នៅក្នុងជំនួបរវាងនិពន្ធនាយកនៃកាសែត The New York Times ជាមួយនឹងលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ លោក ត្រាំ បានឈប់ទទួលស្គាល់ចលនាស្តាំនិយមរបស់ពួកស្បែកស ដែលគាំទ្ររូបលោកទៀតហើយ។
លោក ត្រាំ ព្យាយាមដកខ្លួនពីចលនាស្តាំនិយមនេះ៣ថ្ងៃ បន្ទាប់ពីពួកជាតិនិយមស្បែកសបានស្រែកហ៊ោពាក្យស្លោករបស់ពួក Nazi នៅក្នុងកម្មវិធីមួយដែលស្ថិតនៅជិតសេតវិមាន។
នៅទីបំផុត លោក ត្រាំ បានជួបជាមួយនឹងបណ្តានិពន្ធនាយកនៃកាសែត The New York Times ដែលលោកបានរិះគន់ជារឿយៗ បន្ទាប់ពីលោកបានបង្ហោះសារមួយលើបណ្តាញសង្គម Twitter ថា លោកបានលុបចោលកិច្ចប្រជុំនោះហើយដោយសារមានការផ្លាស់ប្តូរបទបញ្ញត្តិនិពន្ធនាយក។ លោក ត្រាំ ក៏បានផ្លាស់ប្ដូរការសម្រេចចិត្តរបស់លោកបន្តិចក្រោយមកថា ព្រមជួបជាមួយនឹងពួកគេវិញ។
ថ្ងៃអង្គារគឺជាថ្ងៃទី២ហើយ ដែលលោក ត្រាំ ចំណាយពេលជួបជាមួយនឹងស្ថាប័នសារព័ត៌មាន ដែលលោកជារឿយៗឈ្លោះជាមួយនឹងស្ថាប័នព័ត៌មានទាំងនោះ ក្នុងអំឡុងពេល១៨ខែនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។
នៅពេលលោកបានជួបជាមួយអ្នកនិយាយព័ត៌មានតាមទូរទស្សន៍ដ៏ល្បីល្បាញកាលពីថ្ងៃចន្ទ លោកបានរិះគន់ពួកគេអំពីការផ្សាយព័ត៌មានពីយុទ្ធនាការឃោសនាជ្រើសរើសប្រធានាធិបតីរបស់ពួកគេ ហើយបានចោទពួកគេថា មើលមិនឃើញពីសញ្ញាដែលលោកនឹងឈ្នះលើបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton៕