លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធបានបដិសេធការចេញបទបញ្ជាថ្នាក់ជាតិមួយដែលតម្រូវឲ្យពលរដ្ឋទាំងអស់នៅផ្ទះ ដោយលោកទុកឲ្យរដ្ឋនិមួយៗធ្វើការសម្រេចដោយខ្លួនឯង។ ក៏ ប៉ុន្តែលោកប្រធានាធិបតីថា លោកអាចបញ្ជាឲ្យមានការបញ្ឈប់ការហោះហើររវាងតំបន់មានការផ្ទុះរាតត្បាតនូវជំងឺកូវីដ១៩។
លោក Trump ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា ការសម្រេចចិត្តធ្វើបែបនេះមានការលំបាកដោយសារការបិទការហោះហើរជាការដាក់សម្ពាធថែមទៀតលើវិស័យអាកាសចរណ៍ដែលកំពុងត្រដាបត្រដួសស្រាប់។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានទស្សន៍ទាយថា សូម្បីក្នុងករណីដែលបទបញ្ជាណែនាំឲ្យមានការរក្សាគម្លាតរវាងគ្នានិងពីសង្គមត្រូវបានគេអនុវត្តយ៉ាងតឹងរឹងក្តីនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ក៏នឹងអាចមានពលរដ្ឋអាមេរិកាំងជិត២៥០.០០០អាចស្លាប់ពីការឆ្លងជំងឺកូវីដ១៩។
ចំនួនសរុបនៃអ្នកបានឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនៅសហរដ្ឋអាមេរិកបានកើនលើស២១៥.០០០នាក់គិតត្រឹមថ្ងៃពុធម៉ោងនៅសហរដ្ឋអាមេរិក ដោយមានការស្លាប់កើនលើស៥.០០០នាក់។ ជាង១.៣០០ករណីនៃការស្លាប់បានកើតឡើងនៅបូរីញូវយ៉ក។
អភិបាលរដ្ឋញូវយ៉ក លោក Andrew Cuomo បាននិយាយថា ចំនួនអ្នកបានស្លាប់ក្នុងមួយថ្ងៃចុងក្រោយគឺមាន៣៩១នាក់ នៅក្នុងរដ្ឋនេះ។ លោក Cuomo សម្តែងនូវការរសាយចិត្តចំពោះការដែលពលរដ្ឋខ្លះនៅបូរីញូវយ៉កបន្តមិនស្តាប់តាមការណែនាំអំពីការរក្សាគម្លាតសង្គម ហើយលោកចង់បិទកន្លែងក្មេងលេងក្នុងទីក្រុងនេះ។
កាលពីថ្ងៃពុធ រដ្ឋ Florida Pennsylvania Nevada និង Mississippi បានចេញបញ្ជាឲ្យពលរដ្ឋនៅផ្ទះ៕