លោក​ប្រធានា​ធិបតី​ជាប់​ឆ្នោត​ សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ តែងតាំង​អ្នក​រិះគន់​ការ​ផ្លាស់​ប្តូរអាកាស​ធាតុ​ជា​រដ្ឋ​មន្រ្តី​ទីភ្នាក់ងារ​បរិស្ថាន

លោក Scott Pruitt រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​របស់​រដ្ឋ Oklahoma ទៅ​ដល់​អគារ Trump Tower ក្នុង​ក្រុង​ញូវយ៉ក ដើម្បី​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។

ការ​ជ្រើសរើស​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ ដូណាល់​ ត្រាំ​ឲ្យ​ដឹកនាំ​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​ជា​អ្នក​រិះគន់​ដ៏​សំខាន់​ដល់​ផែនការ​របស់​ប្រធានា​ធិបតី បារ៉ាក់ ​អូបាម៉ា​ដើម្បី​ដោះស្រាយ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ដោយ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​កាបោន​ពី​រោងចក្រ។

លោក Scott Pruitt រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​រដ្ឋ​ Oklahoma ​ជា​មន្រ្តី​ម្នាក់​មក​ពី​រដ្ឋ​ចំនួន​២៧​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​កាល​ពី​ខែ​មករា​ដើម្បី​ស្វះស្វែង​រារាំង​ផែនការ​ថាមពល​ស្អាត​ដែល​តាម​រយៈ​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​បាន​អំពាវនាវ​ដល់​រដ្ឋ​នានា​ឲ្យ​បង្កើត​វិធី​នានា​ដើម្បី​កាត់​បន្ថយការ​បញ្ចេញ​ឧស្ម័ន​កខ្វក់​ទាំងអស់​ត្រឹម​៣២ភាគរយ​នៅ​ក្រោម​កម្រិត​ឆ្នាំ​២០១៥​នៅ​ឆ្នាំ​២០៣០។ ​នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ​ចំនួន​ថាម​ពល​ដែលត្រូវ​បាន​ផលិត​សម្រាប់ប្រភព​ថាមពល​កកើត​ឡើង​វិញ​បាននឹង​កើន​ឡើង។

​កាល​ពី​ខែ​កុម្ភៈ ​តុលាការ​កំពូល​បាន​ចេញ​បញ្ជា​ឲ្យ​ផ្អាក​ច្បាប់​នេះ​កុំ​ឲ្យ​ចូល​ជា​ធរមានខណៈ​ដែល​បញ្ហា​ខាង​ផ្លូវ​ច្បាប់​កំពុង​បន្តធ្វើ​ឡើង។ តុលាការ​កំពូល​បាន​បញ្ជូន​រឿង​ក្តី​នេះ​ទៅ​កាន់​តុលាការ​ District of Colombia ​ដើម្បី​ពិ​និត្យ​មើល​ឡើង​វិញ ​ក៏ប៉ុន្តែ ​បញ្ហា​នេះ​ត្រូវបាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​តុលាការ​កំពូល​ជាតិ​ដែល​នៅ​ទី​នោះ​នាពេល​បច្ចុប្បន្ន​នេះ​សំឡេងឆ្នោត៤​ទល់​នឹង​៤​ប្រាកដ​ក្លាយ​ជា​សំឡេង​ភាគច្រើនដែល​មាន​ទំនោ​ទៅ​ខាង​អភិរក្ស​និយម៥​ទល់​នឹង​៤​ដោយប្រធានាធិបតី​ត្រាំ​បំពេញ​កន្លែង​ចៅ​ក្រម​ដែល​នៅ​ទំនេរ។

រដ្ឋ​នានា​ដែល​ប្តឹង​រដ្ឋាភិបាល​បាន​ស្អប់​ច្បាប់​នោះ ​ដោយ​ពណ៌នា​ច្បាប់​នោះ​នៅ​ក្នុង​ឯកសារ​របស់​តុលាការ​ថា​ជា​ច្បាប់​ដែល​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​បាន​បង្ខំ​ឲ្យ​រដ្ឋ​នានា​អនុវត្ត។

លោក Pruitt បាន​សម្តែង​នូវទុដ្ឋិនិយម​អំពីការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ។ លោក​និង​លោក Luther Strange រដ្ឋ​មន្រ្តី​យុត្តិធម៌​រដ្ឋ​ Oklahoma​ បាន​សរសេរ​នៅ​ក្នុង​ទស្សនាវដ្តី National Review កាល​ពី​ខែ​ឧសភា​ល​បាន​រិះគន់ពី​ការ​ចាត់​វិធានការ​ខាង​ផ្លូវ​ច្បាប់​ប្រឆាំង​រដ្ឋ​នានា​ដែល​កំពុងអនុវត្ត​សកម្មភាព​ខាង​ផ្លូវច្បាប់​ប្រឆាំង​ក្រុម​ហ៊ុន​នានា​ដែលមិន​ជឿ​ពី​វិទ្យាសាស្រ្ត​នៃ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ៕