លោក ដូណាល់ ត្រាំ ប្រធានាធិបតីស.រ.អា.បានធ្វើដំណើរទៅប្រទេសជប៉ុន ក្រោយពីបានឈប់សំចតនៅរដ្ឋហាវ៉ៃ ទីដែលលោកទៅបង្ហាញការគោរពចំពោះនាវាអនុស្សាវរីយ៍ USS Arizona Memorial នៅកំពង់ផែ Pearl Harbor ដែលរងការវាយប្រហារមិនដឹងជាមុនដោយកងទ័ពនាវាជប៉ុនក្នុងឆ្នាំ១៩៤១ ដែលបានធ្វើឲ្យស.រ.អា.ចូលប្រឡូកក្នុងសង្គ្រាមលោកលើកទី២។
មុនចេញដំណើរទៅជប៉ុន លោកបានស្នាក់នៅកន្លែងសម្រាកដំបូងរបស់លោកប្រធានាធិបតីមុនទៅទស្សនកិច្ចប្រទេសជាច្រើននៅអាស៊ី នោះគឺសណ្ឋាគារ Trump International Hotel របស់លោកនៅ Waikiki ។
ក្រោយពីបោះជំហានចេញពីឡាន limousine ដែលគ្រាប់កាំភ្លើងបាញ់មិនធ្លុះ លោកប្រធានាធិបតីបានចូលកន្លែងទទួលភ្ញៀវនៅសណ្ឋាគារនិយាយលេងជាមួយបុគ្គលិក។
នាង Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមាននិយាយប្រាប់អ្នកយកព័ត៌មានថា លោកប្រធានាធិបតីចង់និយាយស្វាគមន៍សួរសុខទុក្ខនិងអរគុណបុគ្គលិករបស់លោកដែលខិតខំធ្វើការ៕