ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានទាមទារឲ្យគណៈកម្មការស៊ើបការសម្ងាត់របស់សភាស៊ើបអង្កេតទៅលើ ថាតើរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា បានបំពានទៅលើអំណាចស៊ើបអង្កេតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនពេលបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីកាលពីខែវិច្ឆិកាឬយ៉ាងណា។
ការស៊ើបអង្កេតនេះជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីទៅក្នុងការបោះឆ្នោតរបស់អាមេរិក។
លោក Sean Spicer អ្នកនាំពាក្យសេតវិមានបានមានប្រសាសន៍ថា៖ «សេចក្តីរាយការណ៍នានាពាក់ព័ន្ធនឹងការស៊ើបអង្កេតដែលអាចទាក់ទិននឹងនយោបាយមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០១៦ ពិតជាមានបញ្ហាខ្លាំងណាស់»។
ដោយគ្មានភស្តុតាងអ្វីទាំងអស់ លោក ត្រាំ កាលពីថ្ងៃសៅរ៍បានចោទប្រកាន់លោក អូបាម៉ា ថាបានលួចថតសំឡេងទូរស័ព្ទរបស់លោកនៅឯទីស្នាក់ការអគារ ត្រាំ នៅក្នុងទីក្រុងញូវយ៉ក មួយខែមុនពេលបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា។ ការចោទប្រកាន់នេះត្រូវបានទីប្រឹក្សាម្នាក់របស់អតីតប្រធានាធិបតី លោក អូបាម៉ា ច្រានចោលថា «ជារឿងមិនពិត»។
លោក James Clapper អតីតប្រធានក្រុមស៊ើបការសម្ងាត់បានថ្លែងប្រាប់ទូរទស្សន៍ NBC ក្នុងកម្មវិធី Meet the Press កាលពីថ្ងៃអាទិត្យថា៖ «ពុំមានសកម្មភាពលួចថតសំឡេងលោកប្រធានាធិបតី ឬក្នុងនាមលោកជាបេក្ខជនម្នាក់ ឬប្រឆាំងនឹងយុទ្ធនាការរបស់លោកនៅពេលនោះនោះទេ»។
លោក Clapper បានមានប្រសាសន៍បន្តថា ពុំមានដីកាបង្គាប់ពីតុលាការដែលអនុញ្ញាតឲ្យមានការលួចថតសំឡេងរបស់លោក ត្រាំ មុនពេលឬក្រោយការបោះឆ្នោតនោះទេ។
លោកប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋថ្មីបានចាប់ផ្តើមការងារថ្ងៃអាទិត្យរបស់លោក ជាមួយនឹងសារបង្ហោះលើបណ្តាញសង្គម Twitter ដែលមានលក្ខណៈបង្ខូចកេរ្តិ៍ឈ្មោះសមាជិកគណបក្សប្រជាធិបតេយ្យនិងលោក អូបាម៉ា៕