ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​សួរ​លោក Trump រឿង​សន្តិសុខ​ជាតិ និង​ការ​ជួយ​ពលរដ្ឋ​ក្រីក្រ


អតីត​អភិបាល​រដ្ឋ​លោក Steve Beshear ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ក្រុង Frankfort កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ 
អតីត​អភិបាល​រដ្ឋ​លោក Steve Beshear ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ក្រុង Frankfort កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ 

លោក Steve Beshear អតីត​អភិបាល​រដ្ឋ Kentucky បាន​និយាយ​ថា លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump មិន​បាន​គោរព​ទៅ​តាម​ការ​សន្យា​របស់​លោក​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ ហើយ​ការ​ប្ដេជ្ញា​របស់​លោក​ចំពោះ​សន្តិសុខ​ជាតិ​គឺ​កំពុង​ត្រូវ​បាន​គេ​តាម​ដាន​សង្កេត​មើល។

លោក Beshear បាន​ឆ្លើយតប​បែប​នេះ​ចំពោះ​សុន្ទរកថា​របស់​លោក Trump ដែល​ថ្លែង​ទៅ​កាន់​សភា​ទាំង​ពីរ​ថ្នាក់​កាល​ពី​ថ្ងៃ​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ ដូច​ការ​ឆ្លើយតប​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ធ្លាប់​ធ្វើ​ពី​មុនៗ​មក។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Trump ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សន្តិសុខ​ជាតិ​យើង​ពី​សំណាក់​ប្រទេស​រុស្ស៊ី ដែល​មិន​មែន​ជា​សម្ព័ន្ធ​មិត្ត​របស់​យើង។ ស្រប​ពេល​នោះ​ដែរ លោក​ក៏​បាន​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​យើង​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ផង​ដែរ»។

លោក Beshear បាន​បញ្ជាក់​ថា វិធានការ​របស់​លោក Trump ចំពោះ​បញ្ហា​សន្តិសុខ ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មិន​សូវ​មាន​សុវត្ថិភាព និង​បាន​និយាយ​ថា លោក Trump បាន​ប្រកាស​សង្គ្រាម​ជាមួយ​នឹង​ជន​ភៀស​ខ្លួន និង​ជន​អន្តោប្រវេសន៍។

លោក Trump រង​ការ​រិះគន់​យ៉ាង​ចំៗ​ពាក់ព័ន្ធ​នឹង​បទ​បញ្ជា​របស់​លោក​ក្នុង​ការ​ផ្អាក​កម្មវិធី​ទទួល​យក​ជន​ភៀស​ខ្លួន​របស់​សហរដ្ឋ​អាមេរិក និង​ក្នុង​ការ​រារាំង​ជនជាតិ​អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី លីប៊ី យេម៉ែន សូម៉ាលី និង​សូដង់ មិន​ឲ្យ​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក។ លោក Trump គ្រោង​នឹង​ចេញ​បទ​បញ្ជា​ដូច​នេះ​ថ្មី ដែល​មាន​ការ​កែប្រែ​ចំណុច​មួយ​ចំនួន​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​ក៏​បាន​ដឹកនាំ​អាជ្ញាធរ​សហព័ន្ធ ឲ្យ​បង្កើន​ការ​ពង្រឹង​ច្បាប់​ប្រឆាំង​នឹង​ជន​ណា​ដែល​រស់នៅ​ខុស​ច្បាប់ និង​ប្រព្រឹត្ត​បទ​ល្មើស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

XS
SM
MD
LG