លោក Trump អះអាង​ថា​ពួក​អន្តោប្រវេសន៍​ខុស​កេងប្រវ័ញ្ជ​ផល​ប្រយោជន៍​ពី សហរដ្ឋ​អាមេរិក

ជន​អន្តោប្រវេសន៍​អាមេរិកាំង​កណ្តាល​ប្រមូលផ្តុំ​គ្នា​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ទោះ​ណា​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ សន្យា​ថា នឹង​ចាត់​វិធានការ​លើ​ការ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់ នៅ​ក្នុង​ក្រុង Ixtepec ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។

ពីរថ្ងៃ​ផ្ទួនៗ​គ្នា​ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​ប្រកាស​ប្រឆាំង​ពួក​អន្តោប្រវេសន៍​ខុស​ច្បាប់​ ដែល​បាន​ឆ្លង​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក ​តាម​ព្រំដែន​ភាគខាងត្បូង​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក​ ដោយ​លោក​បាន​អះអាង​ថា​ ពួក​ជនអន្តោប្រវេសន៍​ទាំងនោះ​បាន​កេង​ប្រវ័ញ្ជ​ផលប្រយោជន៍​ពី​សហរដ្ឋ​អាមេរិក។

លោក​បាន​ត្អូញត្អែរ​អំពី​ចំនួន​មនុស្ស​ប្រហែល​១១០០នាក់​ដែល​បាន​ដើរ​ឆ្ពោះ​ទៅ​ទិស​ខាងជើង​ឆ្លងកាត់​តាម​ប្រទេស​ម៉ិកស៊ិក​ ដើម្បី​គេច​ចេញ​ពី​ភាពក្រីក្រ​និង​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​អាមេរិក​កណ្តាល​ ដោយ​មាន​បំណង​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ លោក​បាន​បង្ហោះសារ​នៅលើ Twitter ថា «ប្រទេស​ម៉ិកស៊ិក​មាន​អំណាច​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មនុស្ស​ទាំងនោះ​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ពួកគេ។ ពួកគេ​ត្រូវ​តែ​រារាំង​មនុស្ស​ទាំងនោះ​នៅ​ច្រក​ព្រំដែន​ភាគខាងជើង​ ដែល​ពួកគេ​អាច​ធ្វើ​បាន​តាមរយៈ​ច្បាប់​ព្រំដែន​ដែល​មាន​ប្រសិទ្ធភាព​របស់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​មនុស្ស​ទាំងនោះ​អាច​ឆ្លង​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ ដែល​ច្បាប់​ព្រំដែន​គ្មាន​ប្រសិទ្ធភាព​នោះ។

តាមរយៈ​សារ​នៅក្នុង Twitter របស់​លោក​កាល​ពី​ថ្ងៃចន្ទ​ លោក​បាន​និយាយ​ថា «សភា​ត្រូវ​តែ​អនុម័ត​ច្បាប់​ព្រំដែន​ជា​បន្ទាន់​ ដើម្បី​បញ្ឈប់​ការ​ហូរ​ចូល​ថ្នាំញៀន​ និង​ពួក​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំង​នោះ»។ លោក​បាន​និយាយ​ថា​ប្រទេស​ម៉ិកស៊ិក​បាន​ទទួល​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅក្នុង​តំបន់​អាមេរិក​ខាងជើង ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ១៩៩៤ រវាង​សហរដ្ឋអាមេរិក​និង​កាណាដា​ដែល​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​ធ្វើ​ការ​ចរចា​ឡើងវិញ៕