លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅប៉ុន្មានថ្ងៃនេះមមាញឹកក្នុងការវាយប្រហារពាក្យសម្តីទៅលើទីក្រុង Baltimore ដែលស្ថិតនៅភាគខាងកើតអាមេរិក និងមន្ត្រីកំពូលមួយរូបរបស់ទីក្រុងនោះគឺលោកសមាជិកសភាតំណាងរាស្ត្រ Elijah Cummings បន្ទាប់ពីតំណាងរាស្ត្រអាមេរិកាំងដើមកំណើតអាហ្វ្រិករូបនេះបានរិះគន់យ៉ាងខ្លាំងទៅលើចំណាត់ការរបស់រដ្ឋបាលលោក ត្រាំ ទៅលើជនចំណាកស្រុកនៅព្រំដែនភាគខាងត្បូងរបស់អាមេរិកជាមួយនឹងប្រទេសម៉ិកស៊ិក។
នៅក្នុងអត្ថាធិប្បាយតាមសារ Twitterជាច្រើនបន្តបន្ទាប់គ្នា លោក ត្រាំ បានហៅលោក Cummings វ័យ៦៨ឆ្នាំ ដែលបច្ចុប្បន្នេះលោកស្ថិតក្នុងអាណត្តិទី១៣របស់លោកជាសមាជិកសភាតំណាងរាស្ត្រនោះ ថាជា «ជើងកាងដ៏សាហាវ» ហើយលោកបានអះអាងថា សង្កាត់ដែលលោកកាន់កាប់នោះ «គួរឲ្យខ្ពើម សុទ្ធតែសំបុកកណ្តុរ»។ លោក ត្រាំ ប្រកែកថា សង្កាត់របស់លោក Cummings មានស្ថានភាព «អាក្រក់និងគ្រោះថ្នាក់» ជាងតំបន់ព្រំដែនដែលរដ្ឋាភិបាលរបស់លោកឃុំខ្លួនជនចំណាកស្រុកដែលឆ្លងព្រំដែនអាមេរិកដោយគ្មានក្រដាសស្នាមត្រឹមត្រូវឆ្ងាយណាស់។
ស្ថិតិរដ្ឋាភិបាលបង្ហាញថា សង្កាត់របស់លោក Cummings ដែលរួមបញ្ចូលទាំងតំបន់ក្រីក្រនៅក្នុងទីក្រុង Baltimore និងតំបន់អ្នកមានផងដែរនោះ ប្រាក់ខែមធ្យមក្នុងទីក្រុងនោះគឺខ្ពស់ជាងប្រាក់ខែមធ្យមក្នុងប្រទេស ហើយមេដ្យាននៃតម្លៃផ្ទះនៅទីនោះក៏ខ្ពស់ជាងតម្លៃផ្ទះជាមធ្យមនៅក្នុងប្រទេសផងដែរ៕