ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ បញ្ឈប់​បណ្តោះអាសន្ន​ការ​ធ្វើដំណើរ​មក​ពី​ប្រទេស​ប្រេស៊ីល

បុគ្គលិក​សុខាភិបាល​រុញ​អ្នក​ជំងឺ​កូវីដ១៩​ដើម្បី​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Dr. Ernesto Che Guevara នៅ​ក្នុង​ក្រុង Marica ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ បញ្ឈប់​បណ្តោះអាសន្ន​ការ​ធ្វើ​ដំណើរ​មកពី​ប្រទេស​ប្រេស៊ីល​ដែល​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ច្រើន​ទី២​របស់​ពិភពលោក។

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​ធ្វើ​ការ​សម្រេច​ដោយ​មិន​រារែក​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពលរដ្ឋ​បរទេស​ដែល​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ មិន​ក្លាយ​ជា​ប្រភព​នៃ​ការ​ឆ្លង​បន្ថែម​នៅ​ក្នុង​ប្រទេស​របស់​យើង។ការ​បញ្ឈប់​ការ​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​យប់​ព្រហស្បតិ៍។

ការ​សម្រេច​នេះ​អនុវត្ត​ដល់​ជនបរទេស​ដែល​ចង់​មក​សហរដ្ឋអាមេរិក​ហើយ​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ក្នុង​រយៈពេល​១៤ថ្ងៃ​ចុងក្រោយ​ជា​រយៈពេល​ដែល​ពួក​អ្នក​ជំនាញ​សុខាភិបាល​និយាយ​ថា មនុស្ស​អាច​មាន​ជំងឺ​កូវីដ១៩​ហើយ​ឆ្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​ដោយ​មិន​មាន​បង្ហាញ​រោគសញ្ញា។ លោក​ប្រធានាធិបតី ត្រាំ បាន​ធ្វើ​ការ​ហាមឃាត់​ស្រដៀង​គ្នា​នេះ​ដែរ​មកពី​ប្រទេស​ចិន ចក្រភព​អង់គ្លេស និង​អឺរ៉ុប។

អ្នក​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​សហរដ្ឋអាមេរិក និង​ក្រុម​គ្រួសារ​ជិត​របស់​ពួកគេ​រួចផុត​ពី​បម្រាម​នេះ។

សាកលវិទ្យាល័យ Johns Hopkins របស់​សហរដ្ឋអាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា​រហូត​មក​ទល់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ប្រេស៊ីល​មាន​ជាង​៣សែន​៤ម៉ឺន​៧ពាន់​ករណី​នៃ​មេរោគ​កូរ៉ូណា ដែល​ជា​ចំនួន​ករណី​ឆ្លង​ខ្ពស់​ទី២​បន្ទាប់ពី​សហរដ្ឋអាមេរិក។

ប្រធានាធិបតី​ស្តាំ​និយម​ប្រេស៊ីល​លោក Jair Bolsonaro មិន​អើពើ​ពី​ភាពគ្រោះថ្នាក់​នៃ​មេរោគ​នោះ​អស់​រយៈពេល​ជាច្រើន​ខែ​ដោយ​បាន​ជំរុញ​ឲ្យ​បើក​ឡើង​វិញ​នូវ​ពាណិជ្ជកម្ម​ហើយ​បាន​ច្រានចោល​អនុសាសន៍​ឲ្យ​ស្ថិត​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ជាច្រើន​ដង។

លោក​បាន​ចាត់​ទុក​មេរោគ​នោះ​ថា​ជា «គ្រុន​ផ្តាសាយ​តិចតួច» ហើយ​និយាយ​ថា ការ​ខូចខាត​សេដ្ឋកិច្ច​នឹង​សម្លាប់​មនុស្ស​ច្រើន​ជាង​ជំងឺ​នេះ៕