លោកប្រធានាធិបតីអាមេរិក Donald Trump បានស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមមកកាន់សេតវិមានកាលពីថ្ងៃពុធ សម្រាប់កិច្ចប្រជុំដែលផ្តោតទៅលើឱនភាពពាណិជ្ជកម្មអាមេរិក ខណៈដែលប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនៅតែរងផលប៉ះពាល់ក្រោយពីលោកប្រធានាធិបតី Trump ដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់មួយ។
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc គឺជាមេដឹកនាំទីមួយពីតំបន់អាស៊ីអាគ្នេយ៍ដែលធ្វើទស្សនកិច្ចមកកាន់សេតវិមានដើម្បីជួបលោក Trump។ អាមេរិកនិងចិនកំពុងតែប្រជែងគ្នាបង្កើនឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
កិច្ចប្រជុំនៅក្នុងការិយាល័យប្រធានាធិបតីពោរពេញទៅដោយការចង្អុលបង្ហាញថា លោក Trump នឹងដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលតម្រូវឲ្យបណ្តាប្រទេសកាត់បន្ថយការបំភាយឧស្ម័នកាបូន។ ធនាគារពិភពលោកបានចាត់ចំណាត់ថ្នាក់វៀតណាម ដែលមានប្រជាជនភាគច្រើនរស់នៅតំបន់ឆ្នេរសមុទ្រនិងតំបន់ទំនាប ថាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៥ ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការប្រែប្រួលអាកាសធាតុ។
ដោយឆ្លើយតបយ៉ាងខ្លីទៅនឹងសំណួររបស់អ្នកកាសែតនៅពេលចាប់ផ្តើមកិច្ចប្រជុំកាលពីថ្ងៃពុធ លោក Trump បាននិយាយថា លោកនឹងសម្រេចទៅលើសន្ធិសញ្ញាទីក្រុងប៉ារីសក្នុងពេលឆាប់ៗនេះ។
លោកប្រធានាធិបតីគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅខែវិច្ឆិកាខាងមុខនេះ។ លោកTrump ក៏បានកោតសរសើរលោក Phuc ចំពោះ «ស្នាដៃការងារដ៏អស្ចារ្យ» របស់លោកនៅក្នុងប្រទេសវៀតណាមផងដែរ៕