លោក Trump ពិភាក្សា​ជាមួយមេដឹកនាំ​តាលីបង់អំពីកិច្ចចចារ​សន្តិភាព​សម្រាប់​អាហ្វហ្គានីស្ថាន

រូបឯកសារ៖ ​ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំរងក្រុមតាលីបង់លោក Mullah Abdul Ghani Baradar។

យោធា​សហរដ្ឋអាមេរិកបានទម្លាក់​គ្រាប់​បែក​លើ​ពួក​អ្នក​ប្រយុទ្ធ​តាលីបង់នៅ​ថ្ងៃពុធ​នេះ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អាហ្វហ្គានីស្ថានប៉ុន្មាន​ម៉ោង​ក្រោយ​លោក​ប្រធានាធិបតី​សរអា Donald Trump បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​មេ​ដឹកនាំ​តាលីបង់ម្នាក់អំពី​កិច្ច​ព្រម​ព្រៀងសន្តិភាព ដែលសហរដ្ឋអាមេរិក​និង​ក្រុម​តាលីបង់ បាន​ចុះ​ហត្ថលេខា ដើម្បីបញ្ចប់​សង្គ្រាម​១៩​ឆ្នាំ​នៅ​អាហ្វហ្គានីស្ថាន។

អ្នក​នាំ​ពាក្យ​កង​កម្លាំង​សហរដ្ឋអាមេរិក​នៅ​អាហ្វហ្គានីស្ថានម្នាក់​បាន​ថ្លែង​ថា ​ការ​ទម្លាក់​គ្រាប់​បែកនោះ សំដៅ​ទៅ​លើ​ពួក​អ្នក​ប្រយុទ្ធណា ដែល​នៅ​តែ​ធ្វើ​ការ​វាយ​ប្រហារ​លើ​កង​កម្លាំង​សន្តិសុខអាហ្វហ្គានីស្ថាននៅ​កន្លែង​ឆែក​ឆេរ​មួយ​កន្លែងនៅ​ក្នុង​ខេត្ត Helmand។

អ្នក​នាំ​ពាក្យ​សរអា​រូប​នេះបាន​ថ្លែង​ថា សហរដ្ឋអាមេរិកតាំង​ចិត្ត​ចំពោះ​សន្តិភាព ក៏​ប៉ុន្តែ​មាន​តួនាទី​ដើម្បី​ការ​ពារ​ដៃ​គូ​អាហ្វហ្គានីស្ថានរបស់​ខ្លួន​ដែរ។

ក្រុម​តាលីបង់បាន​ចេញសេចក្តីប្រកាស​មួយ​អះ​អាង​ថា​ នៅ​ក្នុងការ​សន្ទនា​តាម​ទូរស័ព្ទ​ចំនួន​៣៥​នាទី កាល​ពី​ថ្ងៃ​អង្គារនោះ អនុ​ប្រធានក្រុម​តាលីបង់ លោក Mullah Abdul Ghani Baradar បាន​ធានា​លោក Trump ថា ​ក្រុម តាលីបង់ចង់​បាន​ទំនាក់​ទំនង​ទ្វេរភាគី​វិជ្ជមានជាមួយ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន ក្រោយ​ពី​កង​កម្លាំង​សហរដ្ឋអាមេរិក និង​កង​កម្លាំង​ចម្រុះ​ជាតិ​សាសន៍ ដក​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាននៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា កាលពី​ថ្ងៃ​សៅរ៍មុន។

រដ្ឋាភិបាល​អាហ្វហ្គានីស្ថានមិន​បាន​ចូល​រួម​ក្នុង​កិច្ចពិភាក្សារវាងក្រុម​អ្នក​ចចារ​សហរដ្ឋអាមេរិក និង​ក្រុម​តាលីបង់ ដែល​នាំ​ឲ្យ​មាន​ការ​ចុះ​ហត្ថលេខាកាល​ពី​ថ្ងៃ​សៅរ៍នោះទេ៕