លោក Trump បង្កើន​ការវាយ​ប្រហារ​ពោរពេញ​ទៅ​ដោយ​ការ​រើសអើង​ពូជសាសន៍​ពណ៌សម្បុរ​ទៅ​លើ​អ្នករិះគន់​មួយ​ចំនួន

  • Brian Padden

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

លោក Al Sharpton ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​ពលរដ្ឋ​អាមេរិកាំង ថ្លែង​ថា៖ «លោក អាច​ហៅ​ខ្ញុំ​អ្វី​ក៏​បាន​តាម​ចិត្ត​របស់​លោក។ ហៅ​ទៅ ហៅ​ខ្ញុំ​ថា​ជា​ជន​បង្ក​បញ្ហា​ទៅ! បាទ ខ្ញុំ​បង្ក​បញ្ហា​ដល់​ជន​ដែល​រើសអើង និង​ប្រកាន់​ពូជ​សាសន៍»។

កាលពី​ថ្ងៃចន្ទ​កន្លង​ទៅ​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បង្កើន​ការវាយ​ប្រហារ​ពោរពេញ​ដោយ​ការ​រើសអើង​ពូជសាសន៍​ពណ៌សម្បុរ​បន្ថែម​ទៀត ដោយ​ហៅ​សកម្មជន​សិទ្ធិ​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ដើមកំណើត​អាហ្វិ្រក​ដ៏​ល្បី​ឈ្មោះ​មួយ​រូបថា​ជា «ជនបោកប្រាស់»។

លោក Trump ហៅ​ដូច្នេះ បន្ទាប់ពី​លោកបាន​រិះគន់​សមាជិក​រដ្ឋសភា​អាមេរិកាំង​ដែល​មាន​ដើម​កំណើត​អាហ្វិ្រក​មួយរូប កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ នៅ​ពេល​ដែល​លោក​បាន​សរសេរ​សារ tweet ថា សង្កាត់​របស់​អ្នកតំណាងរាស្រ្ត​រូប​នេះ​ដែល​នៅក្នុង​ទីក្រុង Baltimore រដ្ឋ Maryland គឺ «គួរឲ្យ​ខ្ពើមរអើម ជា​រន្ធ​កណ្តុរ រញ៉េរញ៉ៃ​មាន​មេរោគ»។

ការនិយាយ​របស់​លោក​ប្រធានាធិបតី​នេះ ត្រូវ​បាន​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​រូប​ថ្កោលទោស​ថា ជា​ការរើសអើង និង​ប្រកាន់​ពូជ​សាសន៍ ក៏ប៉ុន្តែ ក្រុម​អ្នកគាំទ្រ​លោក និយាយ​ថា ការបង្ហាញ​អំពី​ភាពលម្អៀង​របស់​គូប្រជែង និង​បញ្ហា​នៅ​ក្នុង​ប្រទេស គឺជា​ រឿង​ដ៏​ត្រឹមត្រូវ។

កាលពី​ថ្ងៃចន្ទ​កន្លង​ទៅ​នេះ លោក Al Sharpton បាន​ឆ្លើយតប​ទៅ​នឹង​សារ tweet មួយ​ចំនួន​របស់​លោក​ប្រធានាធិបតី Trump ដោយ​ក្នុង​នោះ​រួមទាំង​សារ​ដែល​លោក Trump បាន​ហៅ​លោក​ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​ពលរដ្ឋ​អាមេរិកាំង​មួយ​រូប ថា​ជា​ «ជនបោកប្រាស់» និង​ថា​ជា «ជន​បង្កបញ្ហា» ដែល «ស្អប់​ជនជាតិ​ស្បែកស» និង​ប៉ូលិស​ផងដែរ។

លោក Al Sharpton ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​ពលរដ្ឋ​អាមេរិកាំង ថ្លែង​ថា៖ «លោក អាច​ហៅ​ខ្ញុំ​អ្វី​ក៏​បាន​តាម​ចិត្ត​របស់​លោក។ ហៅ​ទៅ ហៅ​ខ្ញុំ​ថា​ជា​ជន​បង្ក​បញ្ហា​ទៅ! បាទ ខ្ញុំ​បង្ក​បញ្ហា​ដល់​ជន​ដែល​រើសអើង និង​ប្រកាន់​ពូជ​សាសន៍»។

លោក​ប្រធានាធិបតីវាយ​ប្រហារ​ទៅ​លើ​លោក Al Sharpton ដោយសារតែ​លោក​បាន បង្ហាញ​ការគាំទ្រ​ដល់​សមាជិក​រដ្ឋសភា​លោក​ Elija Cummings។ នៅចុង​សប្តាហ៍​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី Trump បាន​ហៅ​សង្កាត់​របស់​លោក Cummings នៅ​ក្នុង​ទីក្រុង Baltimore ដែល​មាន​ពលរដ្ឋ​ភាគច្រើន ជា​ជន​ស្បែក​ខ្មៅ​នេះ​ថា​ «គួរឲ្យ​ខ្ពើមរអើម ជា​រន្ធ​កណ្តុរ រញ៉េរញ៉ៃ​មាន​មេរោគ»។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន បាន​ថ្កោលទោស​លោក Trump ក្នុងការ​ដែល​លោក​និយាយ​រើសអើង​និង​ប្រកាន់​ពូជ​សាសន៍​ ដោយ​រួមទាំង​ការប្រាប់​សមាជិកា​រដ្ឋសភា​គណបក្ស​ប្រជាធិបតេយ្យ ៤រូប ដែល​មិនមែន​ស្បែកស​ឲ្យ​វិល​ត្រឡប់ «ទៅ​ប្រភព​ដើម​របស់​ពួកគេ​វិញ គឺ​ទីកន្លែង​រញ៉េរញ៉ៃ​មាន​ឧក្រិដ្ឋកម្ម»។

លោក Al Sharpton ថ្លែង​ថា៖

«លោក​ឆាប់​ប្រតិកម្ម និង​មិនមាន​ភាពចាស់​ទុំ​ស្រាប់​ទៅ​ហើយ តែ​រឿង​ថា​ទើស​ចិត្ត គឺ​លោក​ទើស​ចិត្ត​ជាពិសេស ទៅ​លើ​ពលរដ្ឋ​ស្បែកខ្មៅ និង​អ្នកទាំងឡាយ​ដែល​មិនមែន​ជា​ជនជាតិ​ស្បែកស។ លោក​មិន​ដែល​និយាយ​សំដៅ​ទៅ​លើ​គូ​ប្រជែង ឬ អ្នករិះគន់​ជនជាតិ​ស្បែកស ដូចនេះ​ឡើយ។ លោក មិន​និយាយ​វាយប្រហារ​សង្កាត់​ពួកគេ​ឡើយ»។

កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ មន្រ្តី​ជាន់ខ្ពស់​នៅ​សេតវិមាន​បាន​និយាយ​ថា លោក Trump កំពុងតែ​ការពារ​ខ្លួន​លោក ពី​ការវាយប្រហារ​ផ្នែក​នយោបាយ​របស់​គូប្រជែង​របស់​លោក។

ប្រធាន​ខុទ្ទកាល័យ​ស្តីទី​នៃ​ការិយាល័យ​ ប្រធានាធិបតី​លោក Mick Mulvaney ថ្លែង​ថា៖

«បើសិនជា មាន​ភាពក្រីក្រ​នៅ​ក្នុង​សង្កាត់​របស់​ខ្ញុំ​ដូច​នៅក្នុង​ទីក្រុង Baltimore នោះ​ខ្ញុំ​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង។ ហើយ​ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី ធ្វើ​ត្រឹមត្រូវ​ហើយ​ដោយ​លើក​យក​រឿង​នោះ​មក​និយាយ។ រឿង​នេះ គ្មាន​ពាក់ព័ន្ធ​ទាល់តែសោះ​ទៅ​នឹង​រឿង​ពូជ​សាសន៍​ពណ៌​សម្បុរ»។

លោក Cummings ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​សភា​តំណាងរាស្រ្ត កំពុង​តែស៊ើបអង្កេត​សេតវិមាន​អំពី​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ ហើយនឹង​បាន​ប្រកាស​អំពី​ស្ថានភាព​ដ៏គ្រោះថ្នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា កើតមាន​ឡើង​នៅ​ឯ​កន្លែង​ឃុំឃាំង​ជន​ធ្វើ​ចំណាកស្រុក។

លោក Michael Steel ដែល​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​គណបក្ស​សាធារណរដ្ឋ ក៏​បាន​បញ្ចេញ​មតិ​ផងដែរ ដោយ​ហៅ​ការថ្លែង​របស់​លោក Trump ថា គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី ចាត់វិធានការ​ដើម្បី​ស្តារ​ស្ថានការ​ឡើង​វិញ នៅក្នុង​តំបន់​ក្រីក្រី​ ដូច​នៅ​ក្នុង​ទីក្រុង Baltimore នោះ​ជាដើម។

លោក Michael Steel ថ្លែង​ថា៖

«បើ​លោក​និយាយ​អ៊ីចឹង សូម​លោក​មក​ទីនេះ​ទៅ! ផ្លូវ​នានា ត្រៀម​ចាំ​លោក​ហើយ តំបន់​នានា​ត្រៀម​ចាំ​លោក​ហើយ ប្រជាពលរដ្ឋ​ចង់​និយាយ​ជាមួយ​លោក។ សូម​លោក​បង្ហាញ​ខ្លួន​នៅ​ទីនេះ​ទៅ! ផ្អាក​សរសេរ tweet ហើយ​មក​ទីនេះ​ទៅ​លោក!»។

ការថ្លែង​របស់​លោក Trump ដែល​ពោរពេញ​ទៅ​ដោយ​ការប្រកាន់​ពូជសាសន៍​ពណ៌​សម្បុរ​នេះ ត្រូវ​បាន​មនុស្ស​ជាច្រើន​មើល​ឃើញ​ថា ជា​យុទ្ធសាស្រ្ត​ដ៏​ប្រថុយ​ប្រថាន​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី២ ដើម្បី​ឲ្យ​បាន​ការគាំទ្រ​ពី​ពលរដ្ឋ​ស្បែកស និង​ម្ចាស់​សន្លឹក​ឆ្នោត​ដែល​មាន​ជីវភាព​ទាប ដែល​បាន​បោះឆ្នោត​ជូន​លោក កាលពី​ឆ្នាំ ២០១៦ នោះ៕

ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់