រដ្ឋបាលលោកប្រធានាធិបតី ត្រាំបានបណ្តេញចេញសមាជិកសេសសល់នៃក្រុមប្រឹក្សាផ្តល់យោបល់ប្រធានាធិបតីស្តីពីមេរោគហ៊ីវនិងជម្ងឺអេដស៍ហៅថា PACHA ចេញពីមុខតំណែង។
សមាជិកក្រុមប្រឹក្សានេះបានទទួលលិខិតមួយនៅសប្តាហ៍នេះ ដោយនិយាយថាមុខតំណែង របស់ពួកគេក្នុងក្រុមប្រឹក្សានេះត្រូវបញ្ចប់ ហើយចូលជាធរមានភ្លាមៗ។ នេះបើតាមសេចក្តី រាយការណ៍ក្នុងអត្តបទការសែត វ៉ាស៊ីនតោនបុស្តិ៍។
ក្រុមប្រឹក្សា PACHA បានបង្កើតឡើងកាលពីឆ្នាំ១៩៩៥ ក្នុងអំឡុងពេលរដ្ឋបាលលោក គ្លីនតុន ដើម្បីផ្តល់យោបល់ដល់សេតវិមានអំពីគោលនយោបាយនិងយុទ្ធសាស្ត្រប្រឆាំងនឹងមេរោគ ហ៊ីវ ។
សមាជិក៦រូបនៃក្រុមប្រឹក្សានេះ មានការអាក់អន់ចិត្តចំពោះចំណាត់ការរបស់សេតវិមាន ទាក់ ទងនឹងគោលនយោបាយផ្នែកសុខភាព ហើយបានលាឈប់ពីមុខតំណែងកាលពីខែមិថុនា។ លោក Scott Schoettes ជាមេធាវីរបស់ក្រុមការពារក្តី Lambda Legal ដែលជាអង្គការតស៊ូ មតិទាក់ទងនឹងអ្នកស្រឡាញ់ភេទដូចគ្នានោះ គឺជាម្នាក់ក្នុងចំណោម៦នាក់នោះ។ លោកបានសរសេរក្នុងទស្សនាវដ្តី Newsweek នៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ មិនយកចិត្ត ទុកដាក់ទាល់តែសោះចំពោះពលរដ្ឋដែលផ្ទុកមេរោគហ៊ីវ។ លោកថា រដ្ឋបាលលោកត្រាំ ជំរុញច្បាប់ដែលគ្រោះថ្នាក់ដល់មនុស្សផ្ទុកមេរោគហ៊ីវ ហើយបង្អាក់ឬធ្វើឲ្យត្រឡប់ក្រោយ ចំពោះ ជំហានរីកចម្រើននានាដែលបានបង្កើតឡើងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ៕