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ីនតោនដោយក្តីសង្ឃឹមថា សហភាពអឺរ៉ុបអាចបញ្ចៀសសង្គ្រាមពាណិជ្ជកម្មដោយជំរុញឲ្យប្រធានាធិបតីត្រាំបញ្ឈប់ការយកពន្ធ គយលើរថយន្តរបស់អឺរ៉ុប។ ការយកពន្ធគយលើរថយន្ត នឹងធ្វើឲ្យប៉ះពាល់ឧស្សាហកម្មរថយន្តប្រទេសអាល្លឺម៉ង់ ហើយកើតមានឡើងបន្ទាប់ពីប្រធានាធិបតីត្រាំបានយកពន្ធគយលើការនាំចូលអាលុយមីញ៉ូម និងដែកថែប។
ក៏ប៉ុន្តែ មុនពេលជំនួបនោះ ប្រធានាធិបតីត្រាំបានបង្ហាញនូវសុទិដ្ឋិនិយមថា ភាគីទាំង ២នឹងមានកិច្ចព្រមព្រៀងបន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិកបានគំរាមយកពន្ធគយកាន់តែច្រើនឡើងលើដៃគូពាណិជ្ជកម្មសហរដ្ឋអាមេរិក។ នៅក្នុងសារតាមប្រព័ន្ធ Twitterកាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីត្រាំ បាននិយាយថា ទាំងភាគីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបត្រូវទម្លាក់ចោលការយកពន្ធគយ ឧបសគ្គនានានិងប្រាក់ជួយឧបត្ថម្ភទាំងអស់។
ប្រធានាធិបតីត្រាំបាននិយាយថា «ការណ៍នេះនៅទីបញ្ចប់ត្រូវបានគេហៅថា ទីផ្សារសេរី ហើយនិងពាណិជ្ជត្រឹមត្រូវ។ យើងសង្ឃឹមថា ពួកគេនឹងធ្វើវា។ យើងបានប្រុង ប្រៀបខ្លួនហើយ ក៏ប៉ុន្តែ ពួកគេមិនបានប្រុងប្រៀបខ្លួនទេ»។
លោកត្រាំ បានត្អួញត្អែរម្តងទៀតថា ពិភពលោកចាត់ទុកសហរដ្ឋអាមេរិកដូចជាឃ្លាំងប្រាក់ដែលមនុស្សគ្រប់រូបចូលចិត្តប្លន់៕