លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋកាលពីថ្ងៃចន្ទ បានបង្កើនការអះអាងរបស់លោកថាការបោះឆ្នោតស.រ.អា.មានការបន្លំទៅលើរូបលោក។ លោកនិយាយថាពួកមេដឹកនាំគណបក្សលោកឆាប់ជឿដោយមិនបានគិតពិចារណាឲ្យស៊ីជម្រៅការអះអាងអំពីការបន្លំឆ្នោតដែលអាចនាំឱ្យលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យទទួលជ័យជម្នះ។
លោក Trump បានសរសេរនៅក្នុងអត្ថាធិប្បាយមួយក្នុងបណ្តាអត្ថាធិប្បាយនានាតាម Twitter ថា «ជាការពិតមានការបន្លំខាងការបោះឆ្នោតក្នុងកម្រិតធំដែលកំពុងកើតមាននៅមុនថ្ងៃបោះឆ្នោត។ ហេតុដូចម្តេចបានជាពួកមេដឹកនាំគណបក្សសាធារណរដ្ឋបដិសេធថាគ្មានការបន្លំទេ? នេះជាការឆោតល្ងង់!»។
ដោយនៅពីក្រោយលោកស្រី Clinton នៅក្នុងការស្ទង់មតិតែបីសប្តាហ៍នៅមុនការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា មហាសេដ្ឋីអចលនទ្រព្យរូបនេះបានអះអាងដោយគ្មានបង្ហាញភ័ស្តុតាងថា លោកស្រី Clinton បានទទួលសំណួរសម្រាប់ការជជែកដេញដោលគ្នាមួយមុនពេលកំណត់។ លោកបានបង្អាប់បណ្តាញផ្សាយព័ត៌មានជាតិថា «មិនស្មោះត្រង់និងបំភ្លៃព័ត៌មាន»ដែលលោកបាននិយាយថា បានគាំទ្របេក្ខភាពរបស់លោកស្រី Clinton ហើយលោកបានត្អូញត្អែរអំពីការរាយការណ៍អំពីស្ត្រី៩នាក់និង «រឿងក្លែងក្លាយទាំងស្រុង»របស់ពួកគេ ដែលថាលោកបានបំពានខាងស្នេហាលើពួកគេច្រើនទសវត្សរ៍មកហើយ។
លោក Mike Pence ដែលជាបេក្ខជនអនុប្រធានាធិបតីរបស់លោក Trump បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា «យើងនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ»។ ក៏ប៉ុន្តែលោកបាននិយាយបន្ថែមថា «ប្រជារាស្ត្រអាមេរិកាំងធុញទ្រាន់នឹងការលម្អៀងយ៉ាងច្បាស់លាស់នៅក្នុងបណ្តាញផ្សាយព័ត៌មានជាតិ។ នេះជាអត្ថន័យនៃការបន្លំឆ្នោតនៅក្នុងបរិបទនេះ»។
ការស្ទង់មតិសាធារណជនក្នុងប្រទេសចុងក្រោយបំផុតនេះគឺកាលពីថ្ងៃចន្ទបង្ហាញថា លោកស្រី Clinton មានការគាំទ្រច្រើនជាងមុនលើសលោក Trump។ សាកលវិទ្យាល័យ Minmouth និយាយថាការស្ទង់មតិរបស់ខ្លួនបានបង្ហាញថាលោកស្រី Clinton នាំមុខលោក Trump ៥០ភាគរយទល់នឹង៣៨ភាគរយ។ចំណែកឯសាកលវិទ្យាល័យ George Washington វិញបាននិយាយថា ការស្ទង់មតិរបស់ពួកគេបង្ហាញថា លោកស្រី Clinton នាំមុខលោក Trump ៤៧ភាគរយទល់នឹង៣៩ភាគរយ។
លោកស្រី Clinton ដែលស្វះស្វែងឱ្យក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយនៃប្រទេសអាមេរិក និងលោក Trump ដែលធ្លាប់ជាអ្នករៀបចំកម្មវិធិជីវិតពិតតាមទូរទស្សន៍ហើយដែលឈរឈ្មោះលើកដំបូងដើម្បីតំណែងសាធារណៈនឹងជជែកដេញដោលគ្នាជាលើកទីបី និងជាលើកចុងក្រោយបង្អស់នៅថ្ងៃពុធខាងមុខនេះ៕