ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ បញ្ជា​ឲ្យ​ស៊ើប​អង្កេត​លើ​ពាណិជ្ជកម្ម​ចិន


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចុះ​ហត្ថលេខា​លើ​បទបញ្ជា​បង្ក្រាប​លើ​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ដោយ​ប្រទេស​ចិន។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ​ត្រាំ បាន​បញ្ជា​ដល់​ការិយាល័យ​ពាណិជ្ជកម្ម​របស់​លោក ឲ្យ​ស៊ើប​អង្កេត​ទៅ​លើ​ថា​តើចិន​កំពុង​តែ​លួច​ចម្លង​កម្មសិទ្ធិបញ្ញា​របស់​អាមេរិក​ឬ​យ៉ាង​ណា ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្រមាន​ជាមុន​ថា ប្រទេស​ទាំង​ពីរ​នេះ​ នៅ​ទីបំផុត នឹង​ក្លាយ​ជា​អ្នក​ចាញ់​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម។ ​

លោក ​ត្រាំ បាន​បញ្ចប់​ការ​សម្រាក​វិស្សមកាល​នៅ​ឯ​រមណីយដ្ឋាន​វាយ​កូនហ្គោល​របស់​លោក​នៅ​ក្នុង​រដ្ឋ ​New Jersey​ ដោយ​ត្រឡប់​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ វិញ ដើម្បី​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតី​មួយ ​និង​បញ្ជា​ឲ្យលោក ​Robert Lighthizer អ្នក​តំណាង​ខាង​ពាណិជ្ជកម្ម ​ស៊ើបអង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា ចិន​បាន​លួច​បច្ចេកវិទ្យា​និង​កម្មសិទ្ធិ​បញ្ញា​របស់​អាមេរិក។

លោក ត្រាំ ចង់​ឲ្យ​មន្រ្តី​ពាណិជ្ជកម្ម​ពិនិត្យ​មើល​ទៅ​លើ​ការ​អនុវត្ត​របស់​ចិន​ ដែល​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​បញ្ចេញ​ព័ត៌មាន​អំពី​កម្មសិទ្ធិ​បញ្ញា​របស់​ខ្លួន ដើម្បី​អាច​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​ចិន​បាន។ ​

លោក ត្រាំ បាន​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​ការពារ​បុគ្គលិក​របស់​យើង ការពារ​ការ​ច្នៃ​ប្រឌិត​ថ្មី​របស់​យើង‍»។

លោក​បាន​ពណ៌នា​ការ​ស៊ើបអង្កេត​នេះ​ថា​ជា​«វិធានការ​ដ៏​ធំ​មួយ។ នេះ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ‍»។

ប្រសិន​បើ​សហរដ្ឋអាមេរិក​បន្ត​ពិនិត្យ​មើល​លើ​ករណី​នេះ អាមេរិក​អាច​នឹង​ស្នើ​ដល់​ស្ថាប័ន​ពាណិជ្ជកម្ម​ពិភពលោក ​WTO ឲ្យ​ផាកពិន័យ​ចិន​ឬ​ទាមទារ​សំណង​នានា។
អ្នក​វិភាគ​និយាយ​ថា ការ​ស៊ើបអង្កេត​នេះ​អាច​បង្កើន​ភាពតានតឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ ហើយ​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​បាន៕

XS
SM
MD
LG