ប្រធានាធិបតី Donald Trump បាននិយាយថា ពួកប្រធានប្រតិបត្តិក្រុមហ៊ុនដែលបានលាលែងចេញពីក្រុមប្រឹក្សាផ្តល់យោបល់ខាងការផលិតរបស់លោកដែលភាសាអង់គ្លេសហៅថា Advisory Manufacturing Council បានចាកចេញពីក្រុមប្រឹក្សានេះ «ពីព្រោះមិនចង់ឱ្យអាមាសមុខ» ដោយសារពួកគេបានធ្វើផលិតកម្មរបស់ពួកគេនៅខាងក្រៅស.រ.អា.។
លោក Trump បាននិយាយប្រាប់ពួកកាសែតនៅក្នុងបុរីញូវយ៉កថា ពួកប្រធានប្រតិបត្តិក្រុមហ៊ុនទាំងនេះមិនបានគិតគូរឱ្យបានហ្មត់ចត់អំពីការធ្វើផលិតកម្មនៅក្នុងប្រទេសអាមេរិកទេ។
ប្រធានាធិបតីអាមេរិកាំងរូបនេះបាននិយាយថា គាត់បាននិយាយប្រាប់ពួកប្រធានប្រតិបត្តិក្រុមហ៊ុនទាំងនេះអំពីអ្វីដែលគាត់និយាយថាជាសេចក្តីត្រូវការនាំផលិតកម្មមកកាន់ស.រ.អា.វិញ។
លោក Kenneth Frazier ប្រធានប្រតិបត្តិក្រុមហ៊ុនផលិតឱសថ Merck Pharmaceuticals លោក Kevin Plank ប្រធានប្រតិបត្តិក្រុមហ៊ុនផលិតប្រដាប់ប្រដាកីឡា Under Armour និងលោក Brian Krzanich ដែលដឹកនាំមហាក្រុមហ៊ុនបច្ចេកទស Intel បានលាលែងចេញពីក្រុមប្រឹក្សាខាងការផលិតរបស់សហរដ្ឋអាមេរិករបស់ Trump ដែលហៅជាភាសាអង់គ្លេសថា American Manufacturing Council កាលពីថ្ងៃចន្ទ។ កាលពីថ្ងៃអង្គារ លោក Scott Paul នៃសម្ព័ន្ធភាពសម្រាប់ការផលិតអាមេរិកាំង លោក Richard Trumka ប្រធានសហជីព AFL-CIO និងលោក Thea Lee នាយខុទ្ទកាល័យរងរបស់សហជីពនេះក៏បានលាលែងចេញពីក្រុមប្រឹក្សានេះដែរ។
អស់លោកទាំងនេះបានលាលែងចេញពីប្រឹក្សានេះដើម្បីតវ៉ាប្រឆាំងនឹងការឆ្លើយតបរបស់ Trump ដល់អំពើហិង្សាដ៏ប្រល័យខាងពូជសាសន៍កាលពីថ្ងៃសៅរ៍នៅក្នុងក្រុង Charlotteville រដ្ឋ Virginia ដោយមានជំនឿថាការថ្កោលទោសដំបូងរបស់ប្រធានាធិបតីរូបនេះមានភាពទន់ខ្សោយ៕